អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនភីធីធី (ខេមបូឌា) អនុវត្ដគម្រោងជំរុញ និងបង្កើតការលក់ផលិតផលខ្មែរ នៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត ក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុក និងផលប្រយោជន៍សហគមន៍។
ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានបន្ដអនុវត្ដគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១៧៖០០រសៀល ក្នុងរាជធានី-ខេត្ដ ចំនួន ១១ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១២ ដែលមានដូចជា៖ ស្ថានីយប្រេងឥន្ធនៈភីធីធីព្រៃកី រាជធានីភ្នំពេញ ស្ថានីយប្រេងឥន្ធនៈភីធីធីអូរចារ ខេត្ដបាត់ដំបង ស្ថានីយប្រេងឥន្ធនៈភីធីធីផ្ដៅជុំ២ (ស្គន់) ខេត្ដកំពង់ចាម ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់ ស្ថានីយប្រេងឥន្ធនៈភីធីធីឧដ្ដុង្គ និងក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង ស្ថានីយប្រេងឥន្ធនៈភីធីធីបន្ទាយមានជ័យ ខេត្ដបន្ទាយមានជ័យ ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្វាយរៀង ខេត្ដស្វាយរៀង ស្ថានីយប្រេងឥន្ធនៈភីធីធីស្វាយអន្ទរ ខេត្ដព្រៃវែង ស្ថានីយប្រេងឥន្ធនៈភីធីធីក្រចេះក្រុង ខេត្ដក្រចេះ ស្ថានីយប្រេងឥន្ធនៈភីធីធីឃ្លាំងលើ ខេត្ដព្រះសីហនុ និងនៅស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្ទឹងត្រែងជិតរង្វង់មូលថ្មីខេត្ដស្ទឹងត្រែង ដោយដាក់តាំងលក់ផលិតផលដូចជា៖ អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ជាដើម។
ក្រសួងបានជូនដំណឹងដល់ប្រជាពលរដ្ឋប្រកបរបរជាលក្ខណៈគ្រួសារមិនទាន់មានកន្លែងលក់ដូរ អាចលក់ដូរនៅគម្រោងទីតាំងខាងលើ ដោយធ្វើការទំនាក់ទំនងទៅក្រសួងពាណិជ្ជកម្មតាមលេខទូរសព្ទ៖ ០១២ ៨៥១ ២៣៩, ០៩៩ ៩៥៤ ៥៦៥, ០៨៩ ៣៦០ ៣៣៣ ឬធ្វើការទំនាក់ទំនងទៅមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ដគោលដៅខាងលើ៕