មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា មកទល់ពេលនេះ វិស័យអាកាសចរណ៍កម្ពុជាបានវិលមករកភាពល្អប្រសើរបានជាង៥០% ហើយ បើធៀបនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ មន្ត្រីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិក រំពឹងថា វិស័យនេះ អាចនឹងវិលមកភាពរកប្រក្រដីភាពដូចពេលមិនទាន់មានវិបត្តិកូវីដ-១៩ នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ខាងមុខនេះ។
ទោះយ៉ាងណាវិស័យនេះ នៅតែអាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ភាពតានតឹងភូមិសាស្ត្រនយោបាយសកល ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន និងជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកផុតទាំងពីរ គឺអាមេរិក និងចិន។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា វិស័យអាកាសចរណ៍កម្ពុជាអាចនឹងវិលមករកភាពល្អប្រសើរឡើងវិញដូចឆ្នាំ២០១៩ ដែលជាឆ្នាំមិនទាន់មានការឆ្លងរាតត្បាតកូវីដ-១៩ នៅត្រឹមចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។ បច្ចុប្បន្ន វិស័យអាកាសចរណ៍កម្ពុជាត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះវាយតម្លៃថា បានវិលមករកភាពល្អប្រសើរបានជាង៥០% ហើយ បើធៀបនឹងឆ្នាំ២០១៩។ ទោះយ៉ាងណាវិស័យនេះ ទំនងជាមិនអាចវិលមករកភាពល្អប្រសើរដូចការព្យាករបានឡើយ ប្រសិនបញ្ហាប្រឈមមួយចំនួនដូចជា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងតំបន់មិនត្រូវបានដោះស្រាយ ឬមានភាពធូរស្បើយ។
ភាពល្អប្រសើរនៃវិស័យអាកាសចរណ៍វាអាស្រ័យលើភាពល្អប្រសើរនៃវិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដ្បិតវិស័យទាំងពីរនេះ ជាកត្តាចម្បងក្នុងការរួមចំណែកជួយជំរុញកំណើន និងធ្វើឲ្យប្រសើរឡើងនៃវិស័យអាកាសចរណ៍។ យ៉ាងណាមិញនៅឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ស្របពេលដែលនៅក្នុងរយៈពេល៧ខែមកនេះ កម្ពុជាស្រូបទាញភ្ញៀវទេសចរអន្តរជាតិបានជាង៣លាននាក់។
ជុំវិញស្ថានភាពវិស័យទេសចរណ៍នេះដែរឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជានឹងមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសឯកឧត្តមរំពឹងការដាក់ឲ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅពាក់កណ្តាលខែតុលា ឆ្នាំនេះនឹងជួយស្រូបទាញភ្ញៀវទេសចរ និងក្រុមហ៊ុនអាកាសចរណ៍ថ្មីៗឲ្យចូលមកកម្ពុជាបន្ថែមទៀត។
ដើម្បីរួមចំណែកជួយបង្កើនទំនុកចិត្ត និងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ធំៗឲ្យហោះហើរចូលកម្ពុជាបន្ថែមទៀត រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកាលពីពេលថ្មីៗ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជនជាមួយក្រុមហ៊ុន Albans Management ស្តីពីការបង្កើតក្រុមហ៊ុនផ្តល់សេវាសន្តិសុខអាកាសចរណ៍ ស៊ីឃ្យូរីធី អេវីអេសិនកម្ពុជា ហៅកាត់ថាសកម្ម ដើម្បីដល់សេវាសន្តិសុខអាកាសចរណ៍ដល់អាកាសយានដ្ឋានអន្តរជាតិទាំងអស់នៅកម្ពុជា៕