(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសព័ត៌មានពីការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម។ ដំណោះស្រាយភ្លាមៗនេះ បានឡើងតាមការណែនំា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីម្សិលមិញនៅក្នុងខេត្តតាកែវ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់។
ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លើមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលានិងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្តាញជាតិបានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ខែ ចុងក្រោយ ទៅតាមលក្ខខណ្ឌដូចខាងក្រោម៖
*បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩យប់។
*បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៩យប់ ដល់ម៉ោង៧ ព្រឹក និង២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិរយៈពេលអនុគ្រោះថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើ មានរយៈពេល ៣ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។
*អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ដែលយល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្ងៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន។
គួរជម្រាបថា ការផ្តល់ថ្លៃអនុគ្រោះនេះ មិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋាននោះទេ ដោយអ្នកប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភធនរួចហើយ៕