Alynana Media Cambodia
Icon Collap
clinic narit

មន្ត្រី​បក្ស​កុម្មុយនីស្ត​ចិន​មក​កម្ពុជា ​ពិភាក្សា​ពី​ការពង្រឹង​កិច្ចសហការ​ប្រឆាំង​អំពើពុករលួយ​អន្តរជាតិ​

Admin Alynana | Sep 12, 2023
មន្ត្រី​បក្ស​កុម្មុយនីស្ត​ចិន​មក​កម្ពុជា ​ពិភាក្សា​ពី​ការពង្រឹង​កិច្ចសហការ​ប្រឆាំង​អំពើពុករលួយ​អន្តរជាតិ​
Clinic narith

ភ្នំពេញៈ ​គណៈប្រតិភូ​នៃ​គណៈ​កម្ម​ការ​អធិការកិច្ច​វិន័យ នៃ​បក្ស​កុម្មុយនីស្ត​ចិន ប្រចាំខេត្ត​ហឺ​ណាន និង​គណៈកម្មការ​ត្រួត​ពិនិត្យ​កិច្ចការ​ខេត្ត​ហឺ​ណាន បានមក​សិក្សា​ស្វែងយល់ ពិភាក្សា និង​ផ្លាស់ប្តូរ​បទពិសោធន៍ ព្រម​ទាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(​អ​.​ប​.​ព​) របស់​កម្ពុជា ពាក់ព័ន្ធ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​អន្តរជាតិ​។​

​យោងតាម​ការផ្សព្វផ្សាយ​របស់ អ​.​ប​.​ព តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក នា​យប់​ថ្ងៃទី​ ១០ ខែកញ្ញា បាន​លើកឡើងថា ការពិភាក្សា​និង​ពង្រឹង​កិច្ចសហ ប្រតិបត្តិការ​នៃ​ស្ថាប័ន​ទាំង ​២​ នេះ​ធ្វើឡើង​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​មន្ត្រី​គណបក្ស​កុម្មុយនីស្ត​ចិន និង​គណៈកម្មការ​ត្រួត​ពិនិត្យ​កិច្ច​ការ​ប្រចាំខេត្ត​ហឺ​ណាន​នៅ​កម្ពុជា​រយៈពេល ៣​ ថ្ងៃ ចាប់ពី​ថ្ងៃទី ​១០ ដល់​ថ្ងៃទី​ ១២ ​កញ្ញា​ឆ្នាំ​ ២០២៣​។​

​លោក​ សយ ច័ន្ទ​វិចិត្រ អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយបានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​នៃ​គណៈប្រតិភូ​ចិន​មកកាន់ អ​.​ប​.​ព​.​ លើក​នេះ មាន​គោលដៅ​ពង្រីក​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ រវាង​ប្រទេស​ទាំង​ ២ និង​រវាង​ខេត្ត​ហឺ​ណាន​និង អ​.​ប​.​ព​។

​លោក​បន្តថា ប្រតិភូ​ចិន​មក​ស្វែងយល់​ពី​ចំណុច​សំខាន់ៗ ក្នុងនោះ​មានច្បាប់​ប្រឆាំង​អំពើ​រលួយ​របស់​កម្ពុជា និង​ពិសេស​ការ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ព្រមទាំង​ពិភាក្សា​លើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការប្រមូល​ត្រឡប់​​វិញ​នូវ​ទ្រព្យ​ជា​ផល​នៃ​បទល្មើស និង​ការជួយ​គ្នា​ទៅវិញទៅមក លើ​ទិដ្ឋភាព​ច្បាប់​។​

​លោក​ សយ ច័ន្ទ​វិចិត្រ សង្កត់ធ្ងន់ថា​៖ «​ទស្សនកិច្ច​របស់​គណៈ​ប្រតិ​ភូ​ចិន​ក្នុង​ពេលនេះ មាន​សារៈ​សំខាន់​ក្នុងការ​ពង្រឹង​និង​ពង្រីក​បន្ថែម​លើ​ការងារ​ប្រឆាំង​អំពើ​ពុករលួយ ខណៈ​កន្លងមក​ប្រទេស​ទាំង​ ២ បាន​សហការគ្នា​បានល្អ​តាមរយៈ​ការជួយ​គ្នា​លើ​ផ្នែក​ច្បាប់ ការផ្លាស់ប្តូរ​ទស្សនៈ​តា​ម​អង្គភាព​ជំនាញ ការចែករំលែក​បទ​ពិ​សោ​​ធន៍ ការជួយ​ស៊ើបអង្កេត​មុខសញ្ញា​ជាដើម​»​។ បើតាម​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី ​១១ ​ខែកញ្ញា​ លោក​ ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ដឹកនាំ​មន្ត្រី​ជួប​ពិ​ភា​ក្សា​ទ្វេភាគី​ជាមួយ​គណៈប្រតិភូ​ខេត្ត​ហឺ​ណាន​។​

 

​លោក​ទេសរដ្ឋមន្ត្រី​ ឱម យ៉ិនទៀង បាន​មានប្រសាសន៍​នាឱកាស​នោះ ពី​ព័ត៌មាន​សង្ខេប​អំពី អ​.​ប​.​ព​., ប្រវត្តិ​បង្កើត​ច្បាប់ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​, រចនាសម្ព័ន្ធ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រួម​នឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អន្តរជាតិ​នានា​ផងដែរ​។​

​អ​.​ប​.​ព​.​ បាន​បន្តថា៖ «​លោក​ទេសរដ្ឋមន្ត្រី បាន​គាំទ្រ​ចំពោះ​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់​ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក ត្រង់​ទៅ​ត្រង់​មក រវាង​គណៈកម្មការ​អធិការកិច្ច​វិន័យ​ខេត្ត​ហឺ​ណាន​និង អ​.​ប​.​ព ហើយ​និង​រីករាយ​ឆ្លើយតប​រាល់​សំណូមពរ​របស់​គណៈប្រតិភូ​»​។

​បើ​យោងតាម អង្គភាព​ប្រឆាំង​អំពើពុករលួយ នា​ជំនួប​នោះដែរ លោកស្រី QuXiaoli សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្រៃ្ត​យ៍ នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន ខេត្ត​ហឺ​ណាន ក៏បាន​លើកឡើង​ដែរ​ថា លោកស្រី និង​គណៈ​ប្រតិភូ​រីករាយ​ដែល​បាន​ជួបប្រជុំ​ជាមួយ​លោក ​ឱម យ៉ិនទៀង​ និង​សហការី​នាពេលនេះ​។​

​តាមរយៈ អ​.​ប​.​ព លោកស្រី​មានប្រសាសន៍ថា​៖ «​ទំនាក់ទំនង ចិន​-​កម្ពុ​ជាមាន​ចំណង​មេត្រី​រាប់​ពាន់​ឆ្នាំ​មកហើយ ហើយ​ឆ្នាំនេះ ថ្នាក់ដឹកនាំ​ទាំង​ ២ គឺ​លោក​ប្រធានាធិបតី ស៊ី ជីន​ភីង និង​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ បាន​រំឭក​ពី​មិត្តភាព ថា ជា​ឆ្នាំ​មិត្ត​ភាព​ហើយ​ការ​មក​ទស្សនកិច្ច​រប​ស់​គណៈកម្មការ​ខេត្ត​ហឺ​ណាន​នៅ អ​.​ប​.​ព​. លើក​នេះ ក៏​ជា​ឆ្នាំ​មិត្តភាព​ផងដែរ​»​។​

​ទាក់ទង​នឹង​ការបំពេញ​ទស្សន​កិច្ច​នេះដែរ លោក ប៉ិច ពីសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​(TIC)​ យល់ថា ទំនាក់ទំនង​និង​កិច្ច​សហ​ប្រិប​ត្តិ​ការ​រវាង​កម្ពុជា​និង​ចិន លើ​កិច្ចការ​ប្រយុទ្ធប្រឆាំង​អំពើ​រលួយ​ជា​រឿង​ល្អ ដោយសារ​មួយរយៈ​ពេល​ចុងក្រោយ​នេះ ចិន​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ធ្វើកំណែទម្រង់​បក្ស​កុម្មុយនីស្ត​ចិន​ដែល​អាច​ផ្តល់​បទពិសោធន៍​ល្អៗ​ដល់​កម្ពុជា ជាពិសេស អបព យកមក​រៀនសូត្រ​បន្ថែ​ម​។​

​លោក ​ប៉ិច ពិសី បន្ថែមថា​៖ «​នៅក្នុង​កិច្ចសហប្រតិបត្តិការ​នេះ មេរៀន​ខ្លះ យើង​អាច​រៀនសូត្រ​បាន ហើយ​មេរៀន​ខ្លះ យើង​គួរ​ចៀសវាង ដោយសារ​ប្រព័ន្ធ​ដឹក​នាំ​របស់​កម្ពុជា​ជា​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ ខណៈ​ចិន​ប្រើ​ប្រព័ន្ធ​កុម្មុយនីស្ត​»​។​

​បន្ថែម​ពីនេះ លោក ​យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ក៏បាន​លើកឡើង​ដែរ​ដោយ​លោក​ចង់ឱ្យ​ភាគី​ទាំង ​២ ធ្វើការ​ពិភាក្សាគ្នា​ស៊ីជម្រៅ​លើ​ការប្រឆាំង​អំពើពុករលួយ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ពី​ការលាង​លុយកខ្វក់ ពី​សំណាក់​ក្រុម​ឧក្រិដ្ឋជន​ចិន​ចូលមក​ទឹកដី​កម្ពុជា នា​រយៈពេល​ចុងក្រោយ​នេះ​ដើម្បី​លុប​រូបភាព​នយោបាយ​មិនល្អ​ដល់​ប្រទេស​ទាំង​ ២ លើ​ឆាក​អន្តរជាតិ​៕