Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា​-វៀតណាម ប្តេជ្ញារួមសហការគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយឲ្យខាងតែបាន

Admin Alynana | Sep 22, 2023
កម្ពុជា​-វៀតណាម ប្តេជ្ញារួមសហការគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយឲ្យខាងតែបាន
Clinic narith

ភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមប្តេជ្ញារួមគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាននិងការផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅក្នុងតំបន់អាស៊ាន និងផ្តល់ព័ត៌មានពិត ប្រកបដោយគុណភាព ព្រមទាំងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ។

ក្រសួងព័ត៌មាន បានឲ្យដឹងថា ​ការណ៍នេះធ្វើឡើងជំនួបទ្វេភាគីរវាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងលោក ង្វៀន ម៉ាញ់ហុង​ ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែល​រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាំង ប្រទេសវៀតណាមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

​រដ្ឋមន្ត្រី នេត្រ ភក្ត្រា​ បានលើកឡើងថា ព័ត៌មានក្លែងក្លាយ​បានធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងធ្វើឲ្យប៉ះពាល់ដល់សង្គម ហើយពេលខ្លះបង្កើតជាបញ្ហាចលាចល និងបំផ្លាញកិត្តិយសបុគ្គល ឬធ្វើឲ្យមានការយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តផងដែរ ហើយដែលយើងទាំងអស់គ្នាចាំបាច់ត្រូវសហការគ្នាក្នុងការបង្ការនិងទប់ស្កាត់ឲ្យខាងតែបាន។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសទាំងពីរក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មានដោយក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមស្វាគមន៍ និងត្រៀមខ្លួនផ្តល់នូវការគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការបញ្ជូនមន្ត្រីទៅបណ្តុះបណ្តាលនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន។ ​ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណ​ចំពោះរដ្ឋមន្ត្រី ង្វៀន ម៉ាញ់ហុង​ ​ដែលនាពេលកន្លងមក ក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមបានសម្របសម្រួលនិងផ្តល់ការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកកាសែតកម្ពុជា និងការគាំទ្រផ្នែកសម្ភារសម្រាប់បម្រើឲ្យការងារផ្សព្វផ្សាយ។

​ក្នុងគ្រានោះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសទាំងពីរបានឯកភាពលើការងារសម្របសម្រួលកសាងច្រកព័ត៌មានសម្រាប់ប្រទេសទាំងពីរដើម្បីផ្សព្វផ្សាយព័ត៌មានគ្នាទៅវិញទៅមក និងធ្វើឲ្យពលរដ្ឋទាំងពីរទទួលបានព័ត៌មានពីគ្នាទៅវិញទៅមកតាមរយៈការសហការរៀបចំដំណើរទស្សនកិច្ចទៅវិញទៅមករវាងក្រុមអ្នកកាសែតខ្មែរនៅវៀតណាម និងអ្នកកាសែតវៀតណាមមកកម្ពុជាដើម្បីបង្កើនការផ្សព្វផ្សាយព័ត៌មានពីគ្នាទៅវិញទៅមក៕