ពិតជារឿងដ៏គួរឱ្យរំភើបខ្លាំងមែនទែន ដែលថ្មីៗនេះមានក្រុមហ៊ុនល្បី១នៅប្រទេសចិន គឺក្រុមហ៊ុន Danong Agricultural Development Group បានចាប់អារម្មណ៍ខេត្ត ២នៅកម្ពុជា គឺខេត្តពោធិ៍សាត់និងខេត្តកំពង់ធំដើម្បីដាំដំណាំកសិកម្មសម្រាប់ធ្វើការនាំចេញផងដែរ។
ជាក់ស្តែង កាលពីកន្លងទៅក្រុមហ៊ុន Danong Agricultural Development Group ដែលដឹកនាំដោយប្រធានក្រុមហ៊ុន Zhao Shujie បានអញ្ជើញជួបប្រជុំពិភាក្សាអំពីគម្រោងវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តពោធិ៍សាត់ ។
ក្នុងជំនួបពិភាក្សានេះ លោកប្រធាន Zhao បានបង្ហាញបំណងចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវិនិយោគនៅក្នុងខេត្តពោធិ៍សាត់ដែលជាខេត្តដ៏មានសក្តានុពលនិងអំណោយផលទាំងអាកាសធាតុនិងភូមិសាស្រ្ត សម្រាប់ការវិនិយោគក្នុងវិស័យទាំង៤ដូចជា ១.បង្កាត់ពូជសត្វនិងដាំដំណាំពោត ២.ដាំស្មៅសម្រាប់ចំណីសត្វនិងនាំចេញ ៣.ចិញ្ចឹមសត្វនិងសាច់សត្វនាំចេញ និង ៤.ដំណាំដំឡូងមីសម្រាប់នាំចេញ។
ជាមួយគ្នានោះដែរ ថ្មីៗនេះក្រុមហ៊ុនក៏បានបង្ហើបរួចមកហើយថា Danong បានជ្រើសរើសយកខេត្តកំពង់ធំដើម្បីដាំកសិកម្មចំនួន៤ដើម្បី វិនិយោគនៅកម្ពុជាគឺ ១.ស្មៅប្រូតេអ៊ីនចំណីសត្វ ២.ពូជពោតក្រហម ៣.ឡូងមី និង ៤.ចិញ្ចឹមសត្វ គោនិងជ្រូក។ ផលិតផលទាំងអស់នេះគឺក្រុមហ៊ុននិងសហការជាមួយសម្ព័ន្ធ CACA ហើយនឹងទទួល ទិញវិញទាំងអស់សម្រាប់នាំចេញទៅប្រទេសចិន។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Danong បានបង្ហាញគ្រាប់ពូជពោតក្រហម និងផលិតផលដំណាំស្មៅចំណីសត្វ ដែល មានជាតិប្រូតេអ៊ីនខ្ពស់ (៣០%) ហើយពេលនេះមនុស្សក៏ អាចទទួលទានបានដែរពីការកែច្នៃចេញ ជាម្សៅ ជានំ ជាសរសៃមី ឬគុយទាវ ឬជាតែសម្រាប់ផឹកជាដើម។ ផលិតផលនេះគឺបង្កើតឡើងដោយ ក្រុមហ៊ុន Danong ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលចិន។ ដំណាំយុទ្ឋសាស្ត្រទាំងនេះ នឹង ធ្វើអោយកសិករទទួលបានប្រាក់ចំណូលខ្ពស់ជាងដំណាំប្រពៃណីរបស់យើងសព្វថ្ងៃផងដែរ៕