នៅចំពោះមុខសភា អ្នកទទួលខុសត្រូវនៃក្រសួងការពារជាតិអាមេរិកបានអះអាងថា ករណី ចិនចង់ក្រសោបយកតៃវ៉ាន់ ដោយប្រើអន្តរាគមន៍យោធា គឺពុំងាយដូចគិតទេ ពោលគឺនឹងជួបភាពស្មុគស្មាញខ្លាំងណាស់។ ផ្ទុយទៅវិញ ប៉េកាំងអាចនឹងប្រើយុទ្ធសាស្ត្រយោបាយបិទខ្ទប់ដើម្បីបន្ថប់កោះតៃវ៉ាន់។ តែការបិទខ្ទប់តៃវ៉ាន់បែបនេះ ក៏នឹងធ្វើឱ្យចិនជួបគ្រោះធំដែរ។
យុទ្ធសាស្ត្របិទខ្ទប់ដើម្បីក្រសោបយកតៃវ៉ាន់ មិនអាចសម្រេចជោគជ័យបានទេ។ តែអាចនឹងធ្វើឱ្យសាធារណរដ្ឋប្រជាមានិតចិនត្រូវប្រឈមនឹងចំណោទដ៏តានតឹងមហិមាមួយ ៖ តើប៉េកាំងបានសួរខ្លួនឯងហើយឬនៅថាត្រៀមនឹងវាយប្រហារនាវាដឹកទំនិញនានានោះ ? នេះជាទស្សនៈរបស់អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិទទួលបន្ទុកកិច្ចការសន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក Ely Ratner នៅចំពោះមុខគណៈកម្មការយោធានៃសភាជាតិអាមេរិក។
សម្រាប់លោកRatner ការបិទខ្ទប់នឹងជះឥទ្ធិពលប៉ះពាល់ដល់សហគមន៍អន្តរជាតិដែលច្បាស់ជាមិននៅស្ងៀមឡើយ និងជាអ្វីដែល ប៉េកាំងទំនងចង់ចៀសវាងឱ្យបាន។
នាយករងផ្នែកយុទ្ធសាស្ត្រ ផែនការនិងនយោបាយរបស់ទីបញ្ជាការដ្ឋានអន្តរយោធា លោកឧត្តមសេនីយ៍ Joseph McGee ក៏យល់ឃើញដូចគ្នាថា ការបិទខ្ទប់ អាចជាជម្រើសយុទ្ធសាស្ត្រមួយរបស់ចិន តែមិនមែនជាជម្រើសយោធាដែលទំនងខ្លាំងទេ។ និយាយវាស្រួលជាងធ្វើ។ តៃវ៉ាន់ជាកោះខណ្ឌចែកពីទ្វីប(ចិនដ៏គោក) ដោយសមុទ្ទ និងស្ថានភាពភូមិសាស្ត្រកោះជាភ្នំ ដែលរារាំងមិនឱ្យទាហានចិនចូលវាយលុកយកបានដោយស្រួលៗឡើយ។
ដើម្បីវាយយកតៃវ៉ាន់ ចិនត្រូវប្រមូលកម្លាំងទាហានរាប់សិបពាន់នាក់ ឬអាចដល់រាប់សិបម៉ឺននាក់ នៅលើឆ្នេរខាងកើតប្រទេស ដែលអាចផ្តល់សញ្ញាឱ្យឃើញច្បាស់ថាចិនត្រៀមបើកយុទ្ធនាការយោធា។ ឯប្រតិបត្តិការរបស់កងរថក្រោះមុជទឹកអមដោយការវាយប្រហារតាមផ្លូវអាកាសស្មុគស្មាញខ្លាំងណាស់។ នេះបើតាមការអះអាងរបស់អ្នកជំនាញអាមេរិកដដែល។
ប៉េកាំងតែងចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួនដែលត្រូវចាប់បង្រួបបង្រួមចូលក្នុងប្រទេសវិញនៅថ្ងៃណាមួយ ដោយប្រើកម្លាំងផងបើចាំបាច់។ រហូតមកទល់នឹងបច្ចុប្បន្ននេះ អាមេរិកសន្និដ្ឋានថា ពេលវេលាដែលប៉េកាំងអាចនឹងធ្វើអន្តរាគមន៍យោធាក្រសោបយកតៃវ៉ាន់គឺនៅម្តុំឆ្នាំ២០២៧។
ថ្មីៗកន្លងមកនេះ ចិនបានបង្កើនសមយុទ្ធបែបឡោមព័ទ្ធកោះនិងបញ្ជូនយន្តហោះនាវាចម្បាំងរំលោភចូលដែនទឹកនិងអាកាសតៃវ៉ាន់ស្ទើរជារៀងរាល់ថ្ងៃ។ កាលពីថ្ងៃចន្ទតៃប៉ិបានរាយការណ៍ថាក្នុងរយៈពេលតែ២៤ម៉ោង មានយន្តហោះចិនជាងមួយគ្រឿងបានហោះឆ្វែលព័ទ្ធកោះតៃវ៉ាន់។ សម្រាប់អាជ្ញាធរតៃវ៉ាន់នេះសកម្មភាពរំលោភបំពានចិនដ៏ច្រើនបំផុតមិនធ្លាប់មានទេ។ នៅសប្តាហ៍មុន ចិនក៏បានបញ្ជូនយន្តហោះនិងនាវាចម្បាំង មកសម្ញែងកម្លាំងដាក់តៃវ៉ាន់ក្នុងចំនួនដ៏ច្រើនជាលំដាប់ដែរ៕