យោងតាមការជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាមុននេះបន្តិចបានឱ្យដឹងថា ការថតរូបភាពនិងវីដេអូនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ជាគោលការណ៍អាជ្ញាធរជាតិអប្សរាមិនមានការហាមឃាត់នោះទេចំពោះការថតរូបថតឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញនិងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា។
ដោយឡែកក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីផ្សព្វផ្សាយនិងអាចធ្វើឱ្យមានផលប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណ មរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងសារធារណជនទាំងអស់តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ចំពោះគោលបំណងមួយចំនួនដូចជា ៖
១.ការថតរូបភាព ភាពយន្ត ឬ វីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ចកម្ម ផលិតផល ឬបង្កើតជាអាជីវកម្មនានា។
២.ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍)ដើម្បីពិនិត្យភាពសមស្របនៃសម្លៀកបំពាក់ប្រពៃណីបុរាណ។ ការថតបែបនេះ មិនមានការបង់ប្រាក់នោះទេ។
៣.ការថតវីដេអូផ្សព្វផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនតេសចរណ៍ ឬមគ្គុទេសចរណ៍ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានាតាមប្រព័ន្ធអនឡាញជូនទៅអតិថិជនរបស់ខ្លួន។ រាល់ការផ្សព្វផ្សាយបែបនេះមិនមានការបង់ប្រាក់នោះទេ។
គួរបញ្ជាក់ផងដែរថា រាល់ការស្នើសុំថតរូបឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា សូមភ្ញៀវទេសចជាតិ និងអន្តរជាតិ ទាំងអស់ត្រូវធ្វើការទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា រៀងរាល់ម៉ោងធ្វើការ។ហើយអាជ្ញាធរជាតិអប្សរានិងធ្វើការឆ្លើយតបទៅម្ចាស់សំណើរក្នុងរយៈពេលយូរបំផុត ៥ថ្ងៃ នៃថ្ងៃធ្វើការ៕