ភ្នំពេញ៖ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួ យឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្តមបានសំដែងនូវការសាទរ និងជូនពរសម្តេ ចដែលសម្រេចជោគជ័យលើការបោះឆ្នោត។ ក្នុងជំនួបនេះ ឯកឧត្ដមប្រធានាធិបតីបានបញ្ជាក់បន្ថែម ថា ឯកឧត្តមកំពុងទន្ទឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានបញ្ជាក់ថា កិច្ចសន្ទនារវាងសម្តេចតេជោ និងឯកឧត្តម យូកូ វីដូដូ គឺបានផ្ដោតជាសំខាន់ទៅលើការគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន ដែលបានទទួ លជោគជ័យពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដាកន្លងមកថ្មីៗនេះ ដែលការបោះឆ្នោតនោះបានប្រព្រឹត្តទៅប្រកបដោយ សេរី សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈល្អ និងដោយគ្មានអំពើហិង្សា។
ឯកឧត្តម យូកូ វីដូដូ បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមកំពុងទន្ទឹងរង់ចាំធ្វើការជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នាពេលខាងមុខ។ កិច្ចសន្ទនាក៏បានផ្ដោតការយកចិត្តទុកដាក់ទៅលើ បញ្ហាសន្តិសុខស្បៀងផងដែរ ដែលក្នុងនោះឯកឧត្តម យូកូ បានបញ្ជាក់អំពីបំណងចង់នាំអង្ករចេញពីកម្ពុជា ហើយនៅពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមសូមអនុញ្ញាតអំពីសម្ដេចតេជោ ដើម្បីបញ្ជូនប្រតិភូមកពិភាក្សាលើករណីនេះ។
ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវអំណរគុណជូនចំពោះឯកឧត្តម យូកូ វីដូដូ ហើយក៏បានសម្ដែងនូវការស្វាគមន៍ជូនចំពោះប្រតិភូដែលនឹងអញ្ជើញមកពិភាក្សាលើការនាំអង្ករចេញទៅប្រទេសឥណ្ឌូណេស៊ី។ សម្ដេចតេជោ បានលើកឡើងអំពីលទ្ធភាព ដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាចដាក់ទុន វិនិយោគ១០០% នៅកម្ពុជាលើការបង្កើតរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុកនិងបណ្ដាញទិញ ស្រូវ ពីប្រ ជាកសិករ ដើម្បីធានាស្ថិរភាព សម្រាប់ការនាំចេញ៕