Alynana Media Cambodia
Icon Collap
clinic narit

តុលាការកំពូលថៃ ផ្ដន្ទាទោសលោក ថាក់ស៊ីន ដាក់ពន្ធនាគារ ៨ឆ្នាំ ក្រោយវិលត្រឡប់ចូលស្រុកវិញ

Media LNN | Aug 22, 2023
តុលាការកំពូលថៃ ផ្ដន្ទាទោសលោក ថាក់ស៊ីន ដាក់ពន្ធនាគារ ៨ឆ្នាំ ក្រោយវិលត្រឡប់ចូលស្រុកវិញ
Clinic narith

(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗ ហើយបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីរូបលោកវិលត្រឡប់ ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួននៅឯបរទេសអស់១៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

លោក ថាក់ស៊ីន បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Don Mueang នៃទីក្រុងបាងកក នៅម៉ោង៩៖០០ព្រឹកនេះ តាមរយៈយន្ដហោះឯកជនមួយដែល បានចាកចេញដំណើរពីប្រទេសសិង្ហបុរី។ ក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន ជាច្រើនស្លៀកពាក់អាវពណ៌ក្រហម បានប្រមូលផ្ដុំគ្នានៅក្បែរព្រលានយន្ដហោះ សម្រាប់យន្ដហោះឯកជន នៃអាកាសយានដ្ឋាន Don Mueang ដើម្បីរង់ចាំទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។ នៅពេលមកដល់ទឹកដីថៃ លោក ថាក់ស៊ីន បានឱនគោរពព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃ និងមួយសន្ទុះក្រោយមក ទើបប៉ូលិសថៃនាំលោក ថាក់ស៊ីនឡើងរថយន្ដឆ្ពោះទៅកាន់ តុលាការកំពូលថៃ ជាទីដែលលោកត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ តុលាការកំពូលថៃបានសម្រេចផ្ដន្ទាទោសអតីតនាយករដ្ឋមន្ត្រីថៃវ័យ ៧៤រូបនេះដាក់ពន្ធនាគារ ៨ឆ្នាំ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ធ្លាប់បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងរូបលោក និងអះអាងថាមានចេតនានយោបាយ។ មុននឹងការ វិលត្រឡប់ចូលស្រុកវិញ លោក ថាក់ស៊ីន ក៏ត្រូវបានគេរាយការណ៍ដែរថាអាចនឹងស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រថៃ៕