កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៤៣ កំពុងតែរៀបចំឡើងនៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញា។ ប្រធានបទជាច្រើន នឹងត្រូវលើកយកមកពិភាក្សា ក្នុងនោះមានដូចជា វិបត្តិមីយ៉ាន់ម៉ា បម្រែបម្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងព្រំដែន និងបញ្ហាសន្តិសុខស្បៀងជាដើម។ តើមេដឹកនាំប្រទេសអាស៊ានណាខ្លះ បង្ហាញវត្តមាននៅឥណ្ឌូណេស៊ី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នេះ?
កិច្ចប្រជុំកំពូលអាស៊ាន ត្រូវចាត់ទុកជាវេទិកាជជែកដេញដោលដ៏សំខាន់មួយនៅក្នុងថ្នាក់តំបន់ ដោយមេដឹកនាំនៃប្រទេសអាស៊ាន និងប្រទេសដៃគូ អាចជួបគ្នា និងលើកយកបញ្ហាសំខាន់ៗ ទៅជជែកពិភាក្សា ក៏ដូចជាបន្ធូរបន្ថយភាពតានតឹង។ យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នេះ មេដឹកនាំអាស៊ានមួយចំនួន ត្រូវអវត្តមាន ដោយសារមូលដ្ឋានផ្សេងៗ ខណៈមេដឹកនាំថ្មី ដូចជាកម្ពុជាជាដើម ត្រូវបង្ហាញវត្តមានជាលើកដំបូង ក្នុងកិច្ចប្រជុំនេះ។
សម្តេចហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៤ ខែសីហា បានចាប់ផ្តើមធ្វើដំណើរទៅឥណ្ឌូណេស៊ីហើយ ដើម្បីចូលរួមកិច្ចប្រជុំតំបន់មួយនេះជាលើកដំបូង ចាប់តាំងកាន់តំណែងជានាយករដ្ឋមន្រ្តីនៅក្នុងខែសីហា។ មេដឹកនាំកម្ពុជារូបនេះ អាចជួបជាមួយមេដឹកនាំផ្សេងទៀត ទាំងមេដឹកនាំបណ្តាប្រទេសអាស៊ាន ឬមេដឹកនាំនៃបណ្តាប្រទេសដៃគូអាស៊ាន ក្នុងគោលបំណងជជែកពីកិច្ចសហប្រតិបត្តិការផ្សេងៗ។
មិនតែប៉ុណ្ណោះ លោក Xanana Gusmao នាយករដ្ឋមន្រ្តីទីម័រខាងកើត អាចចូលរួមកិច្ចប្រជុំអាស៊ានជាលើកដំបូងផង។ កន្លងមក អាស៊ាន បានឯកភាពជាគោលការណ៍ទទួលយកទីម័រខាងកើតជាសមាជិក។
ស្របគ្នានេះ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នឹងមិនបង្ហាញវត្តមាននៅឥណ្ឌូណេស៊ីឡើយ ដោយសារគណៈរដ្ឋមន្រ្តីថ្មី មិនទាន់ស្បថចូលកាន់តំណែង។ ទាក់ទិននឹងបញ្ហានេះ ក្រសួងការបរទេសថៃ នៅថ្ងៃទី៣ ខែកញ្ញា បានបញ្ជាក់ថា លោក Sarun Charoensuwan លេខាធិការអចិន្រ្តៃយ៍នៃក្រសួងការបរទេស នឹងចូលរួមជំនួស។
ទន្ទឹមនេះ អាស៊ាន នៅតែបន្តជំហរអញ្ជើញតំណាងមិនមែននយោបាយមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំ ក្រោមហេតុផលរដ្ឋប្រហារនៅពេលកន្លងមក។
ដោយឡែក ម៉ាឡេស៊ីឯណោះវិញ លោកនាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម នឹងដឹកនាំមន្រ្តីរបស់ខ្លួនទៅកិច្ចប្រជុំអាស៊ានលើកទី៤៣។ រដ្ឋមន្រ្តីការបរទេស, រដ្ឋមន្រ្តីវិនិយោគ ឧស្សាហកម្ម និងពាណិជ្ជកម្ម រួមទាំងមន្រ្តីផ្សេងទៀត នឹងអមដំណើរនាយករដ្ឋមន្រ្តី។
ស្របគ្នានេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ក៏បង្ហាញវត្តមានដែរ ដោយលោកអាចជំរុញឱ្យអាស៊ានចេញសេចក្តីថ្លែងការណ៍រួមទាក់ទិននឹងសកម្មភាពចិននៅសមុទ្រចិនខាងត្បូង។ នៅថ្ងៃទី៤ ខែកញ្ញា លោក ផាម មិញឈិញ នាយករដ្ឋមន្រ្តីវៀតណាម ក៏បានធ្វើដំណើរទៅឥណ្ឌូណេស៊ីដែរ។
បន្ថែមពីនេះ ស្តេចសុលតង់ព្រុយណេ Hassanal Bolkiah, នាយករដ្ឋមន្រ្តីឡាវ លោក Sonexay Siphandone ក៏នឹងចូលរួមកិច្ចប្រជុំអាស៊ានផងដែរ ដើម្បីពិភាក្សាពីបញ្ហាផ្សេងៗ។ យ៉ាងណាមិញ ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង ចូលរួមកិច្ចប្រជុំអាស៊ាន មិនទាន់មានឡើយ ប៉ុន្តែលោកអាចនឹងចូលរួមកិច្ចប្រជុំកំពូលមួយនេះ។
ចំណែកលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី នឹងធ្វើជាប្រធានផ្លាស់វេននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ មុននឹងផ្តល់ញញួរទៅឱ្យឡាវ ធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២៤។
សូមបញ្ជាក់ថា ប្រធានបទជាច្រើន នឹងត្រូវលើកយកមកពិភាក្សា ក្នុងនោះមានដូចជា វិបត្តិមីយ៉ាន់ម៉ា បម្រែបម្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងព្រំដែន សមុទ្រចិនខាងត្បូង ថាមពល និងបញ្ហាសន្តិសុខស្បៀងជាដើម៕