ចំនួនអ្នកទេសចរបរទេសដែលចូលមកកម្សាន្តនៅកម្ពុជាបានកើនជាលំដាប់ ក្រោយវិបត្តិ ជំងឺកូវីដ-១៩។ ជាក់ស្តែងរយៈពេល៨ខែមកនេះ មានភ្ញៀវជិត៥០ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានថវិកាប្រមាណ២៣លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហាឆ្នាំ ២០២៣ ភ្ញៀវបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៤៩៨ ៥១៣ នាក់។ ចំនួននេះកើន ដល់៣៥០,៨៦ ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ ២០២២។ ចំណែកថវិកាដែល បានពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសវិញ គឺបាន ២៣,០៩ លានដុល្លារ កើន ៤១៩,៥៨ ភាគរយ។
សូមជម្រាបថា តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជាបីប្រភេទ។ ក្នុងនោះសំបុត្រចូលទស្សនា សម្រាប់១ថ្ងៃមានតម្លៃ៣៧ដុល្លារ, រយៈពេល៣ថ្ងៃមានតម្លៃ ៦២ដុល្លារ និងសំបុត្រសម្រាប់រយៈពេល៧ថ្ងៃ គឺមានតម្លៃ៧២ដុល្លារ។
ក្រៅពីលក់សំបុត្រចូលរមណីយដ្ឋានអង្គរនេះ គ្រឹះស្ថានអង្គរ ក៏រកបានចំណូល ជិត៥០ម៉ឺនដុល្លារដែរ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាប្រាសាទកោះកេរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
កាលឆ្នាំ ២០២២ គ្រឹះស្ថានអង្គរទទួលលបានចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេសបានត្រឹម ១១, ៧៨ លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះចំណូលពីរមណីយដ្ឋានអង្គរមានជាង១១លានដុល្លារ, ចំណូលពីប្រាសាទកោះកែរបាន៩ម៉ឺនដុល្លារ និងចំណូលពីកំពង់ផែចុងឃ្នៀសបានប្រមាណ១៦ម៉ឺនដុល្លារ។ នេះបើតាមគ្រឹះស្ថានអង្គរ៕