Alynana Media Cambodia
Icon Collap
clinic narit

ហេតុអ្វីការកើនឡើងតម្លៃអង្ករកំពុងសាបព្រួសទាំងក្តីសង្ឃឹម និងបញ្ហាសម្រាប់កសិករថៃដែលកំពុងជំពាក់បំណុល?

Media LNN | Sep 19, 2023
ហេតុអ្វីការកើនឡើងតម្លៃអង្ករកំពុងសាបព្រួសទាំងក្តីសង្ឃឹម និងបញ្ហាសម្រាប់កសិករថៃដែលកំពុងជំពាក់បំណុល?
Clinic narith

កំណើននៃតម្លៃអង្ករនៅលើពិភពលោកផ្តល់នូវសេចក្តីសង្ឃឹមផង និងការព្រួយបារម្ភផងដល់កសិករថៃ ជាពិសេសគ្រួសារកសិករ ដែលកំពុងតែត្រដរស់ជាមួយនឹងបំណុល ។ កសិករនៅថៃត្រេកអរ និងតម្លៃស្រូវ/អង្ករល្អ ប៉ុន្តែទន្ទឹមនឹងដំណឹងរីករាយ រឿងដែលបារម្ភគឺពាក់ព័ន្ធ នឹងបញ្ហាប្រែប្រួលបាតុភូតធម្មជាតិ ដែលពួកគេអាចប្រឈមទាំងការហូបចុក និងការផលិត ខណៈដែលការប្រើប្រាស់ទឹកត្រូវបានអាជ្ញាធរជូនដំណឹងឲ្យមានការសន្សំសំចៃខ្ពស់ចាប់ពីពេលនេះតទៅ។

បន្ទាប់ពីបានបញ្ចប់ការប្រមូលផលស្រូវចុងក្រោយនេះ កសិករមួយចំនួននៅក្នុងប្រទេសថៃ បាននិងកំពុងតែប្រញាប់ប្រញាល់ឈូសឆាយដីស្រែ និងស្រាបព្រួសស្រូវថ្មីនៅចុងខែសីហា ដោយមិនអើពើនឹងការណែនាំរបស់រាជរដ្ឋាភិបាលថៃ ក្នុងការដាក់កម្រិតលើការសាបព្រួសស្រូវបន្ថែមទៀតនៅឆ្នាំនេះ ដើម្បីសន្សំសំចៃទឹកនោះទេ។

កសិករខ្លះនៅ ភាគកណ្តាលប្រទេសថៃបានលើកឡើងប្រាប់អ្នកសារព័ត៌មានថា ស្រូវនេះ គឺជាក្តីសង្ឃឹមរបស់គ្រួសារគាត់ ដ្បិតថា កសិផលនេះ កំពុងគឺជួយឲ្យពួកគេអាចដោះខ្លួន ចេញពីបំណុលដែលជំពាក់រាប់ពាន់ដុល្លារក្នុងមួយគ្រួសារ ខណៈដែលតម្លៃអង្ករកំពុងតែត្រូវប៉ាន់ ស្របពេលដែលតម្លៃអង្ករពិភពលោក ឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រហែល១៥ ឆ្នាំមកនេះ បន្ទាប់ពីប្រទេសឥណ្ឌាបន្តរិតត្បិតលើការនាំចេញអង្ករ ។

នេះគឺជាក្តីសង្ឃឹម របស់គ្រួសារកសិករទូទៅនៅប្រទេសថៃ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រព័ន្ធដាំដុះស្រូវ ដែលមានអាយុកាលរាប់សតវត្ស របស់ប្រទេសថៃកំពុងតែស្ថិតក្រោមភាពតានតឹងយ៉ាងធ្ងន់ធ្ងរ ដោយសារតែការប្រែប្រួលអាកាសធាតុ ការធ្វើកសិកម្មគ្មាននិរន្តរភាព និងកង្វះការច្នៃប្រឌិត។

អ្នកជំនាញបានអះអាងថា សម្ពាធទាំងនេះ កំពុងធ្វើទុកបុកម្និញ ដល់កសិករថៃ ដែលជំពាក់បំណុលគេ បើទោះបីជា មានការឧបត្ថម្ភធនរាប់សិបពាន់លានដុល្លារពីរដ្ឋ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះក៏ដោយ។

អ្នកជំនាញកសិកម្មនៅក្នុងប្រទេសថៃ បាននិយាយថា គ្រួសារកសិករជាច្រើនបានកំពុងតែផុងខ្លួននឹងបំណុល ដែលពួកគេបុលពីស្ថាប័នហិរញ្ញវត្ថុ ដើម្បីទទួលបានទុនមកគាំទ្រដល់ដំណើរការបង្កបង្កើនផលរបស់ពួកគេ ប៉ុន្តែមកដល់ពេលនេះ មានគ្រួសារកសិករថៃជាច្រើនកំពុងតែផុងនឹងបំណុលទាំងនោះ។

លោក ស៊ុំផន អ៊ីវីឡានុដា (Somporn Isvilanonda)អ្នកជំនាញកសិកម្មមួយរូប បានឲ្យដឹងថា ការធ្លាក់ចុះនៃផ្ទៃដីដាំដុះអាចកាត់បន្ថយទិន្នផលស្រូវរបស់ប្រទេសថៃ ហើយបន្ថែមសម្ពាធអតិផរណាតម្លៃស្បៀងដែលកំពុងកើនឡើង បន្ទាប់ពីលក្ខខណ្ឌគ្រោះរាំងស្ងួតនៅតាមប្រទេសផលិតស្រូវសំខាន់ៗផ្សេងទៀត និងប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់ពាន់លាននាក់ ដែលចាត់ទុកគ្រាប់ធញ្ញជាតិជាអាហារសំខាន់។

យោងតាមក្រុមហ៊ុន Krungsri Research បានឱ្យដឹងថា ប្រទេសថៃបាននាំចេញអង្ករចំនួន ៧លាន៧សែនតោនក្នុងឆ្នាំ ២០២២ ទៅកាន់ប្រទេសនានានៅទូទាំងមជ្ឈិមបូព៌ា អាស៊ី និងអាហ្វ្រិក ប៉ុន្តែលោក អ្នកជំនាញបាននិយាយថា ផ្ទៃដីដាំដុះកំពុងធ្លាក់ចុះដោយសារតែខ្វះទឹកភ្លៀង និងទឹកស្រោចស្រព។

យោងតាមការព្យាករណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា កង្វះខាតទឹកទំនងជានឹងកាន់តែអាក្រក់ទៅៗដល់ឆ្នាំ ២០២៤ នៅពេលដែលបាតុភូតអាកាសធាតុ El Nino បង្កគ្រោះរាំងស្ងួតកាន់តែខ្លាំង។

លោកបានបន្តថា ដោយសារតែបញ្ហានេះ ទោះបីពេលនេះតម្លៃអង្ករឡើងខ្ពស់ក៏ដោយ ក៏កសិករមិនអាចចាប់យកឱកាសផលិតស្រូវបានទិន្នផលខ្ពស់ដែរ ហើយផ្ទុយទៅវិញ ទិន្នផលស្រូវនឹងធ្លាក់ចុះប្រហែល ៣០ ដោយសារកង្វះខាតទឹក៕