រាជរដ្ឋាភិបាលកម្ពុជាគ្រោងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅគ្រប់ឃុំ-សង្កាត់នៅតាមខេត្តគោលដៅដែលមានអាទិភាពខ្ពស់លើវិស័យកសិកម្មទូទាំងប្រទេស ដើម្បីផ្តល់ជាប្រឹក្សា និងបណ្តុះបណ្តាលជំនាញកសិកម្មដល់កសិករ សំដៅអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ទន្ទឹមនឹងនេះប្រមុខរាជរដ្ឋាភិបាលជំរុញឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើសមន្ត្រីជំនាញកសិកម្ម ដែលត្រូវដាក់ពង្រាយនៅតាមខេត្តទាំងនោះឲ្យបានច្បាស់លាស់ និងត្រូវជំនាញ។
សម្រាប់រាជរដ្ឋាភិបាលវិស័យនៅកម្ពុជានឹងមិនអាចដើរទាន់ប្រទេសជិតខាងបានឡើយ ប្រសិនបើកម្ពុជានៅតែបន្តប្រើប្រាស់បច្ចេកវិទ្យា និងពូជរបស់ប្រទេសដទៃ ដែលកត្តានេះរាជរដ្ឋាភិបាលជំរុញឲ្យក្រសួងកសិកម្មបង្កើនការសិក្សាស្រាវជ្រាវលើការបង្កាត់ពូជថ្មីៗជូនកសិករ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានត្រៀមកញ្ចប់ថវិកា១០០លានដុល្លារសម្រាប់ត្រៀមអន្តរាគមន៍លើផលិតផលកសិកម្ម និងបន្លែរបស់កសិករ ក្នុងករណីផលិតផលទាំងនេះមានការធ្លាក់ថ្លៃខ្លាំង និងជួបបញ្ហាខ្វះទីផ្សារ។
នាពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត១ម៉ឺន៨ពាន់នាក់នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ សីហា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងពីគោលនយោបាយសំខាន់ៗមួយចំនួនដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងត្រូវអនុវត្តនៅក្នុងអាណត្តិទី៧នេះ។ គោលនយោបាយមួយក្នុងចំណោមគោលនយោបាយសំខាន់ៗទាំងនោះ គឺរាជរដ្ឋាភិបាលគ្រោងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមគ្រប់ឃុំសង្កាត់ក្នុងខេត្តទូទាំងប្រទេស ដែលមានអាទិភាពខ្ពស់លើវិស័យកសិកម្ម។ គោលបំណងនៃការដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនេះ គឺដើម្បីឲ្យមន្ត្រីជំនាញទាំងនោះផ្តល់ការប្រឹក្សា និងបណ្តុះបណ្តាលជំនាញធ្វើកសិកម្មដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅរួចចំណែកជួយអភិវឌ្ឍន៍វិស័យកម្មកម្ពុជាឲ្យកាន់តែមានភាពប្រកួតប្រជែង និងរីកចម្រើនបន្ថែមទៀត។
ជុំវិញការដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឲ្យឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជ្រើសរើសមន្ត្រីជំនាញឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងមានជំនាញច្បាស់លាស់ដែលអាចបម្រើផលប្រយោជន៍ជូនប្រជាកសិករពិតប្រាកដ។ បន្ថែមលើនេះរាជរដ្ឋាភិបាលលើកទឹកចិត្តឲ្យក្រសួងកសិកម្មផ្តល់អាទិភាពដល់និស្សិត ដែលរៀនជំនាញកសិកម្ម ដើម្បីផ្តល់ឱកាសឲ្យពួកគេបានប្រើប្រាស់ជំនាញដែលខ្លួនបានរៀនក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងពង្រាយ រាជរដ្ឋាភិបាលជំរុញឲ្យមានការបណ្តុះបណ្តាលជំនាញបន្ថែម និងថែរក្សាមន្ត្រីជំនាញទាំងនោះឲ្យបានល្អ និងមានចីរភាព។
សម្រាប់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ការជ្រើសរើសមន្ត្រីខុសជំនាញមិនត្រឹមតែធ្វើបាបរាជរដ្ឋាភិបាលនោះទេ តែវាក៏បានធ្វើបាបដល់អ្នកដែលគេមានជំនាញលើកិច្ចការងារនេះ និងប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលស្នើឲ្យមន្ត្រី ដែលគ្មានឆន្ទៈកុំចូលបម្រើការងារតាមក្រសួង-ស្ថាប័ន គ្រាន់តែចង់បានតួនាទី ហើយផ្លាស់ប្តូរទៅកាន់ក្រសួង-ស្ថាប័នផ្សេងឲ្យសោះ។
បើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា១០០លានដុល្លារ សម្រាប់ត្រៀមអន្តរាគមន៍លើកសិផល និងផលិតផលកសិកម្មរបស់ប្រជាកសិករដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗ នៅពេលផលិតផលទាំងនោះជួបបញ្ហាធ្លាក់ថ្លៃ និងបញ្ហាខ្វះទីផ្សារជាដើម។ កញ្ចប់ថវិកានេះ ក៏នឹងប្រើប្រាស់ក្នុងការងារចាំបាច់ពាក់ព័ន្ធវិស័យកសិកម្មមួយចំនួនទៀតរបស់រាជរដ្ឋាភិបាលផងដែរ។
យើងសង្កេតឃើញថានៅមួយរយៈចុងក្រោយនេះការនាំចេញកសិផល និងផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមិនទាន់បង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នោះទេ ក្រោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែនបានដាក់សម្ពាធលើសេដ្ឋកិច្ចសកល ជំរុញកំណើនអតិផរណា និងទាញទម្លាក់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ជាក់ស្តែងនៅក្នុងរយៈពេល៧ខែកន្លងទៅ ការចេញកសិផលរបស់កម្ពុជាសម្រេចបានជាង៤លាន៥សែនតោន ដែលគិតជាទឹកប្រាក់មានទំហំជាង២ពាន់៧រយលានដុល្លារអាមេរិក។ ក្នុងចំណោមកសិផលទាំងនេះ កម្ពុជាបាននាំអង្ករសម្រេចបានជាង៣៦ម៉ឺនតោន គិតជាទឹកប្រាក់ជាង៣រយលានដុល្លារ និងនាំចេញស្រូវបានជាង១លាន៥សែនតោន ដែលមានទំហំទឹកប្រាក់ជាង៥រយលានដុល្លារ៕