នេះពិតជាដំណឹងល្អមួយ ដែលថ្មីៗនេះមានក្រុមហ៊ុនដេហាន់ ខូភើរ៉េត របស់ប្រទេសកូរ៉េ បានបង្ហាញពីគោលបំណងក្នុងការមកបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទីកនៅខេត្តព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយដោយរដ្ឋបាលខេត្តព្រះសីហនុ។
លោក KIM SANG YOUNG អភិបាលក្រុមហ៊ុន ដេហាន់ ខូភើរ៉េត ប្រទេសកូរ៉ បាននិយាយថា ក្រុមហ៊ុន របស់លោកបាន និងកំពុងដំណើរការកែច្នៃសំណល់ប្លាស្ទីកនៅកោះ ចេជូ ប្រទេសកូរ៉េ ហើយក្រុមហ៊ុនមានបំណងមកធ្វើការ កែច្នៃសំណល់ប្លាស្ទឹកនៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមកាត់បន្ថយថង់ប្លាស្ទឹកនៅកម្ពុជា និងកែច្នៃសំណល់ប្លាស្ទីកឱ្យទៅជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ។
លោកបានបន្តថា កាលមុនជំងឺកូវីដ១៩រាតត្បាត ក្រុមហ៊ុនរបស់លោក បានបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ប្រមូលទិញសំណល់ប្លាស្ទីកក្នុងមួយគីឡូក្រាម តម្លៃ២៥០រៀល រហូតដល់ ៧០០រៀល ក៏ប៉ុន្តែដោយការ ប្រមូលទិញមិនមានបរិមាណ គ្រប់ក្នុងការផលិត គួបផ្សំនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ក្រុមហ៊ុនបានបិទរោងចក្រកែច្នៃ សំណល់ប្លាស្ទីករហូតមកដល់ថ្ងៃនេះ។
ប៉ុន្តែ នាពេលនេះក្រុមហ៊ុនមានគោលបំណងចង់មកធ្វើការញែកសំរាមកែច្នៃសំណល់ប្លាស្ទីកនៅខេត្តព្រះសីហនុ ដោយធ្វើការញែកនៅក្នុងទីលានចាក់សំរាមញែកយកតែសំណល់ប្លាស្ទីកមកផលិតជាសម្ភារប្រើប្រាស់ផ្សេងៗបម្រើ ឱ្យតម្រូវការប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានស្វាគមន៍ ក្រុមហ៊ុនកូរ៉េ ដែលមានបំណងចង់មកធ្វើរោងចក្រញែកសំរាម កែច្នៃ សំណល់ប្លាស្ទីកនៅ ខេត្តព្រះសីហនុ រដ្ឋបាលខេត្តសូមគាំទ្រយ៉ាងពេញទំហឹង និងផ្តល់ដីឱ្យក្រុមហ៊ុនសម្រាប់ ធ្វើរោងចក្រនៅទីលានចាក់សំរាមថែមទៀតផង ក៏ប៉ុន្តែមិនប្រគល់ដីជាកម្មសិទ្ធិនោះទេ ។
ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំឱ្យ ប្រធានមន្ទីរ បរិស្ថានខេត្តព្រះសីហនុ នាំប្រតិភូឱ្យ ទៅសិក្សានៅទីលានចាក់សំរាម ដោយសារសំរាមនៅ កម្ពុជា គឺជាសំរាមចម្រុះ ដែលមិនទាន់ញែកមានដូចជា សំណល់ផ្ទះបាយ សំណល់ប្លាស្ទីក និងសំណល់ជាច្រើប្រភេទទៀត ដើម្បីឱ្យ ក្រុមហ៊ុនយកទៅសិក្សាមានមូលដ្ឋានក្នុងការបំពាក់ ម៉ាស៊ីនញែកសំរាមឱ្យបានត្រឹមត្រូវ រើសយកតែសំណល់ប្លាស្ទីក។ សង្ឃឹមថា ក្រុមហ៊ុននឹង សិក្សាស៊ីជម្រៅ ដើម្បីឈានទៅបំពាក់ម៉ាស៊ីនញែក បង្កើតជារោងចក្រកែច្នៃ សំណល់ប្លាស្ទីក នៅក្នុងខេត្តព្រះសីហនុនៅពេលខាងមុខ៕