Alynana Media Cambodia
Icon Collap
clinic narit

លោក ហ៊ុន ម៉ាណែត ស្នើទៅក្រុមអ្នកវិភាគ ដែលវាយប្រហាររាជរដ្ឋាភិបាល ឱ្យមានស្មារតីជាតិនិយមខ្លះផង

Admin Alynana | Sep 19, 2023
លោក ហ៊ុន ម៉ាណែត ស្នើទៅក្រុមអ្នកវិភាគ ដែលវាយប្រហាររាជរដ្ឋាភិបាល ឱ្យមានស្មារតីជាតិនិយមខ្លះផង
Clinic narith

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅកាន់ក្រុមអ្នកវិភាគមួយចំនួន ដែលតែងវាយប្រហាររាជរដ្ឋាភិបាល គួរតែមានស្មារតីជាតិនិយមខ្លះផង ហើយត្រូវចេះលើកសរសើរអ្វីដែលពលរដ្ឋខ្មែរបានធ្វើកន្លងមក។

សម្តេចធិបតី បានលើកឡើងបែបនេះ ខណៈដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត​នៅខេត្តតាកែវ។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីមានបុគ្គលមួយចំនួន បានវាយប្រហារចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសចិន។

សម្តេចធិបតី បានលើកឡើងដូច្នេះថា៖ «ខ្ញុំមិនចង់ឱ្យកូនខ្មែរ កូនខ្ញុំ ចៅខ្ញុំ ចៅទួតខ្ញុំ ដែលថ្ងៃណាមួយបាត់អត្តសញ្ញាណ ឬមួយធ្វើជាជនជាតិខ្មែរក្រោមរណបនរណាមួយទេ មិនអាចធ្វើបានទេ សម្តេចតេជោ ក៏ដូចគ្នា ថ្នាក់ដឹកនាំយើងក៏ដូចគ្នា»។

សម្តេចធិបតី បានបញ្ជាក់បន្ថែមថា កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ធ្វើទំនាក់ទំនងជាមួយរដ្ឋដទៃដោយស្មើមុខស្មើមាត់ ដែលសម្តេចបានបញ្ជាក់ថា ទោះបីជាកម្ពុជាជាប្រទេសតូច ប៉ុន្តែបានអង្គុយស្មើមុខស្មើមាត់ជាមួយនឹង ប្រធានាធបិតីចិន ស៊ី ជិនពីង និងមេដឹកនាំប្រទេសផ្សេងៗ។ «យើងចរចាក្នុងនាមជារដ្ឋអធិបតេយ្យភាពមួយ ដែលចេញទៅការពារផលប្រយោជន៍ប្រជាពលរដ្ឋ»។

សម្តេចបានបន្ថែមថា ដំណើររបស់សម្តេចទៅកាន់ប្រទេសចិន មានអ្នកបកស្រាយច្រើន ហើយវាយប្រហារថាជាការខាតបង់របស់កម្ពុជាជាដើម។

សម្តេចបានបញ្ជាក់បន្ថែមថា «អ្នកវិភាគ សិទ្ធិ(អ្នក)ក៏សិទ្ធិចុះ ប៉ុន្តែសូមឱ្យមានស្មារតីជាតិនិយមខ្លះផង វាយប្រហាររាជរដ្ឋាភិបាល វាយចំណុចខ្សោយក៏វាយទៅ ប៉ុន្តែគួរគិតពីអ្វី ទទួលស្គាល់ អ្វីដែលផ្តល់ផលប្រយោជន៍ឱ្យប្រជាជនយើងផ្ទាល់ សូមលើកសរសើរខ្លះផង»។

សម្តេចមិនទាមទារឱ្យក្រុមប្រឆាំង ឬអ្នកវិភាគទាំងនោះកោតសរសើរអំពីការខិតខំប្រឹងប្រឹងរបស់សម្តេចនោះទេ ប៉ុន្តែពួកគេគួរតែសរសើរអ្វីដែលប្រជាពលរដ្ឋខ្មែរ បានធ្វើកន្លងមកដើម្បីជាតិផង៕