អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ NBC News ក្នុងបទសម្ភាសមួយដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី១៧ខែកញ្ញាថា អ៊ុយក្រែនអាចចៀសផុតពីការស្លាប់មនុស្សរាប់សែននាក់ និងបាត់បង់ទឹកដីតិចជាងនេះ ប្រសិនបើខ្លួនឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី មុនពេលជម្លោះចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន។
លោក ត្រាំ បានប្រាប់ពិធីករ NBC លោក Kristen Welker ថា ការបាត់បង់ទឹកដីអ៊ុយក្រែនទៅដៃរុស្ស៊ី គឺជាអ្វីដែលអាចចរចាបាន។ មនុស្សជាច្រើនរំពឹងថា ទីក្រុងកៀវនឹងបោះបង់គំនិត ទាមទារតំបន់គ្រីមៀនិងផ្នែកផ្សេងទៀតនៃប្រទេសជាថ្នូរនឹងសន្តិភាព។
លោក ត្រាំ បន្តថា “ដូច្នេះពួកគេអាចធ្វើកិច្ចព្រមព្រៀងមួយ ដែលនាំឲ្យទឹកដីត្រូវរុស្ស៊ីដណ្តើមយកតិចជាងនេះ។ ពួកគេអាចធ្វើកិច្ចព្រមព្រៀងមួយ ដែលគ្មាននរណាម្នាក់ត្រូវបានគេសម្លាប់។ ឥឡូវ គ្មាននរណាដឹងថាតើ អ៊ុយក្រែននឹងត្រូវរុស្ស៊ីកាន់កាប់ទាំងស្រុង ឬអត់នោះទេ”។
បន្ទាប់មក លោក ត្រាំ បានអះអាងជាថ្មីម្តងទៀតថា ប្រសិនបើជាប់ឆ្នោតនៅឆ្នាំក្រោយ គាត់នឹងរៀបចំកិច្ចព្រមព្រៀងសន្តិភាព ក្នុងរយៈពេល២៤ម៉ោង។
គាត់បានប្រាប់លោក Welker ថា “ខ្ញុំនឹងនាំប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចូលក្នុងបន្ទប់ហើយខ្ញុំនឹងនាំ ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ចូលក្នុងបន្ទប់ដែរ រួចខ្ញុំនឹងនាំពួកគេចូលជាមួយគ្នា ហើយខ្ញុំនឹងមានកិច្ចព្រមព្រៀងដោះស្រាយមួយ”។
លោកកត់សម្គាល់ថា “នឹងមានភាពងាយស្រួលជាងនេះ ប្រសិនបើសង្គ្រាមមិនបានចាប់ផ្តើម ហើយអ្នកនឹងឃើញមនុស្សរាប់សែននាក់នៅរស់ ប៉ុន្តែខ្ញុំអាចធ្វើវាបាន ហើយអាចធ្វើបានលឿនបំផុត”។
ជំហររបស់លោក ត្រាំ លើអ៊ុយក្រែន គឺផ្ទុយស្រឡះពីលោក ចូ បៃដិន ដែលប្តេជ្ញាថា នឹងផ្តល់ជំនួយយោធារបស់ទីក្រុងកៀវ ដរាបណាពួកគេត្រូវការ ដើម្បីកម្ចាត់រុស្ស៊ីនៅលើសមរភូមិ៕