អស់មួយទសវត្សរ៍ចាប់តាំងពីប្រទេសចិនបានស្នើឡើងជាលើកដំបូងនូវគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវាត់ និងផ្លូវ (BRI) គម្រោងវិនិយោគពិភពលោកដ៏មានមហិច្ឆតានេះបានពង្រីកយ៉ាងខ្លាំងទាំងឥទ្ធិពលពាណិជ្ជកម្ម និងនយោបាយអន្តរជាតិរបស់ប្រទេសចិន។ ក្នុងរយៈពេល ១០ ឆ្នាំមកនេះ ទីក្រុងប៉េកាំងពិតជាមានសក្តានុពលកាន់តែខ្លាំងនៅលើឆាកពិភពលោក ប៉ុន្តែព្រឹត្តិការណ៍ដ៏សំខាន់នេះក៏ភ្ជាប់មកជាមួយនឹងបញ្ហាប្រឈមគួរឱ្យកត់សម្គាល់មួយចំនួនដែលទាមទារការផ្លាស់ប្តូរយុទ្ធសាស្ត្រវិនិយោគថ្មីៗរបស់ចិននៅក្នុងគម្រោងនេះផងដែរ។
លទ្ធផលផ្នែកវិជ្ជមានពីការអនុវត្តគម្រោងខ្សែក្រវាត់ និងផ្លូវ៖
រហូតមកទល់ពេលនេះ មានប្រទេសជាង ១៥០ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសចិន ដោយបានពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចសហប្រតិបត្តិការលើការវិនិយោគក្នុងគម្រោងក្នុងនោះរាប់ទាំងប្រទេសកម្ពុជាផងដែរ។ នៅខែតុលាខាងមុខនេះ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទីបីនៅទីក្រុងប៉េកាំង ដោយបង្ហាញពីការយកចិត្តទុកដាក់បន្តរបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមដ៏មហិមានេះ យោងតាមសារៈព័ត៌មាន Nikkei Asia កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣។
ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយប្រទេសអ្នកចូលរួមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវបានកើនឡើងគួរឱ្យកត់សម្គាល់ គឺរហូតដល់ ៧៦% ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២ ដែលតួលេខនេះ គឺលើសពីការកើនឡើង ៥១%នៃអត្រាពាណិជ្ជកម្មរួមទាំងមូលរបស់ប្រទេសចិន នេះបើយោងតាមទីភ្នាក់ងារគយរបស់ខ្លួន។ លើសពីនេះ អតិរេកពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ ក៏បានកើនឡើងជាលំដាប់ ដោយឈានដល់ ១៩៧,៩ពាន់លានដុល្លារសម្រាប់រយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៣ ដែលអត្រាកម្រិតខ្ពស់ប្រចាំឆ្នាំថ្មីនេះ។ អតិរេកនេះតំណាងឱ្យតម្លៃប្រហែល ៤០% ធៀបនឹងតម្លៃអតិរេកពាណិជ្ជកម្មសរុបរបស់ប្រទេសចិន ដែលជាផលលាភសម្រាប់យោងសេដ្ឋកិច្ចដ៏មានតម្លៃមួយរបស់ចិន ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
ម្យ៉ាងទៀត ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសកំពុងរីកចម្រើនបានជំរុញយ៉ាងខ្លាំងនូវឥទ្ធិពលរបស់ចិននៅលើឆាកអន្តរជាតិ។ ដូចដែលលោកសាស្ត្រាចារ្យ Junya Sano នៃវិទ្យាស្ថានស្រាវជ្រាវជប៉ុនបានកត់សម្គាល់ថា “គម្រោងខ្សែក្រវាត់និងផ្លូវ បានធ្វើឱ្យប្រទេសចិនលែងឯកោក្នុងចំណោមប្រទេសសមាជិកអង្គការសហប្រជាជាតិ” ។
បញ្ហាប្រឈមពីការអនុវត្តគម្រោងខ្សែក្រវាត់ និងផ្លូវ៖
ទន្ទឹមនឹងផលប្រយោជន៍ ផ្ទុយទៅវិញ ប្រទេសក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវមួយចំនួន ក៏កំពុងប្រឈមមុខនឹងឱនភាពពាណិជ្ជកម្មដែលកំពុងកើនឡើងផងដែរ ខណៈដែលក្តីសង្ឃឹមរបស់ពួកគេសម្រាប់ការពង្រីកការចូលទៅកាន់ទីផ្សារចិនកំពុងធ្លាក់ចុះបន្តិចម្តងៗ។ ករណីជាក់ស្តែងមួយគឺប្រទេសអ៊ីតាលីដែលបានចូលរួមក្នុងគម្រោងនេះ ក្នុងឆ្នាំ ២០១៩។ ក្នុងរយៈពេលបីឆ្នាំរហូតដល់ឆ្នាំ ២០២២ ឱនភាពពាណិជ្ជកម្មរបស់អ៊ីតាលីជាមួយចិន បានកើនឡើងកាន់តែច្រើនជាងមុន។
រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Antonio Tajani បានកត់សម្គាល់យ៉ាងចំៗថា “គម្រោងខ្សែក្រវាត់ និងផ្លូវជាមួយចិន មិនបាននាំមកនូវលទ្ធផលដែលយើងរំពឹងទុកនោះទេ” ។ បច្ចុប្បន្ន ប្រទេសអ៊ីតាលីកំពុងពិចារណាថាតើគួរបន្តអនុវត្តគម្រោងនេះជាមួយចិនទៅមុខទៀតឬក៏អត់។
លក្ខខណ្ឌតឹងរ៉ឹងរបស់ប្រទេសចិនលើការផ្តល់ហិរញ្ញប្បទានទាក់ទងនឹងគម្រោងខ្សែក្រវាត់ និងផ្លូវ ក៏បានបញ្ឆេះការព្រួយបារម្ភពីសំណាក់អ្នករៀបចំគោលនយោបាយមួយចំនួនផងដែរ។ ឧទាហរណ៍ករណីដូចជាបំណុលរបស់ប្រទេសស្រីលង្កាក្នុងការសងបំណុលរបស់ខ្លួន ដែលនាំឱ្យប្រទេសចិនទទួលបានការគ្រប់គ្រងលើកំពង់ផែ Hambantota លើការជួលរយៈពេល ៩៩ ឆ្នាំ បានជំរុញឱ្យមានការភ័យខ្លាចនៃការធ្លាក់ចូលទៅក្នុង “អន្ទាក់បំណុល” ទោះបីជាមានការបដិសេធរបស់ប្រទេសចិនចំពោះសេណារីយ៉ូបែបនេះចំពោះប្រទេសផ្សេងទៀតក៏ដោយ។
ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសចិន និងការកើនឡើងនៃភាពមិនប្រក្រតី ដែលមួយផ្នែកបណ្តាលមកពីកត្តាដូចជាវិបត្តិជំងឺ COVID-19 បានរួមចំណែកដល់ការធ្លាក់ចុះនៃការបន្តពង្រីកវិនិយោគក្រៅស្រុករបស់ចិនតាមរយៈគម្រោងខ្សែក្រវាត់និងផ្លូវនេះ។ ទុនបំរុងបរទេសរបស់ចិន ដែលជាឈាមនៃការវិនិយោគថ្មីៗ នៅតែបន្តនៅទ្រឹង ពោលគឺមានតម្លៃត្រឹមតែជាង ៣ ពាន់ពាន់លានដុល្លារប៉ុណ្ណោះ បើគិតមកដល់ពេលនេះ។ ដូច្នេះហើយ សមត្ថភាពរបស់ចិនក្នុងការបន្តវិនិយោគក្នុងប្រទេសកំពុងរីកចម្រើនតាមរយៈគម្រោងនេះ គេមិនរំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងនោះទេ យ៉ាងហោចណាស់ត្រឹមមួយរយៈចុងក្រោយនេះ។
ទោះជាយ៉ាងណាក៏ដោយ ចិនក៏ពិបាកនឹងមិនបន្តគម្រោងខ្សែក្រវាត់និងផ្លូវ ដែលផ្តោតជាពិសេសលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងនោះដែរ។ ផ្ទុយទៅវិញ ចេញពីបទពិសោធន៍នេះ លោកប្រធានាធិបតីចិន ស៊ី ជីងពីង កំពុងពិចារណាឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួន ធ្វើយ៉ាងណាកែលម្អយុទ្ធសាស្ត្រអនុវត្តគម្រោងខ្សែក្រវាត់និងផ្លូវ ដោយបង្កើនប្រាក់ចំណេញទៅក្នុងអតិរេកពាណិជ្ជកម្មចិនឱ្យបានច្រើនជាងមុន៕