Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិន​ប្រតិកម្ម​​ចំពោះ​រដ្ឋមន្ត្រី​អាល្លឺម៉ង់​ ដែលហៅ​លោក ស៊ី ជា «ជន​ផ្តាច់ការ»

Admin Alynana | Sep 19, 2023
ចិន​ប្រតិកម្ម​​ចំពោះ​រដ្ឋមន្ត្រី​អាល្លឺម៉ង់​ ដែលហៅ​លោក ស៊ី ជា «ជន​ផ្តាច់ការ»
Clinic narith

ក្រសួងការបរទេសចិនបាន​ឱ្យ​ដឹង​នៅ​ថ្ងៃចន្ទថា ប្រទេសចិន បានតវ៉ា​ទៅកាន់ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​បាន​ដាក់ងារ​លោកប្រធានាធិបតី ​ស៊ី ជីនភីង (Xi Jinping) ថាជា «ជនផ្តាច់ការ» ដោយបានហៅ​ការ​ដាក់​​ងារ​​បែបនេះ​ថា «មិនសមហេតុផល» និង ​ជា «ការញុះញង់នយោបាយបើកចំហ» ។

ទីភ្នាក់ងាររ៉យទ័រ បាន​រាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ Annalena Baerbock បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយ Fox News កាលពីសប្តាហ៍មុន នៅពេលសួរអំពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។

​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ បាន​និយាយ​នៅ​ពេលនោះថា៖​«ប្រសិនបើលោក ពូទីន ឈ្នះសង្គ្រាមនេះ តើនឹងជាសញ្ញាសម្រាប់មេដឹកនាំផ្តាច់ការផ្សេងទៀតនៅក្នុងពិភពលោក ដូចជាលោកស៊ី ដូចជាប្រធានាធិបតីចិន?»។​

លោកស្រី​ Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ការលើកឡើងរបស់លោកស្រីរដ្ឋមន្ត្រី​​ Baerbock គឺ «មិនទំនងទាល់តែសោះ» និងបានរំលោភលើសេចក្តីថ្លៃថ្នូរខាងនយោបាយរបស់ប្រទេសចិន។

​នៅ​ក្នុង​កម្មវិធី​សន្និសីទសារព័ត៌មាន​ជា​ប្រចាំ​មួយ​ លោកស្រី​ អ្នកនាំពាក្យក្រសួងការបរទេសចិន បាន​លើក​ឡើង​ថា៖«​នេះ​គឺ​ជាការ​ញុះញង់នយោបាយបើកចំហ» ដោយបន្ថែមថា​ប្រទេសចិនបានតវ៉ា​ទៅកាន់ប្រទេសអាល្លឺម៉ង់។

 

​Baerbock គឺជាអ្នករិះគន់ចិនដោយនិយាយមិនសំចៃ​មាត់នោះទេ​​។

កាលពីខែសីហា លោកស្រីរដ្ឋមន្ត្រី​បាននិយាយថា ប្រទេសចិនបានបង្កបញ្ហាប្រឈមចំពោះ «មូលដ្ឋានគ្រឹះនៃរបៀបដែលយើងរស់នៅជាមួយគ្នានៅក្នុងពិភពលោកនេះ»។

មុននេះ លោកស្រីបានពណ៌នាអំពីទិដ្ឋភាពនៃការធ្វើដំណើរទៅកាន់ប្រទេសចិនថា «ច្រើនជាងការភ្ញាក់ផ្អើល» ហើយបាននិយាយថា ទីក្រុងប៉េកាំងកំពុងក្លាយជាគូប្រជែងជាប្រព័ន្ធច្រើនជាងដៃគូពាណិជ្ជកម្ម។

កាលពីខែមិថុនា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden) ក៏បានហៅលោក ស៊ី​ ថាជា «ជនផ្តាច់ការ» មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្ល៊ីនកែន (Antony Blinken) បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដែល​ជា​ដំណើរទស្សនកិច្ច​ថ្នាក់​ខ្ពស់បំផុត​​ក្នុងរយៈពេល​ជា​ច្រើនឆ្នាំ​ ដើម្បី​​បន្ថយ​កម្រិត​កម្តៅ​​របស់មហាអំណាច​ទាំង២៕