Alynana Media Cambodia
Icon Collap
clinic narit

គ្រោះរញ្ជួយដី សាហាវបំផុត នៅប្រទេសម៉ារ៉ុក ផ្តាច់ជីវិតមនុស្សជាង ២ពាន់នាក់

Admin Alynana | Sep 11, 2023
គ្រោះរញ្ជួយដី សាហាវបំផុត នៅប្រទេសម៉ារ៉ុក ផ្តាច់ជីវិតមនុស្សជាង ២ពាន់នាក់
Clinic narith

ព្រះមហាក្សត្រ Mohammed ទី៦ របស់ប្រទេសម៉ារ៉ុក បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលបីថ្ងៃ ខណៈគិតត្រឹមព្រឹកថ្ងៃចន្ទទី១១ខែកញ្ញា តួលេខមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ បានកើនឡើងដល់២១២២នាក់ និង២៤២១នាក់រងរបួស ខណៈភាគច្រើនគឺរបួសធ្ងន់។

យោងតាមព្រះបរមរាជវាំង, អង្គភាពការពារស៊ីវិលត្រូវបានដាក់ពង្រាយ ដើម្បីជួយផ្តល់ឈាម ទឹក ស្បៀងអាហារ តង់ និងភួយ។

គ្រោះមហន្តរាយថ្ងៃសុក្រទី៨ខែកញ្ញា គឺជាការរញ្ជួយដីដែលសម្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលជាង៦០ឆ្នាំ។ វាបានវាយប្រហារតំបន់ភ្នំ ភាគខាងត្បូងទីក្រុង Marrakesh។

ពេលនេះ ម៉ារ៉ុក ត្រូវប្រឹងប្រែងឲ្យទាន់ពេលវេលា ដើម្បីជួយសង្គ្រោះអ្នកដែលជាប់ក្រោមគំនរបាក់បែក ខណៈសេវាសង្គ្រោះបន្ទាន់ កំពុងតស៊ូដើម្បីផ្គត់ផ្គង់នៅតាមតំបន់ដាច់ស្រយាល។

អ្នក​ភូមិ បានប្រើ​ដៃរើបំណែកថ្ម​និងយក​ប៉ែលជីក ​ដើម្បី​ស្វែង​រក​អ្នក​នៅ​រស់ ខណៈ​ក្រុម​ឆ្លើយ​តប​ ប្រើប្រាស់​គ្រឿងចក្រ។ ឧបករណ៍ទាំងនោះក៏ប្រហែលជាត្រូវការ ដើម្បីរៀបចំផ្នូរសម្រាប់មនុស្សរាប់ពាន់នាក់ដែលបាត់បង់ជីវិតផងដែរ។

អគារជាច្រើន ត្រូវបាក់រលំរាបដល់ដីនៅក្នុងទីក្រុង Amizmiz ចម្ងាយប្រហែល៥៥គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Marrakesh។ ទីក្រុងចាស់របស់ Marrakesh ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក៏រងការខូចខាតយ៉ាងដំណំផងដែរ។

អគារមន្ទីរពេទ្យក្នុងតំបន់ គឺមិនមានសុវត្ថិភាពឡើយ ដូច្នេះហើយ អ្នកជំងឺត្រូវបានព្យាបាលនៅក្នុងតង់ នៃបរិវេណមន្ទីរពេទ្យជំនួសវិញ។

មកទល់ពេលនេះ មានប្រទេសជាច្រើនប្រកាសផ្តល់ជំនួយរួមមាន ចក្រភពអង់គ្លេស អេស្ប៉ាញ កាតា បារាំង សហរដ្ឋអាមេរិក និងតួកគីជាដើម៕