រុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងគោលដៅក្នុងតំបន់ចំនួនប្រាំមួយរបស់រុស្ស៊ី រួមទាំងការវាយប្រហារលើអាកាសយានដ្ឋានមួយនៅភាគខាងលិចនៃទីក្រុង Pskov ដែលមានទីតាំងនៅជិតព្រំដែននៃប្រទេសឡាតវី និងអេស្តូនី ជាកន្លែងដែលយន្តហោះដឹកជញ្ជូនយោធាត្រូវបានរាយការណ៍ថាបានខូចខាត មានការផ្ទុះ និងភ្លើងឆេះដ៏ធំ។
នៅក្នុងអ្វីដែលអាចជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតលើទឹកដីរុស្ស៊ី ចាប់តាំងពីការឈ្លានពានពេញលេញរបស់ទីក្រុងម៉ូស្គូមកលើអ៊ុយក្រែនកាលពីឆ្នាំមុននោះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីព្រឹកថ្ងៃពុធថា យន្តហោះគ្មានមនុស្សបើកក៏ត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Orlov, Bryansk, Ryazan, Kaluga និងតំបន់ម៉ូស្គូផងដែរ។
រុស្ស៊ីក៏បានបើកការវាយប្រហារដោយកាំជ្រួច និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងទីក្រុងគៀវនៅព្រឹកថ្ងៃពុធ ដែលត្រូវបានពិពណ៌នាថាជាការវាយប្រហារដ៏មានឥទ្ធិពលបំផុតលើរដ្ឋធានីអ៊ុយក្រែនក្នុងរយៈពេលជាច្រើនខែ ដែលបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងម្នាក់រងរបួស នេះបើតាមអភិបាលក្រុងលោក Vitali Klitschko បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ។
យោងតាមអាជ្ញាធរបានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបំផ្លាញមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាង ២០ គ្រឿងក្នុងការវាយប្រហាររបស់រុស្ស៊ី ហើយឆ្មាំសន្តិសុខពីរនាក់ត្រូវបានសម្លាប់ដោយការធ្លាក់កម្ទេចកម្ទី ។
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ដែលដកស្រង់ពីសេវាសង្គ្រោះបន្ទាន់ បាននិយាយនៅមុននេះបន្តិចថា យន្តហោះដឹកជញ្ជូនធុនធ្ងន់ Il-76 ចំនួនបួនគ្រឿង ដែលជារបស់យោធារុស្ស៊ីបានរងការខូចខាតនៅឯអាកាសយានដ្ឋានក្នុងតំបន់ Pskov ភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល៦៦០ គីឡូម៉ែត្រខាងជើងព្រំដែនអ៊ុយក្រែន ។ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តាមសេចក្តីរាយការណ៍ពីអាកាសយានដ្ឋាន បានបង្ហាញពីផ្សែងខ្មៅយ៉ាងក្រាស់ហុយពេញអាកាសយានដ្ឋាន ដោយមានអ្នកស្រុករាយការណ៍ថាបានឮសំឡេងផ្ទុះខ្លាំងៗ និងការបាញ់កាំភ្លើង។