Alynana Media Cambodia
Icon Collap
clinic narit

ឥណ្ឌានិងកាណាដា តឹងសរសៃ.ក ដាក់គ្នា ពាក់ព័ន្ធការស្លាប់ មេដឹកនាំចលនាបំបែកខ្លួន

Admin Alynana | Sep 19, 2023
ឥណ្ឌានិងកាណាដា តឹងសរសៃ.ក ដាក់គ្នា ពាក់ព័ន្ធការស្លាប់ មេដឹកនាំចលនាបំបែកខ្លួន
Clinic narith

រដ្ឋាភិបាលទីក្រុងញូវដែលីនៅថ្ងៃអង្គារទី១៩ខែកញ្ញា បានច្រានចោលការចោទប្រកាន់មិនសមហេតុផល របស់រដ្ឋាភិបាលកាណាដាដែលថា ភ្នាក់ងារឥណ្ឌា មានជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំចលនាបំបែកខ្លួន Khalistan លោក Hardeep Singh Nijjar ដែលជាពលរដ្ឋកាណាដា។

លោក Nijjar ដែលជាអ្នកគាំទ្រប្តូរផ្តាច់ចំពោះចលនា Khalistan ស្វែងរកឯករាជ្យនៅក្នុងតំបន់ Punjab នៃប្រទេសឥណ្ឌា ត្រូវបានគេបាញ់កាលពីថ្ងៃទី១៨ខែមិថុនា នៅខាងក្រៅមជ្ឈមណ្ឌលវប្បធម៌ Sikh ក្នុងទីក្រុង Surrey នៃខេត្ត British Columbia។

ការបដិសេធនេះកើតឡើង បន្ទាប់ពីរដ្ឋាភិបាលកាណាដា សម្រេចបណ្តេញអ្នកការទូតជាន់ខ្ពស់ឥណ្ឌាម្នាក់កាលពីថ្ងៃចន្ទ ខណៈទីក្រុងអូតាវ៉ាស៊ើបអង្កេត លើអ្វីដែលលោកនាយករដ្ឋមន្ត្រី Justin Trudeau ចាត់ទុកជារឿងគួរឲ្យជឿជាក់ដែលថា រដ្ឋាភិបាលឥណ្ឌាអាចមានទំនាក់ទំនងជាមួយការសម្លាប់សកម្មជន Khalistani។

 

លោក Trudeau បានថ្លែងសុន្ទរកថាបន្ទាន់មួយទៅកាន់សមាជិកសភា នៅរសៀលថ្ងៃចន្ទទី១៨ខែកញ្ញា ដោយជូនដំណឹងដល់ពួកគេថា ភ្នាក់ងារសន្តិសុខកាណាដា បាននិងកំពុងបន្តពិនិត្យការចោទប្រកាន់ដ៏គួរឲ្យជឿជាក់ នៃទំនាក់ទំនងរវាងភ្នាក់ងាររបស់រដ្ឋាភិបាលឥណ្ឌា និងការសម្លាប់លោក Nijjar នៅលើទឹកដីកាណាដា។

ទោះបីជាយ៉ាងណាក៏ដោយ ជាការឆ្លើយតប ក្រសួងការបរទេសឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍មួយថា “ការចោទប្រកាន់អំពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងអំពើហិង្សាណាមួយនៅប្រទេសកាណាដា គឺជារឿងមិនសមហេតុផលទាល់តែសោះ និងមានរឿងនៅពីក្រោយខ្នង។ ការចោទប្រកាន់មិនច្បាស់លាស់បែបនេះ គ្រាន់តែជាការព្យាយាមបង្វែរចំណាប់អារម្មណ៍ពីក្រុមភេរវករ Khalistani និងពួកជ្រុលនិយម ដែលត្រូវបានផ្តល់ជម្រកនៅក្នុងប្រទេសកាណាដា និងបន្តគំរាមកំហែងដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសឥណ្ឌាប៉ុណ្ណោះ។ ភាព​អសកម្ម​របស់​រដ្ឋាភិបាល​កាណាដា​លើ​បញ្ហា​នេះ ​គឺជា​ក្តី​ព្រួយ​បារម្ភ​ជា​យូរ​មក​ហើយ​”។

សូមបញ្ជាក់ កាលពីព្រឹកថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រកាសបណ្តេញប្រមុខចារកម្មឥណ្ឌា នៅក្នុងប្រទេសកាណាដា ដោយសារតែការចោទប្រកាន់ថា ឥណ្ឌាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះ។ លោកស្រីនិយាយថា “ប្រសិនបើរឿងនេះពិតមែននោះ វានឹងក្លាយជាការរំលោភលើអធិបតេយ្យរបស់យើង”៕