Alynana Media Cambodia
Icon Collap
clinic narit

តើអាមេរិកដំឡើងការប្រាក់ដុល្លារ ជាច្រើនដងដើម្បីអ្វី?

Admin Alynana | Sep 06, 2023
តើអាមេរិកដំឡើងការប្រាក់ដុល្លារ ជាច្រើនដងដើម្បីអ្វី?
Clinic narith

ចាប់តាំងពីបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្ដើមមក សហរដ្ឋអាមេរិកតាមរយៈធនាគារកណ្ដាលរបស់អាមេរិក( Federal Reserve) បានសម្រេចដំឡើងការប្រាក់ដុល្លារជាច្រើនលើកច្រើនសារពោលគឺដំឡើងការប្រាក់ដុល្លារមិនក្រោម១០ដងនោះទេ។

បងប្អូនជាច្រើនប្រហែលជាមិនទាន់ដឹងច្បាស់ទេថាតើ អាមេរិកដំឡើងការប្រាក់ដុល្លារនេះគេដំឡើងដោយរបៀបណា ហើយវាមានន័យដូចម្ដេច?

គោលបំណងដែលធនាគារកណ្ដាលរបស់អាមេរិកដំឡើងការប្រាក់គឺដើម្បីឲ្យអតិផរណាថយចុះ។ អតិផរណាគឺមាន័យទំនិញឡើងថ្លៃលុយចុះថោក។ អតិផរណានៅអាមេរិកបានចាប់ផ្ដើមកើនឡើងតាំងពីវិបត្តិកូវីដ១៩ ដោយសាររតែអាមេរិកបោះពុម្ពលុយច្រើនដើម្បីឧបត្ថម្ភដល់គ្រួសារប្រជាជនអាមេរិកអំឡុងកូវីដ១៩។ ក្រោយមកទៀតបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលរំខានដល់សង្វាក់ផលិតកម្មធ្វើឲ្យការផលិតទំនិញកាន់តែតិចដូច្នេះហើយធ្វើឲ្យកើតមានវិបត្តិអតិផរណា។ 

ពេលអតិផរណាកើនឡើងដែលមាន័យថាទំនិញឡើងថ្លៃលុយចុះថោកបានធ្វើឲ្យប៉ះពាល់ដល់មនុស្សទូទាំងពិភពលោកពោលគឺទំនិញនិងសេវាកម្មកាន់តែឡើងថ្លៃខណៈលុយកាន់តែចុះថោកដែលធ្វើឲ្យពួកគាត់ត្រូវខំប្រឹងរកលុយឲ្យបានច្រើនជាងមុនដើម្បីឲ្យចាយគ្រប់គ្រាន់ក្នុងការរស់នៅ ហើយក្នុងនោះប្រជាជនដែលមានចំណូលទាបប៉ះពាល់ខ្លាំងពោលពួកគាត់រស់នៅខ្វះខាតលុយចាយព្រោះតែទំនិញឡើងថ្លៃតែចំណូលនៅដដែល។

តាមពិតទៅអាមេរិកដំឡើងការប្រាក់ដុល្លារនេះមានន័យថាដំឡើងទាំងការប្រាក់កម្ចីនិងការប្រាក់សន្សំនៅធនាគារ ហើយគោលបំណងនៃការដំឡើងការប្រាក់នេះដូចបានរៀបរាប់ខាងលើរួចហើយថាដើម្បីឲ្យអតិផរណាធ្លាក់ចុះ។

 ត្រូវដឹងថាធនាគារបានលុយឲ្យអ្នកខ្ចីក៏ដោយសារពួកគាត់ខ្ចីលុយពីធនាគារផ្សេងមួយផ្នែកដែរ។ នៅសហរដ្ឋអាមេរិកធនាគារដែលមានសាច់លុយសល់ ពួកគាត់បើកគណនីសន្សំនៅធនាគារកណ្ដាលរបស់អាមេរិក។ ត្រង់នេះពេលធនាគារមួយចង់បានទុនដើម្បីផ្ដល់កម្ចី ពួកគាត់នឹងស្វែងរកធនាគារណាដែលបានបើកគណនីសន្សំនៅធនាគារកណ្ដាលអាមេរិកព្រោះធនាគារដែលបើកគណនីសន្សំនៅធនាគារកណ្ដាលមានន័យពួកគាត់សល់លុយដែលអាចឲ្យធនាគារផ្សេងខ្ចីបាន។

យ៉ាងណាមិញធនាគារដែលដាក់ប្រាក់សន្សំនៅធនាគារកណ្ដាលអាមេរិកគឺត្រូវបានអនាគារកណ្ដាលអាមេរិកកំណត់ការប្រាក់ជាក់លាក់ ទាំងការប្រាក់សន្សំនិងការប្រាក់កម្ចី។ ដូច្នេះពេលធនាគារកណ្ដាលដំឡើងការប្រាក់នឹងធ្វើឲ្យការប្រាក់នៅធនាគារអាមេរិកទាំងការប្រាក់សន្សំនិងប្រាក់កម្ចីកាន់តែឡើងថ្លៃព្រមគ្នា។

ពេលការប្រាក់កាន់តែឡើងថ្លៃមានន័យថាការប្រាក់កម្ចីផ្សេងៗដូចជា កម្ចីអចលនទ្រព្យ កម្ចីកាតឥណទាន កម្ចីទិញឡាន កម្ចីទិញផ្ទះនិងកម្ចីផ្សេងៗទៀតនឹងឡើងថ្លៃដូចគ្នា។ នៅពេលការប្រាក់កម្ចីឡើងថ្លៃធ្វើឲ្យប្រជាជននិងម្ចាស់អាជីវកម្មលែងចង់ខ្ចីលុយព្រោះការប្រាក់ថ្លៃពេក មួយវិញទៀតមនុស្សនឹងចំណាយលុយតិចជាងមុនជាពិសេសអ្នកចាយលុយតាមកាត់ឥណទានព្រោះការប្រាក់ថ្លៃជាងមុនខ្លាំង។ 

សរុបទ្រឹស្ដីជារួមនូវអ្វីដែលបានរៀបរាប់នៅកថាខណ្ឌខាងលើគឺពេលមនុស្សមិនសូវចាយលុយឬចាយលុយតិចជាងមុន ហើយពេលការចំណាយរបស់ប្រជាជននៅក្នុងប្រទេសមួយធ្លាក់ចុះ នោះតម្រូវការនៃទំនិញឬផលិតផលលើទីផ្សារថយចុះដូចគ្នា។ ជាលទ្ធផលកាលណាទំនិញមួយមនុស្សមិនសូវត្រូវការនោះធ្វើឲ្យតម្លៃនៃទំនិញមួយនោះនឹងធ្លាក់ថ្លៃ ហើយពេលទំនិញនិងសេវាកម្មថយចុះនោះអតិផរណានឹងថយចុះដូចគ្នា៕