ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍កម្ពុជា-ហុងកុង” នៅ Factory Phnom Penh ។ ក្នុងឱកាសនោះក៏មានវត្តមានចូលរួមជាអគណៈអធិបតីពី អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា, លោកស្រី May Cheng ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Major Global Marketing Co., Ltd, លោក Jacky Leung ស្ថាបនិក និងជាអនុប្រធានកិត្តិយសសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ព្រមទាំង ឯកឧត្តម, លោកជំទាវ, ឧកញ៉ា, លោក, លោកស្រី ជាម្ចាស់ក្រុមហ៊ុន, អ្នកវិនិយោគិន, ពាណិជ្ជករ ចិន និងកម្ពុជាសរុបប្រមាណជា៤០ក្រុមហ៊ុន និង១០០នាក់ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានជម្រាបជូនអង្គពិធីទាំងមូលជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា អស់រយៈពេល៦៥ឆ្នាំ មកហើយ។ តាមរយៈទំនាក់ទំនងការទូតនេះ ភាគីទាំង២ កម្ពុជា-ចិន បានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានឈានឡើងមួយកម្រិតពីមិត្តភាពដែកថែប ទៅជាមិត្ត ភាពកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នាជំរុញសកម្មភាពពាណិជ្ជកម្ម ឱ្យដល់កម្រិតគោលដៅដ៏ប្រសើរមួយ។ កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់តាំងពីឆ្នាំ២០១០ កន្លងមក។ ចំណងមិត្តភាពនេះ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងទ្វេដងនិងទទួលបានផលប្រយោជន៍ទាំងសងខាង។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខ័ណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់ សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាង សហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ។
តាមរយៈគោលនយោបាយវិថីសូត្រខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវ-ត្ស៍ទី២១ រដ្ឋាភិបាល នៃប្រទេសយើងទាំង ២ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នាលើវិស័យសំខាន់ៗ ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព តំបន់សេដ្ឋកិច្ចពិសេស វប្បធម៌ ទេសចរណ៍ ហិរញ្ញវត្ថុ និងការការពារអេកូបរិស្ថាន។ ហើយថ្មីៗ នេះ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ដែលបានចូលជាធរមានកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ។
កត្តាទាំងអស់នេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំង២ កាន់តែរីកចម្រើនមួយកម្រិតទៀត ដោយក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មសរុប កម្ពុជា-ចិន សម្រេចបានជាង ១១,៦៨៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ៥% បើធៀបនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ជាមួយគ្នានេះដែរក្នុងឆ្នាំ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងកុងនៃប្រទេសចិន សម្រេចបានជាង ១ពាន់លានដុល្លា ដែលក្នុងនោះកម្ពុជានាំចេញទៅហុងកុងមានជាង១៨២លានដុល្លារ និងនាំចូលពីហុងកុងវិញជាង ៨២៦លានដុល្លារ។ លើសពីនេះអត្ថប្រយោជន៍ ដែលទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី បានធ្វើឱ្យមានកំណើននៃការនាំចេញជាបន្តបន្ទាប់ ជាក់ស្តែងក្នុងរយៈពេល ត្រីមាសទី១ ដើមឆ្នាំ២០២៣ នេះ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន ចំនួនជាង ៥ ម៉ឺនតោន កើនឡើង៤៩,៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ កន្លងទៅ រីឯការនាំចេញផ្លែចេកស្រស់ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ នេះ កម្ពុជា បាននាំចេញផ្លែចេកស្រស់ ទៅកាន់ទីផ្សារប្រទេសចិន បានជាង ៨ម៉ឺនតោន ដែលមានតម្លៃនាំចេញចំនួន ៥២ លានដុល្លារអាមេរិក។
ចំពោះគម្រោងវិនិយោគវិញ ទោះស្ថិតក្នុងគ្រាលំបាកដែលបណ្តាលមកពីការកើតឡើងនូវជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅ ចិន បានដាក់ទុនវិនិយោគនៅកម្ពុជា មានចំនួន ១៨៦ គម្រោង គិតជាទឹកប្រាក់សរុបចំនួនប្រមាណ ៤,០០០ លានដុល្លារអាមេរិក (ទិន្នន័យទទួលបានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)។
ក្នុងរយៈពេល៧ខែឆ្នាំ២០២៣ នេះការធ្វើពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានទំហំទឹកប្រាក់ ២៧ពាន់លានដុល្លារ ថយចុះ១៥,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២, ការនាំចេញរបស់កម្ពុជាសម្រេចបាន ១៣ពាន់លានដុល្លារ ថយចុះ១,៨% ហើយការនាំចូលវិញមានចំនួន ១៤ពាន់លានដុល្លារ ថយចុះ២៥,៦%។ បើទោះបីជាទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានការថមថយបន្តិចក្តី ប៉ុន្តែទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅតែបន្តកំណើន ដោយក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ នេះ កម្ពុជា-ចិន សម្រេចបានពាណិជ្ជកម្មរួមគ្នាជាង ៧ពាន់លានដុល្លារ កើនឡើង ១,៨% ដែលក្នុងនោះកម្ពុជានាំចេញទៅចិនមានជាង ៨១៤លានដុល្លារ កើនឡើង១៦,២% និងនាំចូលពីប្រទេសចិនមានជាង ៦,២៧លានដុល្លារ កើនឡើង ០,១៤%។
ក្នុងនាមក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម រាជ រ៉ា បានវាយតម្លៃខ្ពស់ និងសូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះគណៈគ្រប់គ្រងក្រុមហ៊ុន Major Global Marketing Co., Ltd ដែលមានលោកស្រី May Cheng ជាតំណាងនៅទីនេះ បានខិតខំដឹកនាំក្រុមហ៊ុន សហគ្រាសធំៗមកពីហុងកុង នាំយកផលិតផលនិងសេវាមកចូលរួមដាក់តាំងបង្ហាញ និងធ្វើជំនួបពាណិជ្ជកម្មជាមួយពាណិជ្ជករកម្ពុជា ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគទៅវិញ ទៅមក រវាងកម្ពុ-ជា និងហុងកុង។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ពិព័រណ៍នេះគឺជាវេទិកានៃជំនួប និងការចាប់ដៃគូរពាណិជ្ជកម្ម (Businesses Matching) រវាងកម្ពុជា-ហុងកុងនៃប្រទេសចិន ដែលនឹងជួយជំរុញឱ្យពាណិជ្ជកម្ម
វិនិយោគ ទេសចរណ៍ នៃកម្ពុជា-ហុងកុងនៃប្រទេសចិនកាន់តែមានលំហូរកាន់តែខ្លាំងខ្លាបន្ថែមទៀត។
ឯកឧត្តម រាជ រ៉ា បានស្នើសុំគណៈកម្មការរៀបចំពិព័រណ៍ ខិតខំប្រមូលកៀគរពាណិជ្ជករ ក្រុមហ៊ុនសហគ្រាសហុងកុង និងមកពីតំបន់ផ្សេៗនៃប្រទេសចិន មកចូលរួមព្រឹត្តិការណ៍ពិព័រណ៍ឱ្យបានច្រើនថែមទៀតនៅប្រទេសកម្ពុជា។ ទន្ទឹមនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តម បានជម្រាបជូនអង្គពិធីថា ក្រសួងរីករាយក្នុងការចូលរួមសហការ និងជួយសម្រួលបែបបទផ្សេងៗ ដល់ការស្នើសុំរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ទោះនៅទីនេះ ឬគ្រោងនឹងរៀបចំនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ឬមជ្ឈមណ្ឌលពិព័រណ៍នានា៕