កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៣នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ដែលជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ។
នៅក្នុងជំនួបពិភាក្សានេះបានផ្ដោតទៅលើ ការយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខស្បៀង។ ក្នុងនោះលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីបានបញ្ជាក់នៅបំណងក្នុងការនាំអង្ករចេញពីកម្ពុជា ហើយនៅពេលដែលខ្លីខាងមុខនេះឯកឧត្តមសូមអនុញ្ញាតពីសម្ដេចតេជោ ដើម្បីបញ្ជូនប្រតិភូមកពិភាក្សាលើករណីនេះផងដែរ។
ជាការឆ្លើយតប សម្ដេច ហ៊ុនសែន បានសម្ដែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតនៅកម្ពុជាកន្លងទៅថ្មីៗនេះ។
សម្តេច ហ៊ុន សែនក៏បានមានប្រសាសន៍ថាកម្ពុជានឹងស្វាគមន៍ចំពោះប្រតិភូឥណ្ឌូនេស៊ីដែលនឹងមកកម្ពុជានៅពេលខាងមុខ ក្នុងការពិភាក្សាលើការនាំអង្ករចេញពីកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍លើកឡើងអំពីលទ្ធភាពដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាច ដាក់ទុន ១០០% នៅកម្ពុជាលើការបង្កើតជារោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញ ស្រូវពីប្រជាកសិករ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខ។
គួរបញ្ជាក់ផងដែរប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសសមាជិកអាស៊ានដែលមានទំហំសេដ្ឋកិច្ចធំបំផុតរហូតដល់ទៅជាង១ពាន់ពាន់លានដុល្លារជាមួយនឹងប្រជាជនសរុបជាង២៧៣លាននាក់។ ដូច្នេះបើគម្រោងនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារឥណ្ឌូនេស៊ីលេចចេញជារូបរាង នោះកម្ពុជានឹងមានទីផ្សារនាំចេញអង្ករដ៏ធំនៅក្នុងតំបន់អាស៊ានយើងនេះ៕