កម្មករប្រហែល ១៤៦,០០០នាក់ គ្រោងនឹងធ្វើកូដកម្មនៅសប្តាហ៍នេះ ប្រសិនបើក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors, Ford និង Stellantis មិនយល់ព្រមលើការទាមទារតម្លើងប្រាក់ឈ្នួលរបស់ពួកគេ និងការស្តារឡើងវិញនូវសម្បទានដែលកម្មករបានធ្វើកាលពីឆ្នាំមុននៅពេលក្រុមហ៊ុនមានបញ្ហាហិរញ្ញវត្ថុ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន PBS។
សហជីព (UAW) បានស្នើសុំដំឡើងប្រាក់ឈ្នួលទូទៅចំនួន ៤៦% ក្នុងរយៈពេល៤ឆ្នាំ ដែលធ្វើឲ្យកម្មករកម្រិតកំពូលទទួលបានពី ៣២ដុល្លារ ឡើងដល់ ៤៧ដុល្លារក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ UAW ក៏បានទាមទារឲ្យបញ្ចប់នូវកម្រិតនៃប្រាក់ឈ្នួលខុសៗគ្នាសម្រាប់ការងាររោងចក្រ, ធ្វើការ៣២ម៉ោងជាមួយនឹងប្រាក់ឈ្នួល៤០ម៉ោង, ការស្តារឡើងវិញនូវប្រាក់សោធននិវត្តន៍សម្រាប់កម្មករថ្មី, និងការដំឡើងប្រាក់ឈ្នួលរស់នៅ ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀត។
យ៉ាងណាមិញ តំណាងក្រុមហ៊ុនបានបដិសេធការទាមទាររបស់សហជីពថាខ្ពស់ខ្លាំងពេក វានឹងធ្វើឱ្យពួកគេប្រឈមនឹងការចំណាយដែលនឹងបង្ខំឱ្យតម្លៃលក់រាយរថយន្តឡើងថ្លៃ ដោយត្រូវកំណត់តម្លៃក្រុមហ៊ុនផលិតរថយន្តក្រុង Detroit លើសពីដៃគូប្រកួតប្រជែងមកពីអឺរ៉ុប និងអាស៊ី។
ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក Shawn Fain ដែលជាប្រធានសហជីពនៃ United Auto Workers (UAW) បានគំរាមនឹងធ្វើកូដកម្មណាមួយក្នុងចំណោមក្រុមហ៊ុនទាំងបី បើដល់ពាក់កណ្តាលយប់ថ្ងៃព្រហស្បត្តិ៍ហើយ នៅពុំទាន់ឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងតាមកិច្ចសន្យានៃភាគីទាំងពីរ (កម្មករ និងក្រុមហ៊ុន) ច្បាស់លាស់ទៀត។
គួរជម្រាបផងដែរថា ក្រុមហ៊ុនមានសាច់ប្រាក់ច្រើនក្នុងដៃ ដើម្បីទប់ទល់នឹងកូដកម្មនេះ រីឯសហជីពមានមូលនិធិកូដកម្មចំនួន ៨២៥ លានដុល្លារ។ ប៉ុន្តែគ្រប់យ៉ាងនឹងត្រូវរលាយអស់ក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ ប្រសិនបើកម្មករទាំង ១៤៦,០០០នាក់ សម្រេចចិត្តដើរចេញពីការងារ៕