កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានប្រាក់ចំណូលសរុបជាង២២លានដុល្លារអាមេរិកនៅត្រីមាសទី២ឆ្នាំ កើនឡើងជិត១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីប្រាក់ចំណូលមានការកើនឡើង តែចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅត្រីមាសទី២ឆ្នាំ២០២៣នេះរហូតដល់ប្រមាណ៣៣% បើធៀបនឹងត្រីមាសទី២កាលពីឆ្នាំមុន។
ការធ្លាក់ចុះប្រាក់ចំណេញក្រោយការទូទាត់ និងបង់ពន្ធនេះ ត្រូវបានថ្នាក់ដឹកនាំកំពង់ផែនេះអះអាងថា គឺដោយសារបរិមាណទូកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់កំពង់ផែនេះមានការកើនឡើងតិចតួច គួបផ្សំការថយចុះនៃប្រាក់ចំណេញពីអត្រាប្តូរប្រាក់យ៉េន។
តាមរបាយការណ៍ប្រចាំត្រីមាសទី២ របស់កំពង់ផែស្វយ័តព្រះសីហនុ (កសស )បានបង្ហាញថា នៅត្រីមាសទី២ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តព្រះសីហនុទទួលបានប្រាក់ចំណូលសរុបប្រមាណជាង ២២លានដុល្លារអាមេរិកកើនឡើងចំនួន២០ម៉ឺនដុល្លារ ឬស្មើនឹងជិត១% បើធៀបនឹងត្រីមាសទី២កាលពីឆ្នំា២០២២។ ការកើនឡើងនៃចំណូលសរុបនេះបានមកពីការកើនឡើងនៃចំណូលសេវាកម្មលើកដាក់កុងតឺន័រពីនាវាទៅទីលាន ចំណូលពីសេវាកម្មនាវាចរ និងចំណូលស្តុក ឃ្លាំង និងទីលាន។ ទោះបីប្រាក់ចំណូលមានការកើនឡើង តែប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តនេះបែរជាមានការធ្លាក់ចុះទៅវិញ ពោលគឺនៅត្រីមាសទី២ឆ្នាំនេះកំពង់ផែនេះទទួលបានប្រាក់ចំណេញតែជាង៧លាន២សែនដុល្លារអាមេរិកតែប៉ុណ្ណោះ ធ្លាក់ចុះប្រមាណ៣៣% បើធៀបនឹងត្រីមាសទី២កាលពីឆ្នាំមុន។
ជុំវិញការធ្លាក់ចុះប្រាក់ចំណេញនេះឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានបញ្ជាក់ថា កត្តាដែលធ្វើឲ្យប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានការធ្លាក់ចុះ គឺដោយសារបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់កំពង់ផែនេះមានកំណើនតិចតួច ពោលគឺក្នុងត្រីមាសទី២ឆ្នាំនេះ កុងតឺន័រដែលបានឆ្លងកាត់កំពង់ផែស្វយ័តព្រះសីហនុមានចំនួនជាង២០ម៉ឺនTEUs មានការកើនឡើងចំនួន២ម៉ឺន៣ពាន់ TEUs ឬស្មើនឹងជិត១៣% បើធៀបនឹងត្រីមាសទី២កាលពីឆ្នាំ២០២២។ ការថយចុះនៃប្រាក់ចំណេញពីអត្រាប្តូរប្រាក់យ៉េនរបស់ជប៉ុន ក៏ជាមូលហេតុធ្វើឲ្យប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធរបស់កំពង់ផែនេះមានការថយចុះផងដែរ។
យ៉ាងណាមិញនៅឆមាសទី១ឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានប្រាក់ចំណូលជាង៤១លានដុល្លារថយចុះជិត៣លានដុល្លារឬស្មើនឹងជាង៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរយៈប្រាក់ចំណូលនេះ កំពង់ផែនេះទទួលបានប្រាក់ចំណេញសុទ្ធជាង២៣លានដុល្លារកើនឡើងចំ៤លាន៣សែនដុល្លារ ឬស្មើនឹងជាង២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះហនុមានក្រុមហ៊ុនដឹកជញ្ជូនចំនួន១២ និងកប៉ាល់ចំនួន១៦គ្រឿងក្នុងមួយសប្ដាហ៍ ដែលបានចូលដឹកទំនិញចេញចូលទៀតទាត់។ ទោះយ៉ាងណាសមត្ថភាពកំពង់ផែនេះបច្ចុប្បន្ន គឺអាចឲ្យកប៉ាល់តែប្រមាណ១៨% ប៉ុណ្ណោះ នៃចំនួនកប៉ាល់សរុបនៅក្នុងតំបន់អាចចូលចតបាន។ ដូច្នេះហើយដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាកម្មរបស់អតិថិជន និងការរីកចម្រើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការអភិវឌ្ឍសមត្ថភាពកំពង់ផែនេះ ដើម្បីអាចឲ្យកប៉ាល់ធំៗអាចចូលចតបាន ហើយវានឹងធ្វើឲ្យតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រកាន់តែថយចុះថែមទៀត។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម លូ គឹមឈន់។
សូមជម្រាបថា តាមរយៈរបាយការណ៍ពីកំពង់ស្វយ័តក្រុងព្រះសីហនុ ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅរយៈពេល៥ឆ្នាំចុងក្រោយនេះមានកំណើនជាង១០% ហើយបើគិតក្នុងឆ្នាំ២០២២ កំណើនទូរកុងតឺន័រឆ្លងកាត់កំពង់ផែនេះមានជាង២,៤%។ ក្នុងនោះការនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិកមានច្រើនជាងគេ បន្ទាប់មកសហភាពអឺរ៉ុប ចិន និងប្រទេស និងដែនដីផ្សេងៗទៀត៕