Alynana Media Cambodia
Icon Collap
clinic narit

អ្នកកោះអូគីណាវ៉ាបារម្ភពីមូលដ្ឋានទ័ពរបស់ជប៉ុន ចំពេលតូក្យូឱ្យចិនដកពោងបណ្តែតទឹកចេញពីកោះជម្លោះ

Media LNN | Sep 23, 2023
អ្នកកោះអូគីណាវ៉ាបារម្ភពីមូលដ្ឋានទ័ពរបស់ជប៉ុន ចំពេលតូក្យូឱ្យចិនដកពោងបណ្តែតទឹកចេញពីកោះជម្លោះ
Clinic narith

អភិបាលកោះអូគីណាវ៉ារបស់ជប៉ុន ដែលនៅក្បែរកោះតៃវ៉ាន់បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា ការបង្កើនល្បឿនសាងសង់មូលដ្ឋានទ័ពរបស់ជប៉ុនកំពុងធ្វើឱ្យប្រជាជននៅលើកោះនេះ មានការព្រួយបារម្ភខ្លាំង។ អភិបាលកោះរូបនេះថា លោកមិនជំទាស់នឹងការសាងសង់មូលដ្ឋានយោធាឱ្យកងទ័ពអាមេរិកឈរជើងនេះទេ តែគាត់ព្រួយបារម្ភពីបញ្ហាសន្តិសុខ ដែលវានៅកៀកនឹងតៃវ៉ាន់ ហើយលោកស្នើឱ្យរដ្ឋាភិបាលជប៉ុនគិតគូររកកន្លែងផ្សេងជំនួសវិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

ជប៉ុនក្រោមរដ្ឋាភិបាលលោក ហ្វូមីអូ គីស៊ីដា បានបង្ហាញពីកញ្ចប់ថវិកាការពារជាតិទ្វេដងកាលពីខែធ្នូ ឆ្នាំមុន។ នៅក្នុងកញ្ចប់ថវិកាថ្មីនេះ ជប៉ុនត្រូវទាញយកទំហំទឹកប្រាក់ប្រមាណជាង២%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ដើម្បីចាក់បញ្ចូនក្នុងវិស័យយោធា ដែលមានប្រមាណជាង៥៤ពាន់លានដុល្លារ សម្រាប់រយៈពេលប្រាំឆ្នាំ។ បើតាមអ្នកតាមដានយោធា នេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ដែលជប៉ុនចំណាយលើយោធា។ គោលបំណងចម្បងគឺទីក្រុងតូក្យូចង់ប្រណាំងប្រជែងជាមួយចិន ដែលកំពុងយីយាតៃវ៉ាន់ និងអាងយ៉ាងនៅសមុទ្រចិនខាងត្បូង ដែលកំពុងបង្កការគំរាមកំហែងសន្តិសុខលើជប៉ុន។

មែនទែនទៅ ក្រោមការធ្វើទំនើបកម្មយោធានេះ អូគីណាវ៉ា គឺជាកន្លែងដ៏សំខាន់មួយសម្រាប់ការសាងសង់មូលដ្ឋានយោធាឱ្យកងទ័ពអាមេរិកឈរជើង។ ទោះយ៉ាងណា អូគីណាវ៉ា ដែលនៅមិនធ្ងាយប៉ុន្មានពីកោះតៃវ៉ាន់ ត្រឹមតែ៧១៦គីឡូម៉ែត្រត្រូវបានគេមើលឃើញថា គឺជាទីតាំងយុទ្ធសាស្ត្រដ៏ល្អសម្រាប់កងទ័ពអាមេរិកឃ្លាំមើល និងទប់ទល់នឹងយោធាចិនក្នុងតំបន់ តែវាក៏មានហានិភ័យដែរ ប្រសិនជម្លោះកើតឡើង។ ដូច្នេះហើយលោក Denny Tamaki អភិបាលកោះរដ្ឋបាលអូគីណាវ៉ាបានថ្លែងក្នុងជំនួបជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីដើមសប្តាហ៍នេះថា លោកចង់ឱ្យពិភពលោកគាំទ្រការជំទាល់របស់លោកចំពោះរដ្ឋាភិបាលជប៉ុនខ្លួនឯង និងស្នើឲ្យសាងសង់មូលដ្ឋានទ័ពនៅកន្លែងផ្សេងជំនួសឱ្យអូគីណាវ៉ា។

បើតាមលោក ដេនី ប្រជាជនរស់នៅភាគច្រើនជំទាស់នឹងការសាងសង់នេះ ខណៈរដ្ឋាភិបាល ក៏មិនបានពន្យល់ និងប្រាប់អំពីគម្រោងពន្លឿនការសាងសង់នេះដែរ។ លោកថា លោកមិនចង់ឱ្យប្រជាជននៅអូគីណាវ៉ាឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់ ដូចកាលសង្គ្រាមលោកលើកទីពីរទេ។ អ្នករស់នៅអូគីណាវ៉ាជាងមួយភាគបីបានស្លាប់កាលពីពេលនោះ នៅពេលដែលកងទ័ពអាមេរិកវាយប្រហារបណ្តេញកងទ័ពជប៉ុនពីលើកោះនេះ។

ស្របពេលជាមួយគ្នា កាលពីពេលថ្មីនេះជប៉ុនកំពុងទាមទារឱ្យចិនដកពោងបណ្តែតទឹកមួយចេញពីកោះជម្លោះសិនកាគូ ដែលទីក្រុងប៉េកាំងហៅ«កោះដាយយូ»។ ពោងបណ្តែតទឹកនោះត្រូវបានជប៉ុនរកឃើញនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ ទោះយ៉ាងណា មិនទាន់មានការឆ្លើយតបពីប្រទេសចិនទេ។ នៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) អាចមានចម្ងាយ៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃប្រទេសមួយ។

សិនកាគូ ដែលមានចម្ងាយប្រមាន៣៥១គីឡូម៉ែត្រពីឆ្នេរភាគនិរតីនៃកោះអូគីណាវ៉ា ត្រូវបានគ្រប់គ្រងដោយប្រទេសជប៉ុនតាំងពីឆ្នាំ១៨៩៥។ ប្រទេសចិន និងតៃវ៉ាន់ក៏ទាមទារកោះនេះថា ជារបស់ខ្លួនដោយផ្អែកលើប្រវត្តិសាស្ត្រ។ កោះសិនកាគូឬដាយយូ នៅតែជាដុំថ្មក្តៅមួយក្នុងចំណោមថ្មក្តៅផ្សេងទៀតក្នុងសមុទ្រចិនរវាងជប៉ុន និងចិនមកដល់ពេលបច្ចុប្បន្ននេះ៕