Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងកសិកម្ម ផ្ដល់ការសិក្សាលើការវិនិយោគដំណាំកសិកម្មថ្មីៗ ដែលអាចនាំចេញទៅប្រទេសជប៉ុន

Admin Alynana | Sep 19, 2023
ក្រសួងកសិកម្ម ផ្ដល់ការសិក្សាលើការវិនិយោគដំណាំកសិកម្មថ្មីៗ ដែលអាចនាំចេញទៅប្រទេសជប៉ុន
Clinic narith
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Nishida Barley Processing Co., Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ដែលក្រុមហ៊ុនមានគោលបំណងជំរុញការដាំដុះ «ដំណាំស្គួយ-Barley» នៅកម្ពុជា និងធ្វើការកែច្នៃនាំចេញទៅប្រទេសជប៉ុន។
 
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំថា អាទិភាពនៃការអភិវឌ្ឍកសិកម្មនៅកម្ពុជា គឺជំរុញកសិផលដែលមានសក្តានុពល និងមានទីផ្សារស្រាប់ ដើម្បីធ្វើឱ្យកសិករមានប្រាក់ចំណូល និងមានជីវភាពល្អប្រសើរជាងមុន។ កម្ពុជាមានភាពខ្លាំងរបស់ខ្លួនលើដំណាក់កាលផលិតកម្មនិងការដាំដុះនៃច្រវាក់ផលិតកម្ម តែនៅត្រូវការចាំបាច់ច្រើននូវការវិនិយោគលើការកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសសម្រាប់ទីផ្សារនាំចេញ។
 
បើតាមឯកឧត្តមរដ្ឋមន្ដ្រី បើចង់ជំរុញឱ្យកសិករដាំដុះដំណាំប្រភេទថ្មី ចាប់យកទីផ្សារថ្មី បង្កើតច្រវាក់ផលិតកម្មថ្មី លុះត្រាតែក្រុមហ៊ុនអាចធានាឱ្យបាននូវនិរន្តរភាពនៃទីផ្សារធំទូលំទូលាយ និងអាចផ្តល់ប្រាក់ចំណេញយូរអង្វែង ទើបមានការចូលរួមពីកសិករ។
 
ទោះជាយ៉ាងណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅតែផ្តល់ការសហការគាំទ្រ និងសិក្សាបន្តទៀតសម្រាប់ការវិនិយោគដំណាំកសិកម្មថ្មីៗនៅកម្ពុជា៕