Alynana Media Cambodia
Icon Collap
clinic narit

ប្រតិភូ​ឥណ្ឌូនេស៊ី​គ្រោង​មក​កម្ពុជា​ ដើម្បី​ពិភាក្សា​លើ​ការនាំ​អង្ករ​ចេញពី​កម្ពុជា​

Admin Alynana | Aug 12, 2023
ប្រតិភូ​ឥណ្ឌូនេស៊ី​គ្រោង​មក​កម្ពុជា​ ដើម្បី​ពិភាក្សា​លើ​ការនាំ​អង្ករ​ចេញពី​កម្ពុជា​
Clinic narith

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា​កម្ពុជា​នឹង​ស្វាគមន៍​ប្រតិភូ​ឥណ្ឌូនេស៊ី​ដែល​នឹងធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​នាពេលខាងមុខ​ដើម្បី​ពិភាក្សា​លើ​ការនាំ​អង្ករ​ចេញពី​កម្ពុជា​។​

​លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុងជំនួប​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូនេស៊ី នា​ថ្ងៃទី​១១ ខែសីហា​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​លោក ហ៊ុន សែន បានឱ្យដឹងថា កិច្ចសន្ទនា​នេះ​បាន​ផ្ដោតទៅលើ​ការយកចិត្តទុកដាក់​ទៅលើ​បញ្ហា​សន្តិសុខ​ស្បៀង ដែល​ក្នុងនោះ​លោក វី​ដូ​ដូ បានបញ្ជាក់​នូវ​បំណង​ក្នុង​ការនាំ​អង្ករ​ចេញពី​កម្ពុជា ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​លោក​ស្នើសុំ​ការអនុញ្ញាត​ពី​លោក ហ៊ុន សែន ដើម្បី​បញ្ជូន​ប្រតិភូ​មក​ពិភាក្សា​លើ​ករណីនេះ​ផងដែរ​។

​លោក អ៊ាង សុផល្លែត បញ្ជាក់ថា​៖ «​សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍ថា​កម្ពុជា នឹង​ស្វាគមន៍​ចំពោះ​ប្រតិភូ​ឥណ្ឌូនេស៊ី​ដែល​នឹង​មក​កម្ពុជា​នៅពេល​ខាងមុខ ក្នុងការ​ពិភាក្សា​លើ​ការនាំ​អង្ករ​ចេញពី​កម្ពុជា​»​។

​លោក ហ៊ុន សែន លើកឡើង​អំពី​លទ្ធភាព​ដែល​អ្នកវិនិយោគ​ឥណ្ឌូនេស៊ី​អាចដាក់​ទុន​១០០​ភាគរយ​នៅ​កម្ពុជា​លើ​ការបង្កើត​ជា​រោង​ម៉ាស៊ីនកិនស្រូវ ឃ្លាំង​ស្តុក និង​បណ្ដាញ​ទិញស្រូវ​ពី​ប្រជាកសិករ ដើម្បី​ធានា​ស្ថិរភាព​សម្រាប់​ការនាំចេញ​នាពេលខាងមុខ​។​

 

​បើតាម​លោក អ៊ាង សុផល្លែត លោក វី​ដូ​ដូ បាន​បញ្ជាក់ថា លោក​ទន្ទឹងរង់ចាំ​ក្នុងការ​បំពេញការងារ​នានា​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​អាណត្តិ​ថ្មី នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ចុងឆ្នាំ​២០២៣​នេះ​។​

​លោក អ៊ាង សុផល្លែត បញ្ជាក់ថា​៖ «​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែលជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ផងដែរ​»៕​