(ភ្នំពេញ)៖ ខេត្ដកណ្ដាលឈរលេខរៀងទី៣ ជាខេត្ដដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ ខណៈដែលបច្ចុប្បន្នបានកំពុងផ្ដល់ការងារជូនពលរដ្ឋជាង ១៥ ម៉ឺននាក់។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការនី នៅក្រុងតាខ្មៅ ខេត្ដកណ្ដាលកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។
ថ្លែងនៅក្នុងពិធីខាងលើឯកឧត្ដមរដ្ឋន្ដ្រីបានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននៅខេត្តកណ្តាលមានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករនិយោជិតជាង១៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ៤៧៣លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៧១ មានកម្មករនិយោជិតសរុបជាង១៣ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជាង៤១១លានដុល្លារក្នុងមួយឆ្នាំ និងជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន»។
គួរជម្រាបផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ខេត្ដកណ្ដាលក៏ទើបនឹងទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីចំនួន ៣ កន្លែងទៀតផងដែរ ដែលវិនិយោគក្រុមហ៊ុនដូចខាងក្រោម៖
១. ក្រុមហ៊ុន “EVERGREAT (CAMBODIA) SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល មានទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៦០កន្លែង។
២. ក្រុមហ៊ុន “JUN BO SHENG SHOE MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង មានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៦៨កន្លែង។
៣. ក្រុមហ៊ុន “SMART PACKAGING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១០កន្លែង៕