ប្រទេសរុស្ស៊ីបានហាមឃាត់នូវការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតទៅកាន់ពិភពលោកជាបណ្តោះអាសន្ន លើកលែងតែអតីតរដ្ឋចំនួនបួន ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
រដ្ឋាភិបាលរុស្សីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បត្តិ សប្តាហ៍មុន យ៉ាងដូច្នេះថា៖ «ការរឹតបន្តឹងបណ្តោះអាសន្ននឹងជួយធ្វើឲ្យទីផ្សារប្រេងឥន្ធនៈមានភាពឆ្អែត ដែលជាលទ្ធផលនឹងកាត់បន្ថយតម្លៃសម្រាប់អ្នកប្រើប្រាស់»។ ក្នុងនោះការហាមឃាត់នេះមិនអនុវត្តចំពោះប្រេងឥន្ធនៈដែលត្រូវបានផ្គត់ផ្គង់ក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលដល់សមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលដឹកនាំដោយទីក្រុងម៉ូស្គូ រួមមាន បេឡារុស្ស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថាន ឡើយ។
យ៉ាងណាមិញ លោក Pavel Sorokin អនុរដ្ឋមន្ត្រីថាមពលទីមួយរបស់រុស្ស៊ី បានបញ្ជាក់ថា ការហាមឃាត់នេះគឺគ្មានរយៈពេលកំណត់ទេ ហើយសកម្មភាពបន្ថែមទៀតនឹងអាស្រ័យលើភាពតិត្ថិភាពនៃទីផ្សារ និងលទ្ធផលជាក់ស្តែង។
គួរជម្រាបផងដែរថា ក្រោយការហាមឃាត់នេះបានធ្វើឲ្យតម្លៃប្រេងម៉ាស៊ូតនៅតំបន់អាស៊ីបានកើនឡើងកាលពីព្រឹកថ្ងៃសុក្រភ្លាមៗ ទោះបីជាអ្នកឃ្លាំមើលទីផ្សារជាច្រើនបានព្យាករណ៍ថាការទប់ស្កាត់នេះនឹងមិនមានរយៈពេលយូរក៏ដោយ៕