Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាទទួលបានចំណូលពីការនាំចេញស្រូវច្រើនជាងការនាំចេញអង្ករ៣ដងនៅ៨ខែឆ្នាំនេះ ខណៈតម្លៃស្រូវល្អជាងរាល់ឆ្នាំ

Media LNN | Sep 12, 2023
កម្ពុជាទទួលបានចំណូលពីការនាំចេញស្រូវច្រើនជាងការនាំចេញអង្ករ៣ដងនៅ៨ខែឆ្នាំនេះ ខណៈតម្លៃស្រូវល្អជាងរាល់ឆ្នាំ
Clinic narith

ចំណូលសរុបពីការនាំចេញស្រូវ និងអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅ៨ខែឆ្នាំ២០២៣សម្រេចបានជាង១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះចំណូលពីការនាំចេញស្រូវមានច្រើនជាងចំណូលពីការនាំចេញអង្កររហូត៣ដងឯណោះ ក្នុងបរិមាណស្រូវជិត៣លានតោន។

វៀតណាម គឺជាទីផ្សារនាំចេញស្រូវដ៏ធំបំផុតរបស់កម្ពុជា ខណៈដែលទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់កម្ពុជាវិញ គឺអឺរ៉ុប និងប្រទេសចិន។ សម្រាប់តម្លៃស្រូវវិញត្រូវបានក្រុមអ្នកជំនាញអះអាងថា នៅមួយរយៈចុងក្រោយនេះ តម្លៃស្រូវហាក់មានស្ថានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំមុនៗ។ ជាក់ស្ដែងតម្លៃស្រូវសើមប្រភទេ OM ជាមធ្យមដែលឈ្មួញចុះទិញពីកសិករផ្ទាល់នៅតែរក្សាតម្លៃល្អប្រសើរ និងមិនធ្លាក់ក្រោម១ពាន់រៀលក្នុង១គីឡូក្រាមនោះទេ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវ-អង្ករកម្ពុជា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានជិត៣លានតោន ដែលមានតម្លៃទឹកប្រាក់សរុបជាង៨០០លានដុល្លារ។ ទំហំទឹកប្រាក់នេះមានការកើនឡើង៣ដងបើធៀបនឹងទំហំទឹកប្រាក់នៃការនាំចេញអង្ករក្នុងរយៈពេលដូចគ្នា ដែលសម្រេចជាង៤០ម៉ឺនតោនគិតជាប្រាក់ជាង២៧០លានដុល្លារ ដោយស្មើនឹង៥៨% នៃផែនការនាំចេញឲ្យបាន៧០ម៉ឺនតោននៅឆ្នាំនេះ។

តម្លៃ និងទីផ្សារស្រូវនៅឆ្នាំនេះមានភាពល្អប្រសើរមិនចាញ់អង្ករនោះទេ ពោលគឺស្រូវសើមនៅតាមវាលស្រែប្រភទ OM ជាមធ្យមមានតម្លៃទាបប៉ផុត១.២២៥រៀលក្នុង១គីឡូក្រាម។ តែយ៉ាងណាបញ្ហាអាកាសធាតុក៏បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារស្រូវនៅតាមតំបន់មួយចំនួន និងបានធ្វើឲ្យតម្លៃស្រូវហាក់ធ្លាក់ចុះបន្តិចវិញនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី៧ ខែកញ្ញា រហូតមកដល់ពេលនេះ តម្លៃស្រូវនៅតាមវាលស្រែប្រភទ OM មានតម្លៃ ១.១៦០រៀលក្នុង១គីឡូក្រាម។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង កត់សម្គាល់ឃើញថា ទីផ្សារស្រូវឆ្នាំនេះ មានសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់ ប៉ុន្តែដោយសារមានឈ្មួញឆ្លៀតឱកាសមួយចំនួនបានដើរអុកឡុកតម្លៃទើបធ្វើឲ្យស្ថានភាពទីផ្សារស្រូវហាក់មានការប្រែប្រួលបន្តិច។ បើតាមប្រធានមន្ទីរកសិកម្មបាត់ដំបងរូបនេះ ដ្បិតទីផ្សារស្រូវមានការប្រែប្រួលបន្តិចក៏ពិតមែន ប៉ុន្តែឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ បានចាត់វិធានការទាន់ពេលវេលា ដោយបញ្ជាឲ្យរោងម៉ាស៊ីនក្នុងស្រុកធំៗចុះប្រមូលទិញស្រូវពីកសិករជាមធ្យមប្រមាណ ៧ពាន់តោនក្នុង១ថ្ងៃ ជាមួយតម្លៃមួយសមរម្យ និងអាចទទួលយកបាន ដែលធ្វើឲ្យតម្លៃស្រូវនៅតែល្អប្រសើរ ពោលមិនធ្លាក់ចុះនៅក្រោម១ពាន់រៀលនោះទេក្នុង១គីឡូក្រាម។ ជាក់ស្ដែងគិតត្រឹមថ្ងៃទី១១ ខែកញ្ញា តម្លៃស្រូវសើម ដែលឈ្មួញចុះទិញនៅតាមវាលស្រែចន្លោះពី១.១៦០រៀលទៅ១.១៨០រៀល ក្នុង១គីឡូក្រាម ខណៈស្រូវសែនក្រអូបវិញមានតម្លៃ១.២៥០រៀលក្នុង១គីឡូក្រាម។

ដោយឡែក លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង កត់សម្គាល់ឃើញថា ទីផ្សារស្រូវ នៅមួយរយៈពេលចុងក្រោយនេះ ហាក់ធ្លាក់ចុះបន្តិចវិញ បើធៀបទៅនឹងកាលពីដើមខែកញ្ញា។ លោក អ៊ុក សំណាង បានគូសបញ្ជាក់ថា កត្តាដែលធ្វើឲ្យតម្លៃស្រូវនៅក្នុងខេត្តព្រៃវែងធ្លាក់ចុះបន្តិច ក៏ដោយសារតែបញ្ហាអាកាសធាតុបានធ្វើឲ្យឈ្មួញពិបាកក្នុងការចុះទៅប្រមូលទិញស្រូវនៅតាមវាលស្រែ។ បច្ចុប្បន្នតម្លៃស្រូវអាចលក់ចេញជាធម្យមចន្លោះ១.១៥០រៀលទៅ ១.១៦០រៀលក្នុង១គីឡូក្រាម។ ខណៈកាលពីដើមខែកញ្ញា តម្លៃស្រូវជាមធ្យមអាចលក់បានចន្លោះ ១.១០០រៀលទៅ១.៣០០រៀលក្នុង១គីឡូក្រាម។ យ៉ាងណាក៏ដោយ សម្រាប់ខេត្តព្រៃវែង មិនសូវមានរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញនោះទេ ពោលភាគច្រើនគឺនាំចេញទៅកាន់ប្រទេសវៀតណាម។

សូមបញ្ជាក់ថា នៅរយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានជិត ៦៤ម៉ឺនតោន និងនាំចេញស្រូវបានជាង៣លាន៤សែនតោន ដោយទទួលបានទឹកប្រាក់សរុបជាង១ពាន់លានដុល្លារ។ អ្នកជំនាញក្នុងវិស័យកសិកម្ម នៅតែវាយតម្លៃខ្ពស់ចំពោះទីផ្សារស្រូវ-អង្ករ សម្រាប់ឆ្នាំ២០២៣នេះ ថាល្អប្រសើរគួរឲ្យកត់សម្គាល់ នារយៈពេលចុងក្រោយនេះ ជាពិសេសស្របពេលដែលពិភពលោកបាននិងកំពុងមានតម្រូវការស្បៀងអាហារកាន់តែច្រើន៕