Alynana Media Cambodia
Icon Collap
clinic narit

អាជីវកម្មដែលមាន​ចំណូលដុល​ប្រចាំឆ្នាំតិចជាង ២៥០លានរៀល ​ឬ៦ម៉ឺនដុល្លារ ​មិនតម្រូវឱ្យចុះបញ្ជីពន្ធទេ

Media LNN | Sep 18, 2023
អាជីវកម្មដែលមាន​ចំណូលដុល​ប្រចាំឆ្នាំតិចជាង ២៥០លានរៀល ​ឬ៦ម៉ឺនដុល្លារ ​មិនតម្រូវឱ្យចុះបញ្ជីពន្ធទេ
Clinic narith

(ភ្នំពេញ)៖ ការប្រកបរបររស៊ី ឬការធ្វើជំនួញ ឬធ្វើពាណិជ្ជកម្ម​ ​ត្រូវបានតម្រូវឱ្យម្ចាស់អាជីវកម្មទៅចុះបញ្ជី និងសុំលិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីបញ្ជាក់ពីការរស៊ីដោយស្របច្បាប់។ ប៉ុន្តែជារឿយអ្នករកស៊ីមួយចំនួន ជាពិសេសអ្នកប្រកបអាជីវកម្មតូចតាច តែងតែត្អូញ ​និងខ្លាចរអាក្នុងការទៅចុះបញ្ជី ដោយខ្លាចក្នុងការបង់ពន្ធច្រើន​ ដោយសារតែពួកគាត់មិនបានស្វែងយល់ឱ្យបានស៊ីជម្រៅពីប្រភេទអាជីវកម្ម ដែលជាប់ពន្ធ និងមិនជាប់ពន្ធ។

នេះគឺជាអ្វីដែលម្ចាស់អាជីវកម្ម ត្រូវស្វែងយល់ ដើម្បីជៀសវាងមន្រ្តីខិលខូចមួយចំនួន ទៅគម្រាមកំហែងទារប្រាក់ ដែលនាំឱ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃ។

បើតាម ​លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ​អាជីវកម្មដែលមានផលរបរចំណូលដុលសរុបប្រចាំឆ្នាំតិចជាង ២៥០ លានរៀល ​ឬ៦ម៉ឺនដុល្លារ​ នឹងមិនតម្រូវឱ្យទៅចុះបញ្ជីពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារនោះទេ ខណៈអាជីវកម្មតូចតាច ក៏មិនត្រូវឱ្យសុំសេវារដ្ឋបាលនៅតាមក្រុង ស្រុកដែរ ​ដើម្បីកុំឱ្យប៉ះពាល់ទៅដល់អ្នករកស៊ីរបរតូចតាច​​។

លោកបានឱ្យដឹងថា សម្រាប់អាជីវកម្មដែលទទួលបានចំណូលលើពី​ ២៥០លានរៀល ដល់៧៥០លានរៀល ឬប្រមាណ១៨ម៉ឺនដុល្លារ ​តម្រូវឱ្យចុះបញ្ជីជាប់ពន្ធតូច ​ដែលជាប្រភេទអាជីវកម្មកត់ត្រា នូវបញ្ជីស្នាមលក្ខណៈសាមញ្ញ ដោយកត់ត្រាតែចំណូល និងចំណាយប៉ុណ្ណោះ។ ចំណែកអាជីវកម្មដែលទទួលបានចំណូលលើសពី ៧៥០លានរៀល ដល់៤០ពាន់លានរៀល ឬប្រមាណ១លានដុល្លារ ជាប់ពន្ធមធ្យម ដែលម្ចាស់អាជីវកម្មតម្រូវឱ្យមានការចុះបញ្ជីឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ​​។

​នៅកម្មវិធីផ្សាយផ្ទាល់ ក្រោមប្រធានបទស្ដីពី «ការយល់ដឹងពីពន្ធដារ» នៅថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២៣​ លោក គង់ វិបុល លើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទាំងអស់ ដែលមានផលចំណូលតាមច្បាប់កំណត់ទៅចុះបញ្ជី ដើម្បីតម្លាភាពក្នុងការបង់ពន្ធ​ និងជៀសវាងការផាកពិន័យ ឬការចាត់វិធានការណាមួយ ដែលនាំឱ្យប៉ះពាល់ដល់អាជីវកម្ម។

លោកបន្តថា អគ្គនាយកដ្ឋានពន្ធដារ មានគោលការណ៍ច្បាស់លាស់ ក្នុងការ​ជំរុញម្ចាស់អាជីវកម្មមកឱ្យចុះបញ្ជី​។ នៅពេលដែលម្ចាស់អាជីវកម្មមកចុះ នៅក្នុងប្រព័ន្ធ Cam DX ឬប្រព័ន្ធអនឡាញ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការបែងចែក ពីកម្រិតអាជីវកម្ម ដែលត្រូវជាប់ពន្ធ ដូចជាប្រភេទពន្ធតូច ពន្ធមធ្យម និងពន្ធធំ។ ​ប៉ុន្តែអាជីវកម្មដែលទទួលបានតិចជាង ២៥០ លានរៀល ​ឬ៦ម៉ឺនដុល្លារ​ ​មិនតម្រូវឱ្យទៅចុះបញ្ជីពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារនោះទេ ​​ ​ហើយប្រសិនបើមន្រ្តីឆក់ឱកាសមួយចំនួន​ទៅគម្រាមកំហែងសូមរាយការណ៍មកអគ្គនាយកដ្ឋានពន្ធដារ។

បើតាមអគ្គនាយកពន្ធដារ ៨ខែឆ្នាំ២០២៣នេះ មានជាង៩​ ៨០០សហគ្រាសបានចុះបញ្ជីនៅក្នុងប្រព័ន្ធ Cam DX និងចុះបញ្ជីផ្ទាល់ជាង៩០០ សហគ្រាស។

ដោយឡែកសម្រាប់អាជីវកម្មប្រកប​តូចតាច ដែលស្ថិតក្រោមវិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និងកីឡា, វិស័យទេស​ចរណ៍, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម ក៏មិនតម្រូវឱ្យទៅសុំសេវារដ្ឋបាលនៅតាមក្រុង ស្រុក ឬខណ្ឌនោះទេ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានចេញសម្រេចក្នុងផ្អាក ការ​ផ្តល់​សេវារដ្ឋបាលរដ្ឋបាលក្រុង ស្រុក និងខណ្ឌដល់អាជីវកម្មតូចតាចកាលពីពេលថ្មីៗនេះ​ ដើម្បីជួយសម្រាលបន្ទុកការចំណាយ របស់ម្ចាស់អាជីវកម្មតូចតាចទាំងនោះ។

យោងតាមសេចក្តីសម្រេច ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ការផ្អាកផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រុង ស្រុក ខណ្ឌនេះ សម្រាប់អាជីវកម្ម​ដូចជា៖ អាជីវកម្មសិល្បៈសូនរូប អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ , អាជីវកម្មលក់សម្ភារកីឡា ​,ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក តូបលក់អាហារ ហាងលក់គុយទាវ កាហ្វេ ម៉ូតូឌុបទេសចរណ៍ ម៉ូតូជួលទេសចរណ៍ រ៉ឺម៉កម៉ូតូដឹងទេសចរណ៍​, ទីតាំងសិប្បកម្មមួយចំនួនដូចជាកន្លែងផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ ធ្វើទៀន ធូប ​ កន្លែងដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី២៥គីឡូវ៉ាត់​ និងកន្លែងផ្តល់សេវាកម្មជួសជុលគ្រឿងអេឡិចត្រូនិក លាងរថយន្តម៉ូតូ ។

ជាមួយគ្នានេះ ការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម និងលិខិតអនុញ្ញាធ្វើអាជីវកម្មលក់ដុំ រាយ​ សម្ភារកសិកម្ម​ ក៏មិនតម្រូវឱ្យសុំសេវារដ្ឋបាលផងដែរ។

ឧកញ៉ា កែវ មុំ ប្រធានសហគ្រិនស្រ្តីកម្ពុជា បានប្រាប់ថា ការសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលនេះ គឺជាការលើកទឹកចិត្តមួយផ្នែក ដល់ការធ្វើអាជីវកម្មលក្ខណៈតូចតាច។ នេះគឺពិតជាបានជួយពួកគាត់ឱ្យមានឱកាសច្រើន ក្នុងការពង្រឹង និង ពង្រីក អាជីវកម្មដោយមិនមានការភ័យខ្លាច។ នៅពេលដែលអាជីវកម្មខ្នាតមីក្រូមានការពង្រីកខ្លួន ពេលនោះគឺជាពេលវេលាដែលអាជីវកម្មក្រៅប្រព័ន្ធ និងចូលចុះបញ្ជីឲ្យស្របច្បាប់ ដែលអាចចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ យើងបានយ៉ាងលឿនផងដែរ។

លោកស្រីបន្តថា «ប្រទេស​ជាតិមានការរីកចម្រើនបានលឿន គឺដោយសាររាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ធ្វើយ៉ាងណា បង្ក​លក្ខណ: ងាយស្រួល ដល់អាជីវកម្មខ្នាតមីក្រូ ក្រៅប្រព័ន្ធ មានឱកាសប្រកបអាជីវកម្ម ដោយមិនមានសម្ពាធពីរាជរដ្ឋាភិបាល ទើប រាជរដ្ឋាភិបាលបានសម្រេចផ្អាកការផ្តល់សេវា រដ្ឋបាលរដ្ឋបាលក្រុង ស្រុក និងខណ្ឌ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់អាជីវករ ប្រកបអាជីវកម្មតូចតាច ដែលស្ថិតក្រោមវិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និងកីឡា, វិស័យទេសចរណ៍, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម»៕