ប្រាក់ចំណេញសុទ្ធរួមបញ្ចូលគ្នានៅក្រុមហ៊ុនធំៗនៅទូទាំងពិភពលោកបានធ្លាក់ចុះនៅក្នុងអំឡុងត្រីមាសទី២ឆ្នាំនេះ ខណៈដែលការស្ទុះងើបឡើងវិញដ៏រឹងមាំនៅក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមិនអាចប៉ះប៉ូវទាំងស្រុងជាមួយភាពទន់ខ្សោយក្នុងវិស័យខ្លះៗដូចជាទំនិញប្រើប្រាស់ និងសារធាតុគីមីដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបាននោះឡើយ។
ប្រាក់ចំណេញសុទ្ធដែលបានប្រកាស ឬព្យាករទុក របស់ក្រុមហ៊ុនប្រហែល១ម៉ឺន១ពាន់ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅទីផ្សារភាគហ៊ុន សហរដ្ឋអាមេរិក ចិន ជប៉ុន និងអឺរ៉ុបបានធ្លាក់ចុះ៣%ក្នុងឆ្នាំនេះ មកនៅត្រឹមជិត ៩៥៦ពាន់លានដុល្លារប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវនិងវិភាគរបស់ក្រុមហ៊ុន QUICK-FactSet ។ ហើយអាជីវកម្មទាំងនេះ គឺមានប្រហែល ៩០% នៃមូលធនទីផ្សារសរុប។
ប្រាក់ចំណេញជារួមរបស់ក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិកបានកើនឡើងប្រហែល ១០% ដោយសារកម្លាំងជំរុញពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងក្រុមហ៊ុនប៊ឺកសៀ ហាថាវ៉េ (Berkshire Hathaway) របស់មហាសេដ្ឋីលោក វ៉រ៉េន បាប់ហ្វេត (Warren Buffett)។ ចំណែកនៅជប៉ុនវិញ ការស្ទុះងើបឡើងវិញនៃឧស្សាហកម្មរថយន្តបានរួមចំណែកដល់ការកើនឡើងប្រាក់ចំណូលជាង ១០% មិនរាប់បញ្ចូលទាំងក្រុមហ៊ុន SoftBank Group ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើដំណើរការនៃក្រុមហ៊ុនសាខារបស់ខ្លួននោះទេ។
នៅទូទាំងពិភពលោកប្រាក់ចំណេញរបស់ក្រុមហ៊ុនធំៗបានប្រសើរឡើងនៅក្នុងឧស្សាហកម្មចំនួន៨ ក្នុងចំណោម ១៦ឧស្សាហកម្ម ខណៈដែលវិស័យហិរញ្ញវត្ថុមានការកើនឡើងប្រហែល៨០%ដោយសារតែមានកម្លាំងជំរុញរឹងមាំរបស់ក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន JPMorgan Chase និងក្រុមហ៊ុន HSBC Holdings។
ឧស្សាហកម្មរថយន្ត គឺជាវិស័យមួយទទួលបានប្រាក់ចំណូលដ៏លេចធ្លោមួយផ្សេងទៀតដោយគេឃើញក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បានកើនឡើងដល់ជិត៧ពាន់លានដុល្លារនូវប្រាក់ចំណេញសុទ្ធប្រចាំត្រីមាសជាលើកដំបូង ខណៈដែលឧបសគ្គនៃការផ្គត់ផ្គង់ខ្លះៗដូចជាកង្វះខាតបន្ទះឈីបជាដើមបានធូរស្រាលឡើងវិញ។
ទន្ទឹមនឹងនេះក៏មានវិស័យមួយចំនួនបានធ្លាក់ចុះប្រាក់ចំណូលផងដែរ ដោយក្នុងនោះវិស័យ សម្ភារៈ និងថាមពលបានបាត់ប្រាក់ចំណេញប្រហែល៤០%។ ក្រុមហ៊ុនផលិតប្រេងអាមេរិក និងអឺរ៉ុបសំខាន់ៗបានប្រកាសប្រាក់ចំណេញទាបនៅទូទាំងតំបន់នៅចំពេលមានភាពមិនច្បាស់លាស់ពីទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោករួមទាំងប្រទេសចិន និងដោយសារតម្លៃប្រេងធ្លាក់ចុះ។ ក្រុមហ៊ុនប្រេងរបស់អង់គ្លេស BP បានបាត់បង់ប្រាក់ចំណេញ ៨១% ពីកម្រិតប្រាក់ប្រាក់ចំណេញខ្ពស់បំផុតក្នុងរយៈពេល១៤ឆ្នាំមកហើយ។
ឧស្សាហកម្មគីមីដែលបានធ្លាក់ចុះប្រាក់ចំណេញសរុបប្រហែល៦០%នោះគឺជាឧទាហរណ៍ដ៏សំខាន់មួយនៃផលប៉ះពាល់បណ្ដាលមកពីការចុះខ្សោយតម្រូវការពិតប្រាកដនៅក្នុងទីផ្សារដូចជានៅអឺរ៉ុប និងចិនជាដើម៕