ក្រុងណៃរ៉ូបី ប្រទេសកេនយ៉ា — សន្និសីទមួយស្តីពីអាកាសធាតុនៅអាហ្វ្រិកបានបញ្ចប់ក្នុងប្រទេសកេនយ៉ាដោយពួកមេដឹកនាំអំពាវនាវដល់សហគមន៍សាកលឱ្យកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ បំពេញតាមកាតព្វកិច្ចរបស់ខ្លួននិងធ្វើតាមការសន្យាហិរញ្ញវត្ថុដើម្បីដោះស្រាយការប្រែប្រួលធាតុអាកាស។
ថ្លែងតាងនាមប្រមុខរដ្ឋអាហ្វ្រិកឯទៀតដែលមានវត្តមាននៅក្នុងសន្និសីទអាកាសធាតុនៅអាហ្វ្រិក ប្រធានាធិបតីប្រទេសកេនយ៉ាលោក William Ruto បាននិយាយថាកិច្ចព្រមព្រៀងត្រូវបានសម្រេចនៅក្នុងសន្និសីទនេះបង្ហាញអំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ពួករដ្ឋអាហ្វ្រិកក្នុងការជួយដោះស្រាយវិបត្តិប្រែប្រួលអាកាសធាតុ។
លោកថ្លែងថា៖ «សន្និសីទធាតុអាកាសអាហ្វ្រិកជាការបង្ហាញការប្តេជ្ញារួមគ្មានងាករេរបស់ពលរដ្ឋអាហ្វ្រិកដល់ទស្សនៈវិស័យរបស់ពួកគេក្នុងការធ្វើឱ្យកន្លែងរស់នៅដំបូងរបស់មនុស្សជាតិនៅទីនេះ ក្នុងទ្វីបអាហ្វ្រិក ជាដីមួយសំបូរសក្តានុពល មានឱកាសច្រើនគ្មានដែនកំណត់និងលទ្ធភាពនៃការចែករំលែកភាពសំបូររុងរឿងនេះ។ វាក៏បង្ហាញការប្តេជ្ញារបស់យើងក្នុងការប្រមែប្រមូលក្រុមចម្រុះសាកលនៃពួកអ្នកឆ្លើយតបគ្រាមានអាសន្នដើម្បីធ្វើឱ្យប្រាកដប្រជាថាឧស្សាហូបនីយកម្មដើម្បីកែប្រែសេដ្ឋកិច្ចនៅពេលអនាគតស្តារឡើងវិញភាពក្លៀវក្លានៃផែនដីយើងនិងធ្វើឱ្យមាន តុល្យភាពប្រព័ន្ធអេកូឡូស៊ីផងដែរ»។
សន្និសីទកំពូលនេះដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទទី៤កញ្ញាបានផ្តោតការយកចិត្ត ទុកដាក់លើការជំរុញការលូតលាស់សេដ្ឋកិច្ចនិងការអភិវឌ្ឍដោយគិតគូរពីបរិស្ថានផងដែរនិងលើការរកដំណោះស្រាយហិរញ្ញវត្ថុសម្រាប់គាំទ្រកម្មវិធីមានគោលដៅបន្ធូរផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់មនុស្សប្រមាណ ១.៣០០លាននាក់ក្នុងទ្វីបនោះ។
ក្រុមមេដឹកនាំអាហ្វ្រិកគូសបញ្ជាក់ថាពួកគេប្តេជ្ញាអភិវឌ្ឍនិងអនុវត្តគោលនយោបាយ និយតកម្មនិងការលើកទឹកចិត្តដើម្បីទាក់ទាញវិនិយោគក្នុងមូលដ្ឋាន តំបន់និងសាកលក្នុងការជំរុញការលូតលាស់សេដ្ឋកិច្ចនិងការអភិវឌ្ឍដោយគិតគូរពីបរិស្ថាន។
ពួកមេដឹកនាំទាំងនេះបានថ្លែងថាសេចក្តីប្រកាសនៅក្រុងណៃរ៉ូប៊ីនេះនឹងបម្រើការជាគ្រឹះសម្រាប់គោលជំហររួមគ្នារបស់ទ្វីបអាហ្វ្រិកក្នុងការផ្តើមគំនិតសាកលអំពីការប្រែប្រួលអាកាសធាតុ។ លោក Raphael Chesori មេដឹកនាំយុវជនកេនយ៉ានិយាយថាពួកមេដឹកនាំនិងក្រុមប្រតិភូចូលរូមក្នុងសន្និសីទកំពូលនេះបង្ហាញចំណង់របស់ពួកគេក្នុងការប្រយុទ្ធនឹងការប្រែប្រួលធាតុអាកាស។
លោកថ្លែងថា៖ «អ្វីដែលខ្ញុំបានឃើញគឺការប្រឹងប្រែងដោយពួកប្រមុខរដ្ឋនៅអាហ្វ្រិកនិងក្រុមដៃគូសាកលដើម្បីស្វែងរកវិធីប្រយុទ្ធនឹងការប្រែប្រួលធាតុអាកាស។ ហើយក៏មានការប្តេជ្ញាដែរក្នុងការផ្តល់ប្រាក់កាសដើម្បីដោះស្រាយបញ្ហាអាកាសធាតុ។ ក្រៅពីនេះ ពួកតួអង្គមិនមែនជារដ្ឋក៏មានឆន្ទៈធ្វើជាដៃគូជាមួយរដ្ឋាភិបាលក្នុងការធ្វើឱ្យមានការចូលរួមពីមនុស្សសាមញ្ញផងដែរ»។
លោក Michael Otitoju ដែលជាប្រតិភូម្នាក់មកពីប្រទេសនីហ្សេរីយ៉ា និយាយថាទ្វីបអាហ្វ្រិកបានបង្ហាញថាខ្លួនអាចដោះស្រាយវិបត្តិនេះបានដោយពឹងពាក់លើប្រភពធនធានខ្ឡួននិងពលរដ្ឋវ័យក្មេង។
លោកថ្លែងថា៖ «ខ្ញុំយល់ថាការពិភាក្សាគ្នាអំពីការងាកទៅរកប្រភពថាមពលដែលផលិតឡើងវិញបាននាំឱ្យយើងសង្ឃឹមថាជនជាតិអាហ្វ្រិកអាចដោះស្រាយបញ្ហារបស់យើងជាមួយប្រភពធនធានយើងផ្ទាល់ ជាមួយសមត្ថភាពមនុស្សរបស់យើងផ្ទាល់ ដូច្នេះខ្ញុំយល់ថាមានសង្ឃឹមសម្រាប់ជនជាតិអាហ្វ្រិក»។
លោក Andrew Monari អ្នកធ្វើការសហគមន៍ម្នាក់នៅកេនយ៉ា បានថ្លែងថា លោកបានដឹងអំពីវិធីដែលសហគមន៍ដែលងាយរងគ្រោះអាចទទួលប្រាក់កាសខាងការប្រែប្រួលអាកាសធាតុដើម្បីគាំទ្រកម្មវិធីកាត់បន្ថយបញ្ហានេះ។
«ខ្ញុំបានចូលរួមក្នុងការប្រជុំអំពីការផ្តល់លុយខាងការប្រែប្រួលធាតុអាកាស។ឧទាហរណ៍ យើងបានបញ្ចប់ការប្រជុំមួយនៅសណ្ឋាគារមួយនៅថ្ងៃនេះ ដែលនៅទីនោះមនុស្សងាយរងគ្រោះនិងក្រុមជនភាគតិចមានផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុបានពិភាក្សាគ្នាអំពីការផ្តល់ប្រាក់កាស។ ដូច្នេះ យើងមានមនុស្សសាកលម្នាក់ដែលទទួលបន្ទុកមូលនិធិដែលបានថ្លែងប្រាប់យើងអំពីវិធីស្វែងរកលុយ»។
បើតាមអ.ស.ប.ថា បណ្តាប្រទេសអាហ្វ្រិកបានចំណាយពី៥%ទៅ១៥%នៃផលិតផលសរុបក្នុងស្រុកដើម្បីប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ ទោះជាខ្លួនរួមចំណែកតិចបំផុតដល់ការធ្វើឱ្យសីតុណ្ហភាពសាកលក្តៅជាងមុនក៏ដោយ។
ពួកប្រទេសអភិវឌ្ឍបានសន្យាថានឹងផ្តល់ប្រាក់យ៉ាងតិច១០០ពាន់លានដុល្លាររៀងរាល់ឆ្នាំដើម្បីប្រយុទ្ធនឹងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ។ តែ មនុស្សច្រើននាក់និយាយថានេះជាមូលនិធិនេះពិបាករកបានណាស់កន្លងមក។ នៅក្នុងសន្និសីទកំពូលនោះ អគ្គលេខាធិការអ.ស.ប.លោក Antonio Guterres បានមានប្រសាសន៍ថាគេត្រូវការប្រាក់២០ពាន់លានដុល្លារថែមទៀតដើម្បីជួយបន្ថយធាតុអាកាសមិនអាចទស្សន៍ទាយបានជាមុននៅអាហ្វ្រិក។ លោកប្រធានាធិបតី Ruto បានពោលថាអាហ្វ្រិកត្រូវការហិរញ្ញវត្ថុសាកលដើម្បីគាំទ្រសហគមន៍និងសងបំណុល។
«យើងទាមទារឱ្យមានស្ថានភាពយុត្តិធម៌សម្រាប់ឱ្យប្រទេសពួកយើងទទួលការបណ្តាក់ទុនដើម្បីឱ្យមានសក្តានុពលនិងឱកាស។ យើងថែមទាំងទាមទារឱ្យមានការសម្របសម្រួលហិរញ្ញវត្ថុអភិវឌ្ឍពហុភាគីដើម្បីរំដោះសេដ្ឋកិច្ចយើងពីបំណុលគួរឱ្យស្អប់ខ្ពើមនិងរបាំងដែលរារាំងដល់ប្រភពហិរញ្ញវត្ថុចាំបាច់»។
ពួកមេដឹកនាំអាហ្វ្រិកគូសបញ្ជាក់ថាដើម្បីធ្វើឱ្យទ្វីបនេះមានការផ្លាស់ប្តូរសេដ្ឋកិច្ច ទ្វីបនេះត្រូវការបង្កើនសមត្ថភាពផលិតថាមពលដែលអាចផលិតឡើងវិញបាន។ ក្រុមមេដឹកនាំទាំងនេះក៍បានថ្លែងដែរថាអាហ្វ្រិកត្រូវការយន្តការបច្ចេកវិទ្យានិងយន្តការពាណិជ្ជកម្មដែលអាចឱ្យផលិតកម្មពីទ្វីបនេះប្រកួតប្រជែងដោយយុត្តិធម៌និងសមភាពបាន៕