(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសរុស្ស៉ី បានបង្ហាញ យ៉ាងច្បាស់ពី «សារៈសំខាន់យុទ្ធសាស្ត្រ» នៃទំនាក់ទំនងរវាងប្រទេសទាំង២។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងពាសដែកទៅដល់រុស្ស៉ីកាលពីថ្ងៃអង្គារ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយលោក ប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ខណៈមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនកុំឱ្យកូរ៉េខាងជើងលក់អាវុធឱ្យរុស្ស៉ី យកទៅប្រើក្នុង សង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន នៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា «លោក គីម ជុងអ៊ុន បាននិយាយថា៖ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហព័ន្ធរុស្ស៉ី...បានបង្ហាញយ៉ាងច្បាស់ពីគោលជំហររបស់គណបក្សពលករកូរ៉េ និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ដែលកំពុងផ្តោតជាអាទិភាពលើសារៈសំខាន់យុទ្ធសាស្ត្រ នៅក្នុងទំនាក់ទំនងរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងរុស្ស៉ី»។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី អមដំណើរដោយមន្ត្រីយោធាកំពូលៗកូរ៉េខាងជើង ក្នុងនោះរួមមាន មេបញ្ជាការកងទ័ពប្រជាជនកូរ៉េ លោក ផាក ជុង ជុន (Pak Jong Chon) និងប្រធាននាយកដ្ឋានឧស្សាហកម្ម លោក ចូ ឈុន យ៉ុង (Jo Chun Ryong) ដែលនេះត្រូវបានក្រុមអ្នកវិភាគជឿជាក់ថាកិច្ចពិភាក្សារវាងលោក គីម និងលោក ពូទីន នឹងសង្កត់ធ្ងន់លើ កិច្ចព្រមព្រៀងអាវុធ៕