ឥណ្ឌាដែលប្រើប្រាស់ប្រេងធំជាងគេទីបីរបស់ពិភពលោក បានកាត់បន្ថយការនាំចូលប្រេងពីទីក្រុងមូស្គូក្នុងខែសីហា ដែលជាខែទី៣ នៃការធ្លាក់ចុះ មកត្រឹម១,៥៧លានបារ៉ែលក្នុងមួយថ្ងៃ ដែលថយចុះ២៤ភាគរយធៀបនឹងខែមុន។
ការស្រេកឃ្លានប្រេងរបស់ឥណ្ឌាចំពោះប្រេងដែលមានតម្លៃថោកពីរុស្ស៊ីបានថយចុះនៅក្នុងខែសីហានេះ ដោយសារភ្លៀងមូសុងបានកាត់បន្ថយតម្រូវការ ស្របពេលដែលក្រុមហ៊ុនចម្រាញ់ប្រេងបានរៀបគម្រោងថែទាំប្រព័ន្ធឡើងវិញ។
យោងតាមក្រុមហ៊ុនទិន្នន័យ Kpler ប្រទេសប្រើប្រាស់ប្រេងធំជាងគេទី៣ របស់ពិភពលោកបានកាត់បន្ថយការនាំចូលប្រេងពីទីក្រុងមូស្គូក្នុងខែសីហា ដែលជាខែទី៣ នៃការធ្លាក់ចុះជាបន្តបន្ទាប់មកត្រឹម ១,៥៧លានប៉ារ៉ែលក្នុងមួយថ្ងៃថយចុះ ២៤ភាគរយបើធៀបខែមុន។
ដូច្នេះហើយ ខែសីហាបានក្លាយជាខែដែលឥណ្ឌាបាននាំចូលប្រេងពីរុស្ស៊ីតិចបំផុតចាប់តាំងពីខែមករាឆ្នាំនេះ។
ទិន្នន័យនៅក្នុងខែសីហាបានបង្ហាញថា រោងចក្រចម្រាញ់ប្រេងរបស់ឥណ្ឌាក៏បានកាត់បន្ថយការនាំចូលពីអ្នកផ្គត់ផ្គង់អ៊ីរ៉ាក់ចំនួន ១០ភាគរយមកនៅត្រឹម ៨៤៨ពាន់ប៉ារ៉ែលក្នុងមួយថ្ងៃ។
បរិមាណមួយចំនួន ត្រូវបានជំនួសដោយការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលពីអារ៉ាប៊ីសាអូឌីតកើនដល់ ៦៣ភាគរយធៀបខែមុនកើនដល់ ៨៥០ពាន់ប៉ារ៉ែលក្នុងមួយថ្ងៃ។
ការប្រើប្រាស់ប្រេងឆៅរបស់ឥណ្ឌាបានកើនឡើងចាប់តាំងពីឆ្នាំមុន ដោយឈានដល់កម្រិតខ្ពស់បំផុតចំនួន ២,១៥លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែឧសភា។
យ៉ាងណាមិញ រោងចក្រចម្រាញ់ប្រេង Mangalore នៅរដ្ឋ Karnataka ភាគនិរតីនៃប្រទេសឥណ្ឌាដែលមានសមត្ថភាពចម្រាញ់ ៣០១ពាន់បារ៉ែលក្នុងមួយថ្ងៃ បានកាត់បន្ថយការនាំចូលពីរភាគបី។
លោក Viktor Katona អ្នកវិភាគប្រេងឆៅនៅ Kpler បាននិយាយថា ការទិញដោយក្រុមហ៊ុន Reliance Industries Ltd. មានមូលដ្ឋាននៅទីក្រុង Mumbai បានធ្លាក់ចុះមកនៅត្រឹម ១,១លានបារ៉ែលក្នុងមួយថ្ងៃ ដែលពីមុនជាមធ្យមចន្លោះពី១,២ ទៅ ១,៣ លានបារ៉ែល ដោយមានផែនការបិទមួយផ្នែកនៃការចម្រាញ់ប្រេងឆៅនៅក្នុងខែកញ្ញា។ .
ការនាំចូលប្រេងឆៅសរុបរបស់ឥណ្ឌាធ្លាក់ចុះ ៧ភាគរយនៅខែសីហាមកត្រឹម ៤,៣៥ លានបារ៉ែលក្នុងមួយថ្ងៃ។ បើតាមលោក Viktor Katona ការនាំចូលប្រេងរបស់រុស្ស៊ីទំនងជានឹងកើនឡើងវិញចាប់ពីខែតុលា ព្រោះតម្រូវការនឹងកើនឡើងក្នុងត្រីមាសទី៤ ហើយនឹងមិនមានការថែទាំរោងចក្រក្នុងទ្រង់ទ្រាយធំណាមួយនៅខែបន្ទាប់ទៀតទេ៕