Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ពលរដ្ឋសាទរ និងគាំទ្រនគរបាលខេត្តព្រៃវែង ឲ្យបន្តយុទ្ធនាការបោសសម្អាតក្មេងទំនើង និងក្មេងៗគេចសាលា

Media LNN | Sep 16, 2023
ពលរដ្ឋសាទរ និងគាំទ្រនគរបាលខេត្តព្រៃវែង ឲ្យបន្តយុទ្ធនាការបោសសម្អាតក្មេងទំនើង និងក្មេងៗគេចសាលា
Clinic narith

(ព្រៃវែង)៖ ក្រុមប្រជាពលរដ្ឋសំដែងការរីករាយសប្បាយចិត្តចំពោះសកម្មភាពដ៍ល្អបំផុតក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងដែលបានដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្តព្រៃវែងបន្តប្រមូលក្មេងៗសិស្សសាលាគចម៉ោងមកអប់រំ ខណៈដែលយុទ្ធនាការនេះ ពលរដ្ឋមានការរំភើប និងឲ្យតម្លៃខ្ពស់ចំពោះកិច្ចការដ៍ល្អនេះ។

តាមប្រភពព័ត៍មានបានប្រាប់អ្នកយកព័ត៍មានប្រចាំខេត្តនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ កិច្ចការនេះបានបង្គាប់ឲ្យនគរបាលទូទាំងខេត្តត្រូវអនុវត្តន៍ ពិសេសគឺកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ ត្រូវចុះតាមមូលដ្ឋានផ្សព្វផ្សាយអប់រំតាមសាលារៀន និងបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងបោសសម្អាតក្មេងៗគេចសាលាមិនចូលរៀន ទៅប្រមូលផ្ដុំគ្នាលេងហ្គេម លេងទូរស័ព្ទ និងជួបជុំពពាក់ពពូនគ្នា មកអប់រំណែនាំ ធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាល និងធ្វើការអញ្ជើញអាណាព្យាបាល ឪពុកម្ដាយ មកធានាឱ្យត្រឡប់ទៅផ្ទះវិញ ដោយមានការដឹងឮពីលោកគ្រូអ្នកគ្រូនាយកសាលា និងគណៈអភិបាលស្រុក-ក្រុងផងដែរ ។

ប្រភពបន្តថា ក្រៅពីនេះកម្លាំងនគរបាលខេត្តព្រៃវែង ក៏បានចុះធ្វើការណែនាំដល់ម្ចាស់ទីតាំងអជីវកម្មជ្រកក្រោមផ្លាកកីឡា ហាងកាហ្វេ កន្លែងលក់ដូរ និងអាជីវកម្មផ្សេងៗ ដែលអាចជាកន្លែងសម្រាប់ឱ្យក្មេងៗគេចសាលាមិនចូលរៀនទៅពពាក់ពពូនជួបជុំគ្នា សូមឱ្យចូលរួមសហការអនុវត្តទប់ស្កាត់ មិនឱ្យមានក្មេងៗគេចសាលាមិនចូលរៀនហើយមកជួបជុំនៅកន្លែងទីតាំងរបស់ពួកគាត់ឡើយ បើមានសូមជួយសហការរាយការណ៍មកកាន់នគរបាលចុះអន្តរាគមន៍ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ទប់ស្កាត់ការប្រព្រឹត្តអំពើមិនគប្បី ឬអាចឈានទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលសង្គមស្អប់ខ្ពើម។

យុទ្ធនាការនេះ បើតាមការចុះស្រង់យកព័ត៌មានបឋម គឺទទួលបានការលើកទឹកចិត្ត និងគាំទ្រពីសំណាក់អាណាព្យាបាលសិស្ស ជាពិសេសលោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋានឃុំ ស្រុក និងប្រជាពលរដ្ឋជាច្រើនផងដែរ  ពីព្រោះពួកគាត់យល់ឃើញថា ការអនុវត្តបែបនេះអាច ជួយឱ្យមូលដ្ឋានឈានទៅ គ្មានក្មេងទំនើង គ្មានក្មេងគេចសាលារៀន និងអាចមានសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ ហើយអនាគតទៅសង្គមជាតិនឹងសម្បូរទៅដោយយុវជពោរពេញដោយចំណេះដឹង ចូលរួមបម្រើសង្គមជាតិ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ។

គួរបញ្ជាក់ថា ទិសដៅរបស់នគរបាលខេត្តព្រៃវែង គឺធ្វើមិនដកដៃឡើយ ដោយកម្លាំងនគរបាលទូទាំងខេត្តព្រៃវែង នឹងចុះអនុវត្តដូចជាភ្លៀងរលឹម តឹងរឹងពីមួយថ្ងៃទៅមួយថ្ងៃ ករណីនគរបាលធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាហើយ ប្អូនៗនៅតែមិនរាងចាលទេ នគរបាលខេត្តព្រៃវែង ប្ដេជ្ញាថានឹងរិះរកធាតុផ្សំបទល្មើសផ្សេងៗ ដើម្បីចោទជាបទល្មើស ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់ជាធរមាន ។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមអំពាវនាវដល់សិស្សានុសិស្សទាំងអស់ក្នុងខេត្តព្រៃវែង ខិតខំរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ បម្រើសង្គមជាតិ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ព្រោះប្អូនៗទាំងអស់គ្នា គឺជាទំពាំងស្នងឫស្សី សូមធ្វើខ្លួនជាទំពាំងស្នងឫស្សីដ៏មានគុណភាព ដែលប្រទេសជាតិត្រូវការ ៕