(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងបន្តបញ្ចេញសាច់ប្រាក់ដុល្លារអាម៉េរិកក្នុងទីផ្សារ រាល់ថ្ងៃពុធ និងថ្ងៃសុក្រ រហូតដល់ស្ថានភាពអត្រាប្តូរប្រាក់នៅកម្ពុជា មានលំនឹងឡើងវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ ដោយបានបញ្ជាក់ថា ការបន្តធ្វើបែបនេះ ដើម្បីជួយពង្រឹងអំណាចទិញប្រាក់រៀល និងរួមចំណែកគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ-១៩។
ការសម្រេចបន្តធ្វើអន្តរាគមន៍ក្នុងទីផ្សារអត្រាប្តូរប្រាក់នេះ បានកើតឡើង បន្ទាប់ពីធនាគារដាក់បានឱ្យដេញថ្លៃលក់ប្រាក់អស់ចំនួន៥០លានដុល្លារអាម៉េរិក ជាមួយគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងអាជីករប្តូរប្រាក់ទាំងអស់ ដើម្បីរក្សាតុល្យភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា នារយៈពេល២សប្តាហ៍ចុងក្រោយនេះ ។ ក្នុងនោះ ធនាគារជាតិបញ្ចេញប្រាក់អស់១០លានដុល្លារថ្ងៃទី៦កញ្ញា, ទឹកប្រាក់១៥លានដុល្លារ ថ្ងៃទី៨កញ្ញា , ទឹកប្រាក់១០លានដុល្លារ ថ្ងៃទី១៣ កញ្ញា និងទឹកប្រាក់១៥លានដុល្លារទៀត ថ្ងៃទី ១៥ កញ្ញា ។
ក្រោយការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារទាំងនេះបានចំនួន៤លើកមក ធនាគារជាតិកត់សម្គាល់ឃើញថា អត្រាប្តូររៀល ធៀបនឹងដុល្លារអាម៉េរិក គឺបានធ្លាក់ដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។ ប៉ុន្តែ ដោយសារឃើញការប្រែប្រួលតម្លៃប្រាក់ដុល្លារនៅលើទីផ្សារអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងអនាគត ទើបធនាគារជាតិ សម្រេចបន្តគ្រប់គ្រងសម្ពាធលើទីផ្សារប្រាក់បន្ថែមទៀត។
សេចក្តីជូនដំណឹងរបស់ធនាគារជាតិដែលចេញនៅថ្ងៃទី១៨កញ្ញា បានរៀបរាប់យ៉ាងដូច្នេះ៖ «ការធ្វើអន្តរាគមន៍គ្រោង នឹងធ្វើឡើងចំនួន២ដងក្នុងមួយសប្តាហ៍( គឺថ្ងៃពុធ និងថ្ងៃសុក្រ) សម្រាប់រយៈពេល៤សប្តាហ៍តទៅមុខទៀត»។
ប្រាក់រៀលកំពុងធ្លាក់ថ្លៃជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន។ ហេតុផលចម្បងដែលធ្វើឱ្យលុយរៀលចុះថោកនេះ ព្រោះតែកត្តារដូវកាល និងសម្ពាធនៃការកើនឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក នៅលើទីផ្សារអន្តរជាតិ។ សេចក្តីជូនដំណឹងរបស់ធនាគារ កាលពីថ្ងៃទី២៩សីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា កត្តារដូវកាល កំណើនតម្រូវការប្រាក់រៀល បានថយល្បឿននៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាល ដែលសកម្មភាពទេសចរណ៍មិនមានភាពមមាញឹក(Low Season) ។
រីឯ ប្រាក់ដុល្លារអាម៉េរិក បានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្តាលអាម៉េរិក បន្តដំឡើងអត្រាការប្រាក់គោល។ ការណ៍ដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិកនេះ បានទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាម៉េរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាម៉េរិក លើទីផ្សារអន្តរជាតិ៕