ឥទ្ធិពលនៃការកើនឡើងតម្លៃរបស់ប្រាក់ដុល្លារ បន្ទាប់ពីធនាគារកណ្ដាលអាមេរិកចាត់វិធានការដំឡើងអត្រាការប្រាក់ទប់ទល់នឹងអតិផរណា បានធ្វើឱ្យរូបិយប័ណ្ណបរទេសជាច្រើនប្រឈមជាមួយនឹងការធ្លាក់ថ្លៃ ខ្លាំងរាប់ចាប់តាំងពីប្រទេសតូចៗ រហូតដល់ប្រទេសធំៗដូចជាចិន និងជប៉ុនជាដើម ព្រមទាំងប្រទេសចាយលុយអឺរ៉ូជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Cryptopolitan។
ដុល្លារជារូបិយវត្ថុរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសមហាសេដ្ឋកិច្ចលំដាប់ទីមួយនៅលើពិភពលោក ទើបបានជានៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសផ្សេងៗ ត្រូវធ្វើការជួញដូរទូទាត់ដោយប្រើប្រាស់ប្រាក់ដុល្លារ។ ទន្ទឹមនឹងនោះប្រទេសនីមួយៗក៏មានអត្រាប្ដូរប្រាក់ធៀបគ្នាជាមួយនឹងប្រាក់ដុល្លារអាមេរិក ដូច្នេះហើយប្រសិនបើដុល្លារឡើងថ្លៃ រូបិយប័ណ្ណរបស់ប្រទេសទាំងនោះនឹងធ្លាក់ថ្លៃមិនខាន។
ឧទាហរណ៍ដូចជាប្រទេសកម្ពុជាយើងផ្ទាល់ តាំងពីដើមមកយើងមានអត្រាប្ដូរប្រាក់ធៀបនឹងប្រាក់ដុល្លារ ហើយកាលពីមុនលុយ ១ដុល្លារ ធ្លាប់ប្ដូរបាន ៤,០០០រៀល ប៉ុន្តែពេលនេះ ១ដុល្លារដូចគ្នា ប្ដូរបានដល់ទៅ ៤,១៤២រៀល (គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣)។
បច្ចុប្បនេះមិនមែនមានតែប្រទេសកំពុងអភិវឌ្ឍន៍ដូចយើងទេ ដែលប្រឈមជាមួយនឹងផលប៉ះពាល់ពេលដែលប្រាក់ដុល្លារឡើងថ្លៃ សូម្បីតែចិន ព្រមទាំងជប៉ុនក៏ជួបបញ្ហាដែរ។ ទន្ទឹមនឹងនោះ តំបន់ប្រទេសដែលចាយប្រាក់អឺរ៉ូ ក៏រងសម្ពាធពាណិជ្ជកម្ម ដោយសារតែឥទ្ធិពលរបស់ប្រាក់ដុល្លារដូចគ្នា។
សូមជម្រាបផងដែរថា ធនាគារកណ្ដាលរបស់ប្រទេសចិន និងជប៉ុន បានបដិសេធមិនព្រមប្រើប្រាស់គោលនយោបាយដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់ជាមួយនឹងការធ្លាក់ថ្លៃរបស់ប្រាក់យ៉េន និងប្រាក់យន់ ដើម្បីតតាំងជាមួយនឹងកការឡើងថ្លៃរបស់ប្រាក់ដុល្លារឡើយ។ ផ្ទុយទៅវិញ ធនាគារកណ្ដាលរបស់ចិន សុខចិត្តជ្រើសរើសវិធានការដោយពង្រឹងធនាគារក្នុងស្រុកឱ្យរឹតបន្ដឹងសាច់ប្រាក់ និងបង្កើនការប្រើប្រាស់ប្រាក់យន់ជំនួសវិញ៕