ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីសេចក្តីព្រាងច្បាប់ទំាងពីរនេះ ត្រូវបានគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធី។
ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តលើគម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ២០២៤ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅគម្រោងថវិកាជាតិ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ផងដែរ៕