៨ខែមកនេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម ជាមួយប្រទេសដៃគូអន្តរជាតិបានប្រមាណ៣២ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានជាង១៥,៦៩ពាន់លានដុល្លារ កើន០,៣ភាគរយ ខណៈការនាំចូលធ្លាក់ចុះ២៥,២ភាគរយ។ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ស្ថិតិជញ្ជីងពាណិជ្ជកម្មអន្តរជាតិកម្ពុជារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ប្រទេសជាដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា នារយៈពេល៨ខែមកនេះ មានប្រទេសចិន ដែលសម្រេចទំហំពាណិជ្ជកម្មជាមួយកម្ពុជា បានជាង៨ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចូលរបស់កម្ពុជា ពីប្រទេសនេះមានដល់៧,១ពាន់ដុល្លារ។
បន្ទាប់មក គឺសហរដ្ឋអាម៉េរិក ដែលសម្រេចទំហំពាណិជ្ជកម្មជាមួយកម្ពុជា បានក្នុងរង្វង់៦,២ពាន់លានដុល្លារ ដោយការនាំចូលមានត្រឹម១៦០លានដុល្លារប៉ុណ្ណោះ ខណៈការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសមហាអំណាចពិភពលោកមួយនេះមានដល់ ៦,១ពាន់លានដុល្លារ។
វៀតណាម ជាដៃគូពាណិជ្ជកម្មលំដាប់ទី៣របស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មរួមគ្នា៤,៣ពាន់ដុល្លារ ក្នុងរយៈពេល៨ខែមកនេះ។ ក្នុងនោះមាន ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជិតខាងកើតមួយមានទំហំប្រមាណ១,៨ពាន់លានដុល្លារ។ សម្រាប់កម្ពុជា-ថៃ សម្រេចទំហំពាណិជ្ជកម្មបានជាង២,៥ពាន់លានដុល្លារ ដោយការនាំចេញរបស់កម្ពុជាមានជាង៦៤០មានដុល្លារ។
ជាមួយគ្នានេះ កម្ពុជា-ជប៉ុន សម្រេចពាណិជ្ជកម្មរួមគ្នាបាន១,២ពាន់លានដុល្លារ ដោយការនាំចេញរបស់កម្ពុជាមានជាង ៧៧០លានដុល្លារ។ រីឯពាណិជ្ជកម្មរវាងកម្ពុជា-សិង្ហបុរី គឺសម្រេចបានក្នុងទំហំទឹកប្រាក់១,១ពាន់លានដុល្លារ ដោយការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសមួយនេះមានជិត ៤៧៧លានដុល្លារ។
គួរជម្រាបថា កាលឆ្នាំ២០២២ ទឹកប្រាក់ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមាន៥២,៤ពាន់លានដុល្លារ កើន៩,២ភាគរយ ធៀបទៅនឹងឆ្នាំ២០២១ ដែលមានចំនួនជាង ៤៨ ពាន់លានដុល្លារ។ ទឹកប្រាក់ដែលកម្ពុជាប្រមូលបានពីការនាំទំនិញទៅទីផ្សារអន្តរជាតិ មានប្រមាណ២២,៤ ពាន់លានដុល្លារ កើនឡើង ១៦,៤ ភាគរយ។ រីឯទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិមានតម្លៃ ជិត៣០ពាន់លានដុល្លារ កើនឡើង ៤,៣ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕