Alynana Media Cambodia
Icon Collap
clinic narit

ស្ថានទូតកូរ៉េខាងត្បូង វាយតម្លៃខ្ពស់លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកូរ៉េ និងកម្ពុជា

Admin Alynana | Sep 23, 2023
ស្ថានទូតកូរ៉េខាងត្បូង វាយតម្លៃខ្ពស់លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកូរ៉េ និងកម្ពុជា
Clinic narith

នៅល្ងាចថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបុណ្យជាតិ និងរម្លឹកខួបលើកទី៧៥ នៃកងទ័ពជាតិកូរ៉េ នៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ។

ក្នុងពិធីនេះ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយគ្នានេះ ក៏វត្តមានអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា រួមមានឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា

សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ មន្ត្រីអង្គទូតនានា ភាគីពាក់ព័ន្ធក្នុងវិស័យឯកជន និងប្រជាជនកូរ៉េប្រមាណជាង 300 នាក់បានចូលរួម។ 

នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម ឯកអគ្គរដ្ឋទូត PARK Jung-Wookបានថ្លែងអបអរសាទរចំពោះការចាប់ដំណើរការនីតិកាលទី៧ នៃរដ្ឋសភា និងរដ្ឋាភិបាលថ្មីរបស់កម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមមានសេចក្តីសោមនស្សរីករាយដែលបានឃើញការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងសកម្មរវាងប្រទេសទាំងពីរ រួមមានកិច្ចពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានដែលប្រារព្ធឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជារបស់ប្រធានរដ្ឋសភាកូរ៉េ ឯកឧត្តម KIM Jin-Pyoក្នុងខែកញ្ញានេះ។ លើសពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត PARK Jung-Wook បានធ្វើការវាយតម្លៃខ្ពស់លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកូរ៉េ និងកម្ពុជាលើវិស័យផ្សេងៗជាច្រើនដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ អភិវឌ្ឍន៍ ការពារជាតិ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន ហើយឯកឧត្តមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការគាំទ្រចំពោះបេក្ខភាពកូរ៉េក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។

កម្មវិធីនៅឆ្នាំនេះ មានការចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយស្ដីពីពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកចូលរួមយ៉ាងខ្លាំង។ វីដេអូផ្សព្វផ្សាយបញ្ជាក់ថា ពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ 'ការផ្លាស់ប្តូរដ៏អស្ចារ្យនៃពិភពលោកឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ'ដោយធ្វើការណែនាំស្ដីពីការបើកចំហអនាគតប្រកបដោយនិរន្តរភាព ដោយស្វែងរកដំណោះស្រាយចំពោះបញ្ហាទូទៅដែលកំពុងប្រឈមមុខនឹងមនុស្សជាតិ ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត។ វីដេអូផ្សព្វផ្សាយ បានសង្កត់ធ្ងន់ថា ទីក្រុងប៊ូសាន គឺជាទីតាំងដ៏ល្អបំផុត សមស្របក្នុងការទទួលធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ២០៣០ អាស្រ័យដោយកត្តាសក្ដានុពលភាពមួយចំនួនដូចជា ការដឹកជញ្ជូន ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ប្រពៃណីនិងសម័យទំនើប ព្រមទាំងបទពិសោធន៍ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិ ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការផ្សព្វផ្សាយអំពីពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ដោយរួមមានការជូននូវវត្ថុអនុស្សាវរីយ៍ពិព័រណ៌ពិភពលោកប៊ូសានឆ្នាំ២០៣០ ដល់អ្នកចូលរួមទាំងអស់ ហើយក៏បានបើកស្តង់ផ្សព្វផ្សាយរំលឹកខួបអនុស្សាវរីយ៍នៃកងទ័ពជាតិកូរ៉េផងដែរ។