ក្រោយពីឈ្នះការបោះឆ្នោតអាណត្តិថ្មីគណបក្សភឿថៃនៅតែប្រកាន់ជំហនូវគោលនយោបាយរបស់ខ្លួនដែលបានសន្យាថានឹងផ្ដល់ថវិកាចំនួន១ម៉ឺនបាត(ប្រមាណជិត៣០០ដុល្លារ) ដល់ប្រជាជនថៃដែលមានអាយុចាប់ផ្ដើមពី១៦ឆ្នាំឡើងទៅ។ មកដល់ពេលនេះគម្រោងនេះពិតជាច្បាស់ការហើយថែមទាំងផ្ដល់ជូនពលរដ្ឋថៃមុនថ្ងៃសង្រ្កាន្តឆ្នាំក្រោយទៀតផង។
តាមការចុះផ្សាយរបស់ Bangkok Post បានឲ្យដឹងថាគម្រោងផ្ដល់ថវិកា១ម៉ឺនបាតនេះ រដ្ឋាភិបាលថៃរំពឹងថានឹងផ្ដល់ឲ្យជាលក្ខណៈកាក់ឌីជីថលដើម្បីគាំទ្រនូវគម្រោងកាបូបលុយឌីជីថល។ យ៉ាងណាមិញការផ្ដល់លុយដល់ពលរដ្ឋជាលក្ខណៈឌីធីថលនេះតម្រូវឲ្យមានការអនុម័តពីធនាគារកណ្ដាលថៃសិនព្រោះការប្រើប្រាស់លុយឌីជីថលក្នុងការទូទាត់មិនទាន់ត្រូវបានអនុញ្ញាតនៅក្នុងប្រទេសថៃនៅឡើយទេ។
បច្ចុប្បន្នរដ្ឋាភិបាលថ្មីរបស់ថៃកំពុងប្រឹក្សាជាមួយក្រសួងហិរញ្ញវត្ថុនិងគណកម្មការមូលបត្ររបស់ថៃពីវិធីក្នុងការបោះផ្សាយលុយឌីជីថលនៃគម្រោងផ្ដល់លុយដល់ពលរដ្ឋថៃ។ បើយោងតាមក្រុមហ៊ុនមូលបត្រ Asia Plus Securities( ASPS) បានឲ្យដឹងថារដ្ឋាភិបាលរំពឹងថានឹងបោះកាក់ឌីជីថលក្នុងគោលបំណងប្រើប្រាស់ជាក់លាក់ហើយលុយឌីជីថលនេះនឹងមិនអាចជួញដូរនៅក្នុងទីផ្សារទ្រព្យឌីជីថលបានឡើយ។
កាលពីពេលថ្មីៗនេះ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីរបស់ថៃបានបញ្ជាក់ថាកាបូបលុយឌីជីថលសម្រាប់ដាក់លុយផ្ដល់ឲ្យពលរដ្ឋនឹងដាក់ដំណើរការនៅដើមឆ្នាំក្រោយហើយពលរដ្ឋថៃនឹងទទួលបានថវិកាយ៉ាងយូរមុនខែមេសាពោលគឺមុនថ្ងៃសង្រ្កាន្តឆ្នាំថ្មីនៅឆ្នាំក្រោយនេះ។
យ៉ាងណាមិញគម្រោងថវិកាផ្ដល់ឲ្យពលរដ្ឋគឺត្រូវមានលក្ខខណ្ឌជាក់លាក់ដូចជាពលរដ្ឋអាចចាយលុយទិញទំនិញប្រើប្រាស់តែក្នុងរង្វង់៤គីឡូម៉ែតជុំវិញតំបន់ដែលខ្លួនរស់នៅប៉ុណ្ណោះ ដូច្នេះមានន័យថាពលរដ្ឋថៃបានលុយនេះហើយមិនអាចយកទៅដើរចាយបានតាមកន្លែងផ្សេងៗតាមចិត្តឬចាយនៅក្រៅប្រទេសបានទេ។
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថ្មីរបស់ថៃធ្លាប់លើកឡើងនៅក្នុងវេទិកាឃោសនារកសំលេងឆ្នោតនាពេលកន្លងទៅថាកញ្ចប់ថវិកាដែលផ្ដល់ឲ្យពលរដ្ឋតាមមូលដ្ឋានម្នាក់១ម៉ឺនបាតនឹងជួយដល់កំណើនសេដ្ឋកិច្ចថៃខណៈការចំណាយរបស់ពលរដ្ឋនឹងផ្ដល់ផលប្រយោជន៍ទៅក្នុងសេដ្ឋកិច្ចនៃវិស័យជាច្រើនក្នុងប្រទេសថៃ ជាពិសេសគោលនយោបាយនេះនឹងជួយកំណើនផលិតផលក្នុងស្រុកសរុប(GDP) ប្រមាណ៥%រៀងរាល់ឆ្នាំអំឡុងពេលបក្សភឿថៃកាន់កាប់អំណាយក្នុងរយៈពេល៤ឆ្នាំ៕