ការនាំចេញបន្លែនិងផ្លែឈើរបស់វៀតណាមនៅក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៣នេះសម្រេចបានជាង៣ពាន់លានដុល្លារកើនជាង ៥៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរយៈកំណើនដ៏ខ្ពស់នេះ ក្រុមមន្រ្តីរដ្ឋាភិបាល វៀតណាម មានសុទិដ្ឋិនិយមថា ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ នឹងបំណែកកំណត់ត្រាថ្មី ដែលនឹងសម្រេចបានទំហំទឹកប្រាក់នាំចេញរហូតដល់ ៥ ពាន់លានដុល្លារ នៅឆ្នាំនេះ។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានបង្ហាញថា ការនាំចេញបន្លែ និងផ្លែឈើក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះសម្រេចបាន ៣,៤៥ ពាន់លានដុល្លារ ដោយកើនឡើង ៥៧,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ប្រភពដដែលបានបន្តថា កាលពីឆ្នាំ២០១៨ វៀតណាមបានកំណត់គោលដៅជំរុញការនាំចេញបន្លែ និងផ្លែឈើនៅក្នុងឆ្នាំ២០២៣ នេះត្រឹមតែជាង ៣,៨ ពាន់លានដុល្លារ ប៉ុណ្ណោះ ប៉ុន្តែជាមួយនឹងកំណើននៃការបញ្ជាទិញ តាំងពីដើមឆ្នាំមក ក្រុមមន្រ្តីវៀតណាមជាច្រើនមានសុទិដ្ឋិនិយមថា ការនាំចេញផ្លែឈើ និងបន្លែនឹងឈានដល់កំណត់ត្រាថ្មីចំនួន ៥ ពាន់លានដុល្លារ នៅឆ្នាំ២០២៣។
សារព័ត៌មាន The Vietnam News បានរាយការណ៍ ថា ពិធីសារដែលវៀតណាមបានចុះហត្ថលេខាជាមួយប្រទេសចិនក្នុងឆ្នាំ២០២២ បានជួយឱ្យការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមមានភាពរឹងមាំនៅឆ្នាំនេះ ។
ផលិតផលផ្លែឈើ និងបន្លែដែលមានទំហំនាំចេញធំជាងគេ រួមមានទុរេន ស្វាយ ផ្លែស្រកានាគ និងចេក ។
លោក ដាង ភុក ឃ្វៀន ( Đặng Phúc Nguyên) អគ្គលេខាធិការសមាគមផ្លែឈើវៀតណាមបានមានប្រសាសន៍ថា ការកើនឡើងនៃការនាំចេញផ្លែឈើ និងបន្លែត្រូវបានជំរុញដោយការកើនឡើងនៃការទិញរបស់ទីផ្សារចិន។ លើសពីនេះ ប្រទេសជាច្រើនបានបង្កើនការនាំចូលបន្លែ និងផ្លែឈើពីវៀតណាម ដោយសារផលិតកម្មរបស់ពួកគេរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងទឹកជំនន់។
ស្ថិតិរបស់នាយកដ្ឋាននាំចេញ-នាំចូល ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបង្ហាញថា ការនាំចេញបន្លែ និងផ្លែឈើទៅកាន់ប្រទេសចិន បានឈានដល់តម្លៃសរុប ជាង ២ ពាន់លានដុល្លារ ក្នុងខែមករាដល់ខែកក្កដា ពោលគឺកើនឡើងជាង ១២៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ត្រាញ់ ថាញ់ហៃ (Traần Thanh Hải) អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញបាន មានប្រសាសន៍ថា ការនាំចេញបន្លែនិងផ្លែឈើវៀតណាមនៅមានឱកាសនាំចេញបន្ថែមទៀត ដោយសារតែពេលនេះតទៅ ទីផ្សារតំបន់និងពិភពលោកនៅសេសសល់ព្រឹត្តិការណ៍បុណ្យទានសំខាន់ៗ ដែលត្រូវ ការបន្លែនិងផ្លែឈើជាច្រើនទៀត ។
តាមសិ្ថតិបានអះអាងថា រហូតដល់ដំណាច់ឆ្នាំនេះ វៀតណាមនៅមានសក្តានុពល ដើម្បីផលិត និងលក់បន្លែក៏ដូចជាផ្លែឈើនៅក្នុងបរិមាណសរុបប្រមាណជាជិត៨លានតោនទៀតឯណោះ ខណៈដែលតម្លៃទុរេនរបស់វៀតណាមត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងក្នុងខែកញ្ញា ស្របពេលដែលប្រភពផ្គត់ផ្គង់ភាគច្រើននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតបានអស់នៅពេលដែលរដូវប្រមូលផលបានបញ្ចប់ ដែលផ្តល់អត្ថប្រយោជន៍ដល់ការនាំចេញផ្លែឈើរបស់វៀតណាម។
លោក ឃ្វៀន រំពឹងថា ការនាំចេញទុរេនពេញមួយឆ្នាំនេះអាចមានតម្លៃដល់ទៅ ១,៥ ពាន់លានដុល្លារ រីឯការនាំចេញផ្លែខ្នុររបស់វៀតណាមទៅកាន់ទីផ្សារចិនក៏នឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះដែរ៕