(ភ្នំពេញ)៖ យោងតាមគោលការណ៍ឯកភាពពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, រដ្ឋបាលរាជធានីភ្នំពេញ និងអគ្គស្នងការនគរបាលជាតិ នឹងធ្វើការកែសម្រួលចំពោះឯកសណ្ឋានថ្មីរបស់មន្រ្តី ជាប់កិច្ចសន្យា ដែលជាមន្រ្តីជំនួយការចូលរួមសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ភ្នំពេញ ដើម្បីថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការកែសម្រួលឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យាដែលជាមន្រ្តីជំនួយការសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់មន្រ្តីជាប់កិច្ចសន្យាឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភាកិច្ចចូលរួមថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនិងក៏ដើម្បីចៀសវាងកុំឱ្យមហាជនយល់ច្រឡំជាមន្រ្តីនគរបាលចរាចរណ៍៕