(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បង្ហាញនៅក្នុងព្រឹត្តបត្រព័ត៌មានប្រចាំសប្តាហ៍ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ អំពី១៣ ចំណុច ដែលអ្នកជាប់ពន្ធមិនត្រូវធ្វើ ដើម្បីចៀសផុតពីការពិន័យទោសប្បញ្ញត្តិពីរដ្ឋបាលសារពើពន្ធ។
យោងតាមមាត្រា២៣៥ នៃច្បាប់ស្តីពីសារពើពន្ធ បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ ៥ លានរៀល ដល់ ១០ លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។ ១៣ ចំណុច ដែលត្រូវបានចាត់ជាអំពើរាំងស្ទះរួមមាន ៖
១-ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្តីពីសារពើពន្ធនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត
២-ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរព័ត៌មាននៃការចុះបញ្ជី
៣-ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ
៤-ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ
៥-ការមិនបានចេញវិក្កយបត្រ
៦-ការមិនផ្តល់ព័ត៌មាន ឬមិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ
៧-ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ញិកាគណនេយ្យឬឯកសារផ្សេងៗ
៨-ការមិនបានរក្សាបញ្ជិកាគណនេយ្យនិងឯកសារ ផ្សេងៗទៀត
៩-ការព្យាយាមរារាំងការកំណត់និងការប្រមូលពន្ធ
១០-ការកសាងឬផ្តល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំ
១១-ការលាក់ទុកឬបំផ្លាញចោលដោយចេតនានូវបញ្ជិកាគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានផ្សេងៗ
១២-ការចេញវិក្កយបត្រក្លែងបន្លំ
១៣-ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធចូលគ្រឹះស្ថានអាជីវកម្មដើម្បីកំណត់និងប្រមូលពន្ធ។
គួរជម្រាបថា បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ពី ៥ លានរៀល ដល់ ១០ លានរៀល តាមមាត្រា២៣៥ នៃច្បាប់ស្តីពីសារពើពន្ធ ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។