Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អង្គការ​ស្បៀង​អាហារបង្ហាញ​ផែនការ​សង្គ្រោះ​បន្ទាន់​ដើម្បី​ជួយ​ពលរដ្ឋ​ស៊ូដង់​ ១០ ​លាន​នាក់ គ្រា​មាន​សង្គ្រាម

Admin Alynana | Sep 27, 2023
អង្គការ​ស្បៀង​អាហារបង្ហាញ​ផែនការ​សង្គ្រោះ​បន្ទាន់​ដើម្បី​ជួយ​ពលរដ្ឋ​ស៊ូដង់​ ១០ ​លាន​នាក់ គ្រា​មាន​សង្គ្រាម
Clinic narith

ប្រទេសកេនយ៉ា — កម្មវិធី​រយៈពេល​ ១២​ ខែ​របស់​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​ ហៅកាត់​ថា FAO មាន​គោល​បំណង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​កសិករ ​អ្នក​ចិញ្ចឹមសត្វ​ និង​សហគមន៍​នេសាទ​ស៊ូដង់​ដែល​រងផល​ប៉ះពាល់​ដោយ​សង្រ្គាម​ដែល​កំពុង​បន្ត។

អង្គការ ​FAO ​នឹង​បន្ថែម​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ចែកចាយ​គ្រាប់ពូជ​នា​ពេល​ថ្មីៗ​នេះ​ ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀង​ ដោយ​ក្តី​សង្ឃឹម​ក្នុង​ការផ្តល់​អាហារ​ដល់​មនុស្ស​ពី​ ១៣ ទៅ ១៩ លាន​នាក់​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​នេះ។ លោក ​Abdulhakim Elwaer ​គឺជា​តំណាង​ប្រចាំ​តំបន់​របស់​ អង្គការ​ FAO​ សម្រាប់​តំបន់​ជិតបូព៌ា ​និង​អាហ្វ្រិកខាងជើង។ លោក​និយាយ​ថា ផែនការ​ឆ្លើយតប​ជីវភាព​សង្គ្រោះ​បន្ទាន់​ (ELRP) ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អត់ឃ្លាន​និង​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ស៊ូដង់។

លោក​ថ្លែង​ថា៖ «ផែនការ​ឆ្លើយតប​ជីវភាព​សង្គ្រោះ​បន្ទាន់ ​(ELRP) ​មាន​គោលបំណង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជម្លោះ​នា​ពេល​ថ្មីៗ​នេះ​លើ​ជនងាយ​រងគ្រោះ ​ដោះស្រាយ​តម្រូវការ​បន្ទាន់​របស់​ពួកគេ​ និង​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការស្តារ​ឡើង​វិញ ​និង​ពង្រឹង​ភាពធន់​របស់​ពួកគេ​ ក្រៅពី​ការសម្រេច​បាន​នូវ​សន្តិសុខ​ស្បៀង​នៅ​កម្រិត​អប្បបរមា​សម្រាប់​ប្រជាជន​ទាំងមូល។ កសិកម្ម​នៅតែ​ជា​ខ្សែ​ជីវិត​នៅ​ស៊ូដង់»។

ប្រទេស​ស៊ូដង់​បាន​ធ្លាក់​ចូល​ទៅក្នុង​ជម្លោះ​ចាប់​ពីខែមេសា​ ដែល​បង្កឡើង​ដោយ​ការដណ្តើម​អំណាច​រវាង​កងកម្លាំង​ប្រដាប់​អាវុធ​ស៊ូដង់​ និង​ក្រុម​ប្រដាប់​អាវុធ​នៃ​កងកម្លាំង​គាំទ្រ​រហ័ស។ ជម្លោះ​នេះ​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ ​មនុស្ស​រាប់​លាន​នាក់​រត់​ចេញ​ពី​ផ្ទះ​សម្បែង​ និង​បាន​ជំរុញ​មនុស្ស​រាប់​លាន​នាក់​ទៀត​ឱ្យ​ស្វែង​រក​ការ​ជ្រកកោន​នៅ​ប្រទេស​ជិត​ខាង​ដើម្បីស្វែង​រក​អាហារ ​ឱសថ ​និង​ទីជម្រក។ ​កម្មវិធី​របស់​អង្គការ FAO ​មាន​គោល​បំណង​ជួយ​កសិករ ​អ្នកចិញ្ចឹម​សត្វ​ និង​អ្នកនេសាទ​នៅ​ទូទាំង​រដ្ឋ​ចំនួន​ ១៧​ ក្នុង​ប្រទេស។

លោក​ Mohamed Abdulrahman ​កសិករ​នៅ​រដ្ឋ Upper Nile ​នៃ​ប្រទេស​ស៊ូដង់​ បាន​សម្តែង​សុទិដ្ឋិ​និយម​ចំពោះ​ជំនួយ​នេះ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ កម្មវិធី​នេះ​នឹង​ជួយ​យើង ​និង​អ្នក​ផ្សេង​ទៀត​ឲ្យ​មាន​ទឹកចិត្ត​ស្វែងរក​ និង​រុករក​ជំនួយ​បែប​នោះ ​ហើយ​រៀបចំ​ខ្លួន​។ យើង​ត្រូវ​ការ​ជំនួយ​ខ្លាំង។ ជា​ការពិត​ ពលរដ្ឋ​ស៊ូដង់​ត្រូវ​ការ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ដោយសារ​ពួកគេបាត់បង់​រដ្ឋាភិបាល»។

ទីភ្នាក់ងារ​ជំនួយ​នេះ​បាន​និយាយ​ថា ​ក្នុង​រដូវប្រាំងនៅ​ប្រទេស​ស៊ូដង់​ ដែល​ចាប់ផ្តើម​ពី​ខែវិច្ឆិកា​ដល់​ខែឧសភា ​កសិករ​ដែល​ពឹងផ្អែក​លើ​ទឹកភ្លៀង​ប្រឈមនឹង​ការខ្វះខាត​ស្បៀង​អាហារ​ ខណៈ​ដែល​ម្ចាស់​បសុសត្វ​ប្រឈមនឹង​កង្វះទឹក​ និង​វាលស្មៅ​ ដែល​នាំឱ្យ​មាន​ការគំរាម​កំហែង​ដល់​ការ​ចិញ្ចឹម​ជីវិត។ យោង​តាម​ការព្យាករណ៍​របស់​កម្មវិធី​ដំណាក់កាល​សន្តិសុខ​ស្បៀង​រួម​បញ្ចូលគ្នា​ (IPC)​ ដែល​បាន​ចេញផ្សាយ​កាលពី​ខែមុន ​ប្រជាជន​ស៊ូដង់​ជាង​ ២០,៣ ​លាន​នាក់​ គឺ​គ្មាន​សុវត្ថិភាព​ស្បៀង​អាហារ​ ដោយ​មាន​ប្រាំមួយ​លាន​នាក់​ស្ថិតនៅកម្រិត​សង្គ្រោះ​បន្ទាន់​ពី​ភាព​អត់ឃ្លាន​ធ្ងន់ធ្ងរ។ លោក​ Abdulrahman ​និយាយ​ថា ​កសិករ​ស៊ូដង់ មិនត្រឹមតែ​ត្រូវការ​គ្រាប់ពូជ​ដើម្បី​ផលិត​អាហារ​ប៉ុណ្ណោះទេ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិតថា​ មិន​គ្រប់គ្រាន់​ទេ ​ពីព្រោះ​កសិករ​មិនត្រឹមតែត្រូវការ​គ្រាប់ពូជទេ។ ពួកគេ​ត្រូវការ​ប្រាក់​សម្រាប់​រៀបចំ។ ពួកគេ​ត្រូវការ​ប្រាក់​ដើម្បី​បន្ត​សកម្មភាព​កសិកម្ម​ផ្សេង​ទៀត»។

អង្គការ​ FAO ​បាន​និយាយ​ថា​ ការគាំទ្រ​ភាគច្រើន​សម្រាប់​គ្រួសារ​ដែល​ងាយរងគ្រោះ​ក្នុង​ការធ្វើ​កសិកម្ម ​និង​ការចិញ្ចឹម​សត្វ​នឹង​ត្រូវ​បាន​ផ្តល់​តាម​រយៈ​ជំនួយ​ជា​សាច់ប្រាក់ ​និង​កញ្ចប់​គាំទ្រជីវភាព​ រួមទាំង​គ្រាប់ពូជ ​និង​ឧបករណ៍​កសិកម្ម ​ចិញ្ចឹម​សត្វ ​និង​នេសាទ។ ​លោក Elmaer ​និយាយ​ថា​ ការ​អនុវត្ត​ផែនការ​របស់​ពួកគេ​ដោយ​ជោគជ័យ​អាច​ការពារ​វិបត្តិ​មនុស្សធម៌​ និង​ទុរ្ភិក្ស​នៅក្នុង​ប្រទេស​ស៊ូដង់។

«អង្គការ​ FAO ​មិន​ផ្គត់ផ្គង់​អាហារ​ដោយ​ផ្ទាល់​ដល់​បុគ្គល​ម្នាក់ៗ​ទេ ​ប៉ុន្តែ​ផ្គត់ផ្គង់​គ្រាប់ពូជ​ និង​យោបល់​ផ្នែក​កសិកម្ម​ដល់​កសិករ​ដែល​ពិតជា​អ្នកផលិត​ស្បៀង​ដល់​ប្រជាជន​រាប់ពាន់​នាក់។ ដូច្នេះ​ប្រសិន​បើ​យើង​ជួយ​ដល់​កសិករ​ ១,៥​ លាន​នាក់​នៅ​ស៊ូដង់​ក្នុង​រដ្ឋ​ចំនួន​ ១៤​ យើង​ កំពុង​ផ្តល់​អាហារ​ដែល​ ភាគច្រើន​ជា​បន្លែ ​និង​ផ្លែឈើ ​និង​គ្រាប់ពូជ​ដូចជា​ពោត ​និង​ស្រូវ​សាលី​ សម្រាប់​ប្រជាជន​ស៊ូដង់​ដ៏ច្រើន​នៅ​រដូវ​ប្រមូលផល​បន្ទាប់ ​ដែល​នឹង​កាត់បន្ថយ​ស្ថានភាព ​និង​វិបត្តិ បានយ៉ាងច្រើន»។

ទីភ្នាក់ងារ​កសិកម្ម​នេះ​បាន​និយាយ​ថា ​ខ្លួន​ត្រូវការ​ថវិកា​ចំនួន​ ១២៣​ លាន​ដុល្លារ​ ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន ​ដោយ​កម្មវិធី​នេះ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ខែសីហា​ ឆ្នាំ​២០២៤៕