សៀងហៃ/ប៉េកាំង រដ្ឋាភិបាលក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់ការចាប់ផ្តើមស៊ើបអង្កេតរបស់គណៈកម្មការអឺរ៉ុបមួយ លើជំនួយថវិកាសម្រាប់រថយន្តប្រើថាមពលអគ្គិសនីរបស់ចិន ថាជាការរារាំងការប្រកួតប្រជែង ហើយបានព្រមានថាការស៊ើបអង្កេតនេះ នឹងធ្វើឱ្យខូចខាតទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ស្របពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តប្រើប្រាស់ថាមពលអគ្គិសនីរបស់ចិនធ្លាក់ចុះ។
ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen បានប្រកាសអំពីការស៊ើបអង្កេត កាលពីថ្ងៃពុធ ដោយចោទប្រទេសចិន ថាបាននាំយករថយន្តប្រើថាមពលអគ្គិសនីរបស់ចិន មកលក់ក្នុងទីផ្សារពិភពលោក ដោយបញ្ចុះតម្លៃថោក ដោយសារមានការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិនយ៉ាងច្រើន។
ការស៊ើបអង្កេតដែលអាចនាំឱ្យមានការពិន័យពន្ធគយយ៉ាងធ្ងន់ធ្ងរនោះ បាននាំឱ្យអ្នកវិភាគព្រមានអំពីវិធានការសងសឹកពីសំណាក់ទីក្រុងប៉េកាំង និងការប្រឆាំងតវ៉ាពីសំណាក់មេដឹកនាំឧស្សាហកម្មចិន ដែលនិយាយថាការមានប្រៀបជាងនេះ មិនមែនដោយសារជំនួយថវិការបស់រដ្ឋាភិបាលចិនទេ។
ការស៊ើបអង្កេតនេះ «ជាការរារាំងយ៉ាងច្បាស់ក្រឡែត ដល់ការប្រកួតប្រជែងដែលនឹងបន្ទុចបង្អាក់ព្រមទាំងធ្វើឲ្យខូចដល់ឧស្សាហកម្មផលិតរថយន្តពិភពលោក និងសង្វាក់ផ្គត់ផ្គង់ ក្នុងនោះរួមមានសហភាពអឺរ៉ុបផងដែរ ហើយនឹងនាំឱ្យមានផលប៉ះពាល់អវិជ្ជមាន លើទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងសហភាពអឺរ៉ុប»។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងពាណិជ្ជកម្មចិន។
ក្រុមអ្នកវិភាគអឺរ៉ុបអាស៊ី បានព្រមានថាបើសិនជាសហភាពអឺរ៉ុប នៅទីបញ្ចប់ដាក់ពន្ធគយយ៉ាងច្រើនលើរថយន្តប្រើថាមពលអគ្គិសនីរបស់ចិន ដែលទទួលបានជំនួយថវិកាពីរដ្ឋាភិបាលចិននោះ រដ្ឋាភិបាលទីក្រុងប៉េកាំង ប្រហែលជានឹងចាត់វិធានការដូចគ្នា ដើម្បីធ្វើឱ្យឧស្សាហកម្មអឺរ៉ុប រងគ្រោះ។
អ្នកវិភាគឯទៀតបាននិយាយថា ការស៊ើបអង្កេតនេះ អាចធ្វើឱ្យក្រុមហ៊ុនផលិតអាគុយរបស់ចិន មានការយឺតយ៉ាវក្នុងការពង្រីកសមត្ថភាពរបស់ពួកគេ តែមិននាំឱ្យមានគ្រោះថ្នាក់ធំដុំ សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនទេ ពីព្រោះពួកគេអាចងាកទៅរកទីផ្សារឯទៀតដែលកំពុងលូតលាស់ ដូចជាតំបន់អាស៊ីអាគ្នេយ៍ជាដើម៕